អាជ្ញាធរកម្ពុជា កំពុងតែរៀបចំធ្វើមាតុភូមិនិវត្តន៍ពលកររបស់ខ្លួនចំនួន៥៤នាក់ដែលអាជ្ញាធរឥណ្ឌូនេស៊ីបានជួយសង្គ្រោះចេញពីទូកនេសាទថៃ កាលពីពាក់កណ្តាលខែមេសា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ពលករខ្មែរទាំងនោះបានចាញ់បោកគេទៅធ្វើការលើទូកនេសាទថៃចំនួន៣ផ្សេងៗគ្នា ដោយសារការសន្យាថា នឹងទទួលបានប្រាក់បៀវត្សរ៍ច្រើន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងទៅបណ្តាញសារព័ត៌មាននៅថ្ងៃពុធនេះថា៖«នៅលើទូកពួកគេធ្វើការស្ទើរគ្មានពេលសម្រាក និងក្នុងស្ថានភាពដែលអាចគ្រោះថ្នាក់ដល់ជីវិត»។
លោកបានបន្ថែមថា៖ «ឥណ្ឌូនេស៊ីចាត់ទុកពលករទាំងអស់ជាជនរងគ្រោះ ដោយការជួញដូរមនុស្សពុំមែនជាអ្នកប្រព្រឹត្តបទល្មើសឡើយ»។
លោក សុន្ទរី បានបន្ថែមថា ស្ថានទូតកម្ពុជាកំពុងតែជំរុញការសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ ដើម្បីរៀបចំមាតុភូមិនិវត្តន៍ពលករទាំង៥៤នាក់ ក្នុងពេលឆាប់ៗខាងមុខ។
អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា ការប្រើប្រាស់ពលករដែលត្រូវគេជួញដូរកើតមានឡើងជាប្រព័ន្ធនៅក្នុងឧស្សាហកម្មនេសាទរបស់ថៃ ដោយសារខ្លួនត្រូវផ្គត់ផ្គង់គ្រឿងសមុទ្រទៅទីផ្សារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយនឹងជួបការលំបាក បើសិនជាគ្មានកម្លាំងពលកម្ម ដូចនេះសម្រាប់ធ្វើប្រតិបត្តិការ៕