លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា បានប្រកាសថាសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនដើម្បីលុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការពិភាក្សាគ្នានៅសេតវិមានជាមួយមេដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកស្រី អង់សាន ស៊ូជី។
ក្រោយពីកិច្ចប្រជុំរបស់ពួកគេនៅថ្ងៃពុធម្សិលមិញនេះ មេដឹកនាំទាំង២ បានថ្លែងទៅកាន់ពួកអ្នកកាសែតនៅក្នុងការិយាល័យ Oval Office របស់លោក។ ដោយលើកឡើងអំពីការផ្លាស់ប្តូរក្នុងវិស័យនយោបាយនិងសង្គម ដ៏គួរឲ្យកត់សម្គាល់ លោក អូបាម៉ា បានថ្លែងថា «សរអាឥឡូវនេះត្រៀមខ្លួនដើម្បីលុបចោលទណ្ឌកម្មសេដ្ឋកិច្ច ដែលយើងបានដាក់លើប្រទេសមីយ៉ានម៉ា អស់ពេលជាយូរមកហើយនោះ»។
ក្រោយពីការថ្លែងកត់សម្គាល់រួចមក អ្នកកាសែតម្នាក់បានស្រែកសួរលោកប្រធានាធិបតីថាតើនឹងធ្វើការលុបចោលទណ្ឌកម្មនេះនៅពេលណា។ លោក អូបាម៉ា បានឆ្លើយថា «នៅពេលឆាប់ៗខាងមុខនេះ»។
នៅពេលមុននេះ លោក អូបាម៉ា បានផ្ញើលិខិតមួយច្បាប់ជូនសភាសរអា ដោយនិយាយថារដ្ឋបាលរបស់លោក កំពុងតែខិតទៅរកការផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជូនប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានព្យួរកាលពីជាងម្ភ៉ៃឆ្នាំមុន ដោយសារអំពើរំលោភសិទ្ធិមនុស្ស។
ថ្លែងនៅពេលឈរទន្ទឹមជាមួយលោក អូបាម៉ា លោកស្រី អង់សាន ស៊ូជី បានថ្លែងអំណរគុណដល់លោក អូបាម៉ា ផ្ទាល់ចំពោះការដែលលោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានាធិបតីសរអា។ លោកស្រីថែមទាំងថ្លែងអំណរគុណ ដល់សភាអាមេរិក ដែលបានដាក់ការគាបសង្កត់ដល់ប្រទេសមីយ៉ាន់ម៉ា ឲ្យមានការគោរពសិទ្ធិមនុស្សឡើងវិញ ប៉ុន្តែថាឥឡូវដល់ពេលឲ្យអាមេរិក ដកទណ្ឌកម្មទាំងអស់ហើយ៕