ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អាមេរិក​ថ្មី​ផ្ញើ​សារ​អបអរ​ជា​ខ្មែរ​ មុន​​ចាប់​ផ្តើម​បេសកកម្ម​ផ្លូវការ​​នៅ​កម្ពុជា


កិច្ច​ជំនួប​ក្រៅ​ផ្លូវការ​រវាង​លោក ជុំ​ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក និង​លោក William Heidt ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ដែល​ទើ​បទទួល​បាន​ការ​តែងតាំង ប្រារព្ធ​ធ្វើ​ឡើង​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA)
កិច្ច​ជំនួប​ក្រៅ​ផ្លូវការ​រវាង​លោក ជុំ​ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក និង​លោក William Heidt ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ដែល​ទើ​បទទួល​បាន​ការ​តែងតាំង ប្រារព្ធ​ធ្វើ​ឡើង​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA)

​លោកWilliam A.Heidt ឯកអគ្គរដ្ឋ​ទូតតែង​តាំង​​ថ្មី​នេះ​ ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ម្តង​ហើយ​ក្នុង​តំណែង​ជា​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​អាមេរិក​​កាល​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​១៩៩៩។​

លោក វិល្លៀម ហែដ៍ (William A.Heidt) នឹង​ធ្វើ​ដំណើរ​ទៅប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ចូល​កាន់​តំណែង​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បន្ត​ពី​លោក​ William Todd​ ដែល​ទើប​បញ្ចប់​អាណត្តិ។ លោកWilliam A.Heidt ​(ឬ​ខ្លី​ថា Bill Heidt) ឯកអគ្គរដ្ឋ​ទូត​តែង​តាំង​ថ្មី​នេះ​ រំពឹង​ថា​ នឹង​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ជាង​មុន។ ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ជា​អ្វី​ដែល​សាធារណជន​ចង់​ឃើញ​នៅ​ក្នុង​អាណត្តិ​ថ្មី​របស់​ឯកអគ្គរដ្ឋ​ទូត​ថ្មី​នេះ។​

«ជម្រាប​សួរ! ខ្ញុំ​ Bill Heidt ខ្ញុំ​មាន​កិត្តិយស​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា បាន​តែងតាំង​ខ្ញុំ​ ជា​ឯក​អគ្គរដ្ឋទូត​ខ្មែរ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»

នេះ​គឺ​ជា​សម្តី​របស់​លោក William A.Heidt ដែល​ជា​ឯកអគ្គរដ្ឋ​ទូត​តែង​តាំងថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅប្រទេស​កម្ពុជា​ តាម​រយៈ​សារ​វីដេអូ​ខ្លី​មុន​បេសកកម្ម​មក​កម្ពុជាដែល​ត្រូវ​ចេញ​ផ្សាយ​ដោយ​វេបសាយ​របស់ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ។​

​លោកWilliam A.Heidt ឯកអគ្គរដ្ឋ​ទូតតែង​តាំងថ្មី​នេះ​ ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ម្តង​ហើយ​ក្នុង​តំណែង​ជា​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​អាមេរិកកាល​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​១៩៩៩។​ ក្នុង​បេសកកម្ម​របស់​លោក​អំឡុង​ពេល​នោះ លោក​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ជួយ​លើក​កម្ពស់​សន្តិសុខ​ស្បៀង​អាហារ​ ព្រម​ទាំង​ការពារ​បរិស្ថាន​ផង​ដែរ។

លោក ​William A.Heidt​ ឯកអគ្គរដ្ឋ​ទូត​ដែល​អាច​និយាយ​ខ្មែរ​យ៉ាង​ច្បាស់​នោះ ក៏​បាន​រៀបការ​ជាមួយស្ត្រី​ខ្មែរ​គឺ​លោកស្រី​ មនោ សុធី ​ដែល​លោកស្រី​ក៏​បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​នេះ​ដែរ។

​នៅ​ក្នុង​វីដេអូ​ខ្លី​នេះ​ លោក​ឯកអគ្គរដ្ឋ​ទូត​តែងតាំង​ថ្មី បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​លោក​ចំពោះប្រទេស​កម្ពុជា​ ដោយលោក ​William A. Heidt ឲ្យដឹង​ថា ​បេសកកម្ម​ការ​ទូត​ថ្មី​របស់​លោក​គឺ​ពង្រឹង​ចំណង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរឲ្យ​កាន់​តែ​រឹង​មាំ​ជាង​មុន។​

លោក​បាន​ថ្លែង​បន្ត​នៅ​ក្នុង​វីដេអូ​នោះ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​ដើម្បី​ឲ្យ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រជាជន​ខ្មែរ​ឲ្យ​បាន​ស៊ីជម្រៅ​ និង​ដើម្បី​ជំរុញ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​២​ឲ្យ​កាន់​តែរឹង​មាំ»។

មន្ត្រីទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​គឺ​លោក​ ជេយ រ៉ាម៉ាន (Jay Raman) បាន​ប្រាប់ VOA តាម​រយៈ​សារ​អេឡិកត្រូនិក ​ឬ ​អ៊ីមែល​ថា៖ «លោក ​William A. Heidt បាន​ចូល​ស្បថ​នៅ​ក្នុង​ពិធី​ស្បថ​កាន់​តំណែង​នៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​កន្លង​ទៅ​នេះ។​ លោក​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​នឹង​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ពេល​ដែល​លោក​ថ្វាយ​សារ​តាំង​ដល់​ព្រះមហាក្សត្រ​កម្ពុជា​ដែល​ជា​ប្រមុខ​រដ្ឋ»។​

បណ្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋអាមេរិក​មាន​ទំហំ​ជាង​៣.០០០​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ជាង​២.០០៨​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ស្ថិតិ​សហរដ្ឋ​អាមេរិក។​

​លោក​ស្រី​ ធីតា ឃឹះ​ នាយិកា​អង្គការ​សីលកា រំពឹង​ថា ​វត្តមាន​នៃ​ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅប្រទេស​កម្ពុជា​នេះ​នឹង​អាច​ជំរុញ​ឲ្យ​មាន​ទំនាក់​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​សង្គមស៊ីវិល និង​រវាង​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​អាច​មានលំហូរ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគទុន​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​ផ្តល់​ជា​ផល​វិជ្ជមាន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។​

«ខ្ញុំ​យល់​ឃើញ​ថា​ គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក​មិន​បាន​ប្តូរ​ទេ ប៉ុន្តែ​មាន​ប្តូរ​តួអង្គ​ក្នុង​ការ​អនុវត្ត​ការងារ​បន្ត។ គាត់​មាន​បទពិសោធន៍​នៅ​ក្នុង​ប្រទេស​ម្ពុជា​យើង​ដែរ ដូច្នេះ​គាត់​ដឹង​ ហើយ​គាត់​អាច​ធ្វើ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​សង្ឃឹម​ថា​ កិច្ច​សហ​ប្រតិបត្តិការ ​ជាមួយ​សង្គម​ស៊ីវិល​នៅ​តែ​ជិត​ស្និទ្ធ​ដដែល ហើយ​នឹង​មាន​ការ​យល់​គ្នា​កាន់​តែ​ជ្រៅ​ទៅ​មុខ​ទៀត»។​

អ្នក​ស្រី​រំលឹក​ថា ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​រក្សា​សន្តិភាព​ក្នុង​តំបន់​ និង​ក្នុងពិភពលោក​ ជា​ពិសេស​គឺ​ទំនាក់ទំនង​ល្អ​រវាង​មហា​អំណាច​ដូច​ជា​សហរដ្ឋ​អាមេរិក ប្រទេស​រុស្សី និង​ប្រទេស​ចិន​ ជា​រឿង​សំខាន់​ដែល​អ្នក​ស្រី​ចង់​ឃើញ​ចំពោះ​អាណត្តិ​ថ្មី​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​ថ្មី​នេះ។

លោក ​William A. Heidt​ ឯកអគ្គ​រដ្ឋទូត​ថ្មី​នេះ​ នឹង​ចូល​មក​កាន់​តំណែង​បន្ត​ពីលោក William Todd ​ដែល​ទើប​បញ្ចប់​អាណត្តិ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥​នេះ។​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ លោក វិល្លៀម​ ថត​ (William Todd) បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការ​សរសេរ​អត្ថបទ​ប្លុក​របស់​លោក​ជុំវិញ​ប្រធានបទ​ច្បាប់​ស្តី​ពី​សមាគម​ និងអង្គការ​មិន​មែន​រដ្ឋាភិបាល។

លោក ​ឈាង វុន​ អ្នក​នាំពាក្យ​រដ្ឋសភា​ ហៅ​ការ​លើក​ឡើង​របស់​អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ William Todd ថា​ជា​ការ​ព្រហើន​ ហ៊ាន​លូក​ដៃ​ចូល​កិច្ចការឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា។​

លោក​ ផៃ​ ស៊ីផាន​ ឲ្យ​ដឹង​ថា មុខងារ​របស់​អ្នក​ការ​ទូត​ថ្មី​នេះ គឺ​ស្ថិត​នៅ​ក្នុង​ព្រំ​ដែន​នៃ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ និង​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋ​ទាំង​ពីរ​ដែល​មាន​កំណត់​ដោយ​ច្បាប់​អន្តរជាតិ។

«ទី១​ ខ្ញុំ​ជឿជាក់​ថា​ អគ្គរដ្ឋទូត​ដែល​តំណាង​សហរដ្ឋ​អាមេរិក​ ដែល​ចុះ​មក​ប្រកប​ការងារ​នៅ​កម្ពុជា​ហ្នឹង​ ជា​រឿង​មួយ​ដែល​បង្ហាញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ ​និង​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ជាតិ​ទាំង​២។ ខ្ញុំ​ជឿ​ថា ​មុខងារ​ទូត​គឺ​ទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិការ។ នេះ​ជា​មុខងារ​ទូត​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​នីតិ​អន្តរជាតិ​ ហើយ​យើង​រំពឹង​ថា ​គាត់​នឹង​អនុវត្ត​ទៅ​តាម​អ្វី​ដែល​មាន​ចែងក្នុង​ច្បាប់។ ហើយ​អ្វី​ដែល​គាត់​ធ្វើ​គឺ​តំណាង​ឲ្យ​កិច្ចការ​អាមេរិក។»

​មតិសាធារណជន​បាន​លើក​ឡើង​ថា​ សេរីភាព សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ យុត្តិធម៌​សង្គម​ បញ្ហា​ដីធ្លី​ កុមារ​អនាថា​ និង​វិស័យ​សុខាភិបាល ព្រម​ទាំង​លំហូរ​វិនិយោគ​ទុន​ និង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​ ជា​អ្វី​ដែល​ពួក​គេ​រំពឹង​ថា​នឹង​អាច​មាន​ដំណោះ​ស្រាយ​កាន់​តែប្រសើរ​ជាង​មុន។ នេះ​បើ​តាម​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ ​VOA៕

XS
SM
MD
LG