ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​ពិនិត្យ​មើល​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ស្រី​រស់នៅ​បាន​យូរ​ជាង​មនុស្ស​ប្រុស


ក្រាហ្វិក​តំណាង​នារី​និង​បុរស
ក្រាហ្វិក​តំណាង​នារី​និង​បុរស

ស្ត្រី​រស់​នៅ​បាន​យូរ​ជាង​បុរស​នៅ​ទូទាំង​ពិភពលោក​ ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​ភ្ជាប់​ភាពខុសគ្នា​នៃ​ជន្មាយុរបស់ភេទ​ទាំង​ពីរ ទៅ​នឹង​មូលដ្ឋាន​ជីវសាស្រ្តនៃ​ការរស់រាន​មាន​ជីវិត។ ការសិក្សា​ថ្មី​មួយ​ទៅ​លើ​ថនិកសត្វព្រៃ​បាន​រកឃើញភាពខុសគ្នា​គួរ​ឲ្យ​កត់សម្គាល់​នៃ​អាយុកាល​និងចំណាស់​នៃ​ប្រភេទ​ថនិកសត្វ​ផ្សេងៗ។

ក្នុង​ចំណោម​មនុស្ស អាយុកាល​របស់​ស្ត្រី​ជាមធ្យម គឺ​ជិត ៨% យូរ​ជាង​អាយុកាល​របស់​បុរស។ ប៉ុន្តែ ក្នុង​ចំណោម​ថនិកសត្វព្រៃ សត្វញី​ចំនួន ៦០% នៃ​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​សិក្សា ជាមធ្យម​មាន​អាយុ​កាល​ ១៨,៦% យូរ​ជាង​អាយុកាលសត្វឈ្មោល។ សមាមាត្រ​ គឺ​ខុសគ្នា​គួរឲ្យ​កត់សម្គាល់​សម្រាប់​ក្រុម​ថនិកសត្វព្រៃ​ និង​មនុស្ស។

អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​មួយក្រុម​ដឹកនាំ​ដោយ​លោក Jean-François Lemaître មកពី​សាកលវិទ្យាល័យLyon (លីយ៉ុង) នៅ​ប្រទេស​បារាំង​ បាន​ប្រមូល​ព័ត៌មាន​អំពី​មរណភាព​ទាក់ទងនឹង​អាយុកាល​សម្រាប់​ថនិកសត្វ​ព្រៃ​ចំនួន ១៣៤ ក្រុម​ នៃ​ថនិកសត្វ​ព្រៃ​ចំនួន ១០១​ប្រភេទ។

លោក Jean-François Lemaître បាន​ថ្លែង​ថា៖

«វា​ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​សង្កេតមើល​ទៅ​ឃើញ​ថា គម្លាត​អាយុកាល​អាស្រ័យ​ទៅលើ​យេនឌ័រ​ ជាញឹកញាប់​លើសពី​អ្វី​ដែល​គេ​បាន​សង្កេត​ឃើញ​នៅក្នុងចំណោម​មនុស្ស​ទៅ​ទៀត ហើយ​ក្នុង​ចំណោម​ប្រភេទ​សត្វផ្សេងៗ​វិញ​រឹតតែ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង»។

លោក Tamas Székelyមកពី​សាកល​វិទ្យាល័យ Bath ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​អ្នកវិទ្យាសាស្រ្ត​នេះ បាន​និយាយ​ថា៖

«ឧទាហរណ៍​សត្វតោ​ញី​រស់នៅ​ក្នុងព្រៃ​មាន​អាយុ​យ៉ាងតិច ៥០% យូរជាង​សត្វតោ​ឈ្មោល»។

លោក Tamas Székely ថ្លែង​បន្ត​ទៀត​ថា៖

«កាលពីមុន​យើង​គិតថា សត្វតោឈ្មោល​អាយុខ្លីជាង​សត្វតោញី ដោយសារតែពួកវា​ប្រយុទ្ធគ្នា​ដណ្តើម​តោ​ញី ក៏ប៉ុន្តែ ការសិក្សា​រក​ឃើញ​ថា នោះ​មិនមែន​ជា​មូលហេតុ​ទេ»។

អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា គ្រប់​ប្រភេទសត្វ ទោះបី​ជា​សត្វញី​រស់នៅ​បាន​យូរ​ជាង​សត្វឈ្មោល​ក៏ដោយ ក៏​ហានិភ័យ​នៃ​ការស្លាប់​មិនមាន​ការកើនឡើង​ខ្ពស់​នៅក្នុង​ចំណោម​សត្វឈ្មោល​ជាង​សត្វញី​ទេ។ ដូច្នេះ​ពួកគេ​និយាយ​ថា ត្រូវតែ​មាន​កត្តា​ស្មុគស្មាញ​ផ្សេងទៀត ដូចជា​ស្ថានភាព​បរិស្ថាន​ដែល​សត្វរស់នៅ និង​ការលូតលាស់​ទៅ​តាម​ភេទ​សត្វ ការរស់រាន​មាន​ជីវិត និង​ការបន្ត​ពូជ តាម​រយៈប្រវត្តិ​នៃ​ប្រភេទ​សត្វ​ទាំង​នេះ។

