ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​បោះ​ឆ្នោត​គាំទ្រ​លោក Brett Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល


រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​​ John Roberts(ស្តាំ)​ផ្តល់​ការ​ស្បថ​សច្ចា​ដល់​ចៅ​ក្រម ​Brett Kavanaugh ក្នុង​បន្ទប់​សន្និសីទ​នៃ​អគារ​តុលាការ​កំពូល​។
រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​​ John Roberts(ស្តាំ)​ផ្តល់​ការ​ស្បថ​សច្ចា​ដល់​ចៅ​ក្រម ​Brett Kavanaugh ក្នុង​បន្ទប់​សន្និសីទ​នៃ​អគារ​តុលាការ​កំពូល​។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​អនុម័ត​គាំទ្រ​ការ​តែងតាំង​លោក Brett Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​មាន​ភាព​ប្រទាំង​ប្រទើស​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ផ្លូវ​ភេទ និង​ការ​រិះគន់​លើ​រូប​លោក​មក។

លោក Kavanaugh ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​តែងតាំង​ក្នុង​សំឡេង ៥០ ទល់​នឹង ៤៨។ លោក Steve Daines សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Montana អវត្តមាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ ដោយសារតែ​លោក​ចូលរួម​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូន​ស្រី​របស់​លោក។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី Lisa Murkowski សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Alaska បោះ​ឆ្នោត «អនុបវាទ» ដោយសារតែ​លោកស្រី​ប្រឆាំង​នឹង​ការ​តែងតាំង​លោក Kavanaugh។

នៅ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​បាន​បោះ​ឆ្នោត អ្នក​តវ៉ា​ដែល​ជា​សាធារណជន​ចូលរួម​មើល​ការ​បោះ​ឆ្នោត​នេះ បាន​ស្រែក​ពាក្យ​មួយ​ចំនួន​ដូចជា «ខ្ញុំ​មិន​យល់ព្រម» និង ‍«គួរ​ឲ្យ​អាម៉ាស់» ជា​ដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អនុ​ប្រធានាធិបតី Mike Pence ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​រក្សា​សណ្ដាប់ធ្នាប់។

បន្ទាប់ពី​ការ​បោះ​ឆ្នោត​នោះ​មក លោក​ប្រធានាធិបតី Donald Trump បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​សូម​សរសើរ និង​អបអរសាទរ​ព្រឹទ្ធសភា​ដែល​បាន​បោះ​ឆ្នោត​អនុម័ត​តែងតាំង​លោក Brett Kavanaugh ដែល​ជា​បេក្ខជន​ដ៏​អស្ចារ្យ​របស់​ពួក​យើង ជា​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក‍»។

លោក Kavanuagh ចូល​កាន់​តំណែង​ចៅក្រម​តុលាការ​កំពូល ដែល​ជា​តំណែង​មួយ​ជីវិត​នេះ​ជំនួស​លោក​ចៅក្រម Anthony Kennedy ដែល​ចូល​និវត្តន៍។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា លោក Kavanaugh ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក Trump នេះ នឹង​ធ្វើ​ឲ្យ​ខាង​អភិរក្ស​និយម​មាន​សំឡេង​ភាគ​ច្រើន​គឺ ៥ ទល់​នឹង ៤ នៅ​ក្នុង​តុលាការ​កំពូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG