ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​រៀបចំ​ដក​ទណ្ឌកម្ម​ចេញ​ពី​មីយ៉ាន់ម៉ា

  • Cindy​ Saine​

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចាប់​ដៃ​លោកស្រី​ អង់សាន ស៊ូជី នៅ​ពេល​លោក​ទាំង​ពីរ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ការិយល័យ Oval Office នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា​ បាន​ស្វាគមន៍​មេដឹកនាំ​មីយ៉ាន់ម៉ា​ លោកស្រី​ អង់សាន ស៊ូជី នៅ​ឯ​សេតវិមាន​ និង​បាន​ប្រាប់​ពី​ដំណឹង​ល្អ​ដល់​លោកស្រី និង​សម្រាប់​សេដ្ឋកិច្ច​ដ៏​យាប់យ៉ឺន​របស់​ប្រទេស​លោកស្រី បន្ទាប់ពី​មាន​ភាព​ឯកោ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​នោះ។

មេដឹកនាំ​ទាំង​ពីរ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ដូចជា​កំណែ​ទម្រង់​ផ្នែក​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ុន្តែ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​ជឿនលឿន​យ៉ាង​ច្រើន​ ចាប់តាំង​ពី​លោក អូបាម៉ា បាន​ទៅ​សួរ​សុខទុក្ខ លោកស្រី​ អង់សាន ស៊ូជី ដែល​ពេលនោះ​លោកស្រី​ កំពុង​តែ​ស្ថិត​នៅក្នុង​ការ​ឃុំឃាំងក្នុង​ផ្ទះ​របស់​លោកស្រី។

នេះ​មិនមែន​ជា​ជំនួប​លើក​ទីមួយ​ទេ​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា ប៉ុន្តែ​ជំនួប​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ផ្សេង​គ្នា។

«ប្រសិន​បើ​អ្នក​បាន​ទស្សន៍ទាយ​កាល​ពី​៥​ឆ្នាំ​មុនថា ​លោកស្រី អង់សាន ស៊ូជី ឥឡូវ​នេះ​នឹង​អាច​អង្គុយ​នៅ​ទី​នេះ ជា​តំណាង​អ្នក​ជាប់​ឆ្នោត​របស់​ប្រទេស​លោកស្រី​ ​មនុស្ស​ជា​ច្រើន​ នឹង​មាន​ការ​មន្ទិលសង្ស័យ។ ប៉ុន្តែ វាជា​ដំណឹង​ល្អ​នៅ​ពេល​នេះ​ដែល​យើង​ឃើញ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ទិស​ដៅ​ផ្សេង​ពី​មុន»។​

បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ថ្ងែ​ពុធ​នៅ​ឯ​សេតវិមាន​មក​ លោក​ប្រធានាធិបតី​មាន​សេចក្តី​ប្រកាស​ដ៏​សំខាន់​មួយ។

«សហរដ្ឋ​អាមរិក​ឥឡូវ​នេះ​ ប្រុងប្រៀប​ដក​ចេញ​ទណ្ឌកម្ម ​ដែល​បាន​ដាក់​លើ​មីយ៉ាន់ម៉ា​ជា​យូរ​មក​ហើយ។​ ការណ៍​ធ្វើ​បែប​នេះ​ជា​រឿង​ត្រឹមត្រូវ ​ដើម្បី​ធានា​ថា​ ពលរដ្ឋ​មីយ៉ាន់ម៉ា​បាន​ឃើញ​ពី​ប្រយោជន៍​នៃ​វិធី​ថ្មី​នៃ​ការ​ធ្វើ​អាជីវកម្ម»។

លោកស្រី អង់សាន ស៊ូជី បាន​ថ្លែង​អំណរគុណ​ដល់​លោក​ប្រធានាធិបតី​ និង​សភា​សហរដ្ឋ​អាមេរិក ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​របប​យោធា​មីយ៉ាន់ម៉ា​ ក្នុង​គោល​បំណង​ឲ្យ​មាន​លិទ្ធិ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​ឥឡូវ​នេះជា​ពេល​វេលា​ដែល​ត្រូវ​ដក​ចេញ​ហើយ។

«ការ​រួបរួម​ក៏​ត្រូវ​ការ​ភាព​រុងរឿង​ដែរ​ ពីព្រោះ​ថា​ នៅ​ពេល​ណា​ដែល​មនុស្ស​ប្រយុទ្ធ​គ្នា​ លើស​ពី​ធនធាន​ដែល​ខ្លួន​មាន​នោះ​ ពួកគេ​ភ្លេច​ថា​ ការ​រួបរួម​គ្នា​គឺ​ជា​រឿង​សំខាន់»។

មេដឹកនាំ​ទាំង​ពីរ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទៅ​ទស្សនា និង​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​បាន​បញ្ជាក់​ថា ប្រទេស​មីយ៉ាន់ម៉ា​ជា​ប្រទេស ដែល​មាន​ធម្មជាតិ​ស្រស់​ស្អាត និង​មាន​កេរដំណែល​វប្បធម៌​ដ៏​សម្បូរ​បែប។

ប៉ុន្តែ​មេដឹកនាំ​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​ក្រើន​រំឭក​ប្រឆាំង​នឹង​ការ​ដក​ទណ្ឌកម្ម​ទាំង​ស្រុង​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ដោយ​បាន​ចង្អុល​បង្ហាញ​អំពី​ប្រវត្តិ​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងៗ​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ករណី​ដែល​ប្រទេស​មីយ៉ាន់ម៉ា​មិន​ខ្វាយខ្វល់​ចំពោះ​ស្ថានការណ៍​យ៉ាប់យ៉ឺន​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) ដែល​ជា​ក្រុម​ជនជាតិ​ភាគ​តិច​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ជាង​គេ​មួយ​នៅ​ក្នុង​ពិភពលោក។

លោកស្រី អង់សាន ស៊ូជី បាន​ថ្លែង​ពី​បញ្ហា​ជម្លោះ​ជាតិ​សាសន៍ ហើយ​បាន​និយាយ​ទៀតថា លោកស្រី​ចង់​ឃើញ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ទាំង​អស់ ទទួល​បាន​សិទ្ធិ​ពេញលេញ​ជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG