ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ថ្មី​នៃ​ទីភ្នាក់ងារ USAGM បញ្ឈប់​តំណែង​មេដឹកនាំ​ទីភ្នាក់ងារ​ក្រោម​បង្គាប់​មួយ​ចំនួន


រូបឯកសារ៖ លោក Michael Pack នាយក​ប្រតិបត្តិ​ថ្មី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល USAGM ក្នុងសវនាការតែងតាំងរូបលោកជានាយកប្រតិបត្តិ នៅវិមានសភាអាមេរិក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

នាយក​ប្រតិបត្តិ​ថ្មី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល USAGM ដែល​ជា​ទីភ្នាក់ងារ​មើល​ការ​ខុស​ត្រូវ​លើ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត បាន​បញ្ឈប់​តំណែង​មេដឹកនាំ​បណ្ដាញ​ផ្សព្វផ្សាយ​មជ្ឈិម​បូព៌ា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព។

លោក Michael Pack ដែល​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ទីភ្នាក់ងារ USAGM នេះ បាន​ចេញ​វិធានការ​ដូច​នេះ​ នៅ​ក្នុង​ការ​ជូន​ដំណឹង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ពុធ។

ទីភ្នាក់​ងារ​ព័ត៌មាន Associated Press បាន​រាយការណ៍​ថា លោក Pack មិន​បាន​ផ្ដល់​មូលហេតុ​ជាក់លាក់​សម្រាប់​ការ​បញ្ឈប់​មេដឹកនាំ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្សេងៗ​ពី​តំណែង​នេះ​ទេ គ្រាន់តែ​បញ្ជាក់​ថា លោក​ធ្វើ​ដូច្នេះ​គឺ​ស្រប​ទៅ​តាម​សិទ្ធិ​អំណាច​របស់​លោក ​ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ទីភ្នាក់ងារ USAGM តែ​ប៉ុណ្ណោះ។

មេដឹកនាំ​កំពូល​ពីរ​រូប​នៃវីអូអេ គឺ​អ្នកស្រី Amanda Bennett ប្រធានវីអូអេ និងអ្នកស្រី Sandy Sugawara ​អនុ​ប្រធានវីអូអេ បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក Bob Menendez ដែល​ជា​សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា បាន​រិះគន់​ចំណាត់ការ​របស់​លោក Pack ដោយ​បាន​និយាយ​ថា គេ​អះអាង​ថា «លោក Pack កំពុង​បំពេញ​បេសកកម្ម​នយោបាយ​មួយ​ ដើម្បី​បំផ្លាញ​ឯករាជ្យភាព​របស់​ទីភ្នាក់ងារ USAGM និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​ទីភ្នាក់ងារ​នេះ»។

លោក Menendez បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ថា៖ «ការ​បញ្ឈប់​ពី​តំណែង​របស់​មេដឹកនាំ​នៃ​បណ្ដាញ​នានា​របស់​ទីភ្នាក់ងារ USAGM និង​ការ​រំសាយចោល​នូវ​ក្រុម​ប្រឹក្សា​នាយក ដើម្បី​ដំឡើង​ក្រុម​មនុស្ស​ដែល​ជា​សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោក​ប្រធានាធិបតី Trump គឺ​ជា​ការ​រំលោភ​ជាក់ស្ដែង​លើ​ប្រវត្តិ និង​បេសកកម្ម​របស់​ទីភ្នាក់ងារ USAGM ដែល​ប្រហែលជា​នឹង​មិន​ងាយ​ស្ដារ​ឡើង​វិញ​បាន​ទេ»។

លោក​ Menendez បន្ថែមថា៖ «ការ​វាយ​ប្រហារ​លើក​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ថ្មី​ចុង​ក្រោយ ប៉ុន្តែ​មិន​មែន​ជា​ការ​វាយ​ប្រហារ​ចុងក្រោយ​នោះ​ទេ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក Trump ដើម្បី​បម្លែង​ស្ថាប័ន​នានា​របស់​សហរដ្ឋ​អាមេរិក​ ដែល​ចាក់​ឬស​ចាក់​គល់​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ ឲ្យ​ក្លាយទៅជា​ឧបករណ៍​សម្រាប់​គោលបំណង​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី Trump»។

នៅ​ក្នុងសារ​អ៊ីម៉ែល​លើក​ទី​មួយ​របស់​លោក​ទៅ​កាន់បុគ្គលិក​វីអូអេ កាល​ពី​ថ្ងៃ​ពុធ លោក Pack បាន​សរសេរ​ថា លោក «តាំង​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ដើម្បី​គោរព​តាម​ធម្មនុញ្ញ​របស់​វីអូអេ និង ឯករាជ្យ​ភាព​របស់អ្នក​យក​ព័ត៌​មាន​ដ៏​ក្លាហាន​របស់​យើង​នៅ​ជុំ​វិញ​ពិភពលោក‍»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG