នៅក្រោយដំណើរការតែងតាំងមានភាពរអាក់រអួលនៅក្នុងព្រឹទ្ធសភាស.រ.អា.ដែលបានបណ្តាលឱ្យប្រទេសជាតិមានការខ្វែងគំនិតគ្នាយ៉ាងជូរចត់មក លោក Brett Kavanaugh ដែលជាសមាជិកថ្មីបំផុតនៃតុលាការកំពូលស.រ.អា.បានប្តេជ្ញាថានឹងពិចារណាអំពីករណីទាំងអស់ដោយការគោរពនិងដោយបើកចិត្តទូលាយ។
នៅក្រោយពិធីស្បថសច្ចាប្រណិធាននៅមុនលោកចូលកាន់តំណែងនៅថ្ងៃដំបូងនៅថ្ងៃអង្គារនេះ លោក Kavanaugh បាននិយាយនៅក្នុងបន្ទប់ខាងកើតនៃសេតវិមានថា «ជនជាតិអាមេរិកាំងទាំងអស់អាចត្រូវធានារ៉ាប់រងថាខ្ញុំនឹងក្លាយជាចៅក្រមម្នាក់ឯករាជ្យនិងមិនលម្អៀង»។
សមាជិក៨នាក់ទៀតនៃតុលាការខ្ពស់បំផុតនៃស.រ.អា. សមាជិកព្រឹទ្ធសភាស.រ.អា.មួយចំនួនខាងគណបក្សសាធារណរដ្ឋដែលមានសារៈសំខាន់ក្នុងដំណើរការតែងតាំងនេះ និងប្រធានាធិបតី Donald Trump បានចូលរួមក្នុងពិធីនេះនៅពេលដែលលោក Anthony Kennedy ចៅក្រមតុលាការកំពូលចូលនិវត្តន៍បានអានពាក្យសម្បថចូលកាន់តំណែងឱ្យលោក Kavanaugh ថាតាម។
លោក Kavanaugh បានប្រកាសថា «ដំណើរការតែងតាំងមានការខ្វែងគំនិតគ្នានិងការរំជួលចិត្តខ្លាំង។ នៅពេលនេះការណ៍ទាំងនេះចប់អស់ហើយ»។
លោក Kavanaugh បាននិយាយបន្ថែមថាតុលាការកំពូល «ជាស្ថាប័នមួយមិនប្រកាន់គណបក្ស ឬមិនមែនជាស្ថាប័ននយោបាយទេ» ដោយលោកបានសន្យាថាជា «អ្នកបំពេញការងារជាក្រុមនៅក្នុងក្រុមមួយមានសមាជិក៩នាក់»។
លោក Kavanaugh ក៏បានប្រកាសដែរថាស្មៀនផ្នែកច្បាប់ទាំងបួននាក់របស់លោកជាស្ត្រី «ដែលជាលើកដំបូងនៅក្នុងប្រវត្តិរបស់តុលាការកំពូលអាមេរិកាំង»៕