ឧទាហរណ៍​អ្នកនិពន្ធ​នៃ​ការសិក្សា​នេះ​បាន​និយាយ​ថា សត្វឈ្មោល​ដែល​ដើរ​រកស៊ី​ចំណី អាចនឹងឆ្លងមេរោគផ្សេងៗ។ ចំណុច​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​នៅក្នុង​ប្រភេទ​សត្វចៀម​ដែល​មាន​ស្នែង​ចំនួន​បី​ក្បាល។

ទំហំ​នៃ​គម្លាត​អាយុ​កាល​ ក៏​អាច​ត្រូវ​បាន​កំណត់​ដោយ​ស្ថានភាព​បរិស្ថានក្នុង​មូលដ្ឋាន​ដោយ​ត្រូវ​ជ្រើស​រើស​រវាង​ការបន្តពូជ និង​ការរស់រាន​មាន​ជីវិត។ ក្នុងចំណោម​ប្រភេទ​សត្វ​ខ្លះ សត្វ​ឈ្មោល​ចំណាយ​កម្លាំង​ច្រើន​នៅក្នុង​ការប្រកួត​ប្រជែង​ផ្នែក​ផ្លូវភេទ និង​ការបន្តពូជ ដែល​អ្នកវិទ្យាសាស្រ្ត​និយាយ​ថា​ នេះ​អាច​នាំ​ឲ្យ​មាន​ភាពខុសគ្នា​កាន់តែ​ខ្លាំង​នៃ​អាយុកាល​ធ្វើ​ឲ្យ​សត្វ​ញី​រស់​បាន​កាន់​តែ យូរ​ជាង​សត្វ​ឈ្មោល។

លោក Tamas Székely ថ្លែង​បន្ត​ទៀត​ថា៖

«ការពន្យល់​មួយ​ទៀត​ដែល​អាច​យក​ជា​ការណ៍​បាន​ចំពោះ​អាយុកាល​ខុសគ្នា​អាស្រ័យ​ទៅ​លើ​ភេទ​នោះ គឺ​ការរស់រាន​មាន​ជីវិត​របស់​សត្វ​ញី​កើនឡើង​នៅ​ពេល​សត្វ​ឈ្មោលជួយ​មើល​ថែ​កូន​ខ្លះ ឬ ទាំងស្រុង។ ការផ្តល់​កំណើត​និង​ការមើលថែ​កូន គឺជា​កិច្ចការ​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​សត្វ​ញី ដូច្នេះ​ហើយ​ប្រសិនបើ​ទាំង​មេ​ទាំងបា​សហការណ៍គ្នា​ដើម្បី​ចិញ្ចឹម​កូនៗ​របស់​ពួកវា​នោះ វា​នឹង​អាច​ជួយ​ដល់​សុខភាព​របស់​សត្វ​ញី»។

ដើម្បី​វាស់វែង​ពី​វិសាលភាព​ដែល​ភាពខុសគ្នា​នៃ​ជីវសាស្ត្រ​រវាង​ភេទ​ប៉ះពាល់​ដល់​អាយុកាល​នោះ អ្នកវិទ្យាសាស្ត្រ​គ្រោង​នឹង​ប្រៀបធៀប​ទិន្នន័យ​ថនិកសត្វ​ព្រៃ​ជាមួយ​និង​ទិន្នន័យ​អំពី​ថនិកសត្វ​ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​សួនសត្វ ដែល​ពួកវា​មិន​ចាំបាច់​ប្រយុទ្ធ​ជាមួយ​នឹង​សត្វសាហាវ ឬ ប្រកួតប្រជែង​រក​ចំណី​អាហារ និង​សត្វ​ផ្សេងៗ​ទៀត។

អ្នកវិទ្យាសាស្រ្ត​សង្ឃឹម​ថា ការរកឃើញ​នេះ នឹង​ជួយ​ឲ្យ​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ជះឥទ្ធិពល​ដល់​អាយុ​កាល​របស់​មនុស្ស។ ក្នុងរយៈពេល ២០០ ឆ្នាំ​កន្លង​មក​នេះ អាយុកាល​ជាមធ្យម​របស់​មនុស្ស គឺ​យូរ​ជាង​ទ្វេដង​ ដោយសារ​ជីវភាព​រស់នៅ​មាន​ភាពប្រសើរឡើង និង​ការជឿនលឿន​ខាង​ផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែ ស្ត្រី​នៅតែ​បន្ត​រស់នៅ​បាន​យូរ​ជាង​បុរស ដែល​នេះ​ហាក់​បង្ហាញ​ថា​ដោយសារតែ​ភាពខុសគ្នា​ពីជីវសាស្ត្រ។

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​បុរស​អាមេរិកាំង​ជាមធ្យម នឹង​រស់នៅ​រហូត​ដល់​អាយុ ៧៦ ឆ្នាំ ចំណែក​ឯ​ស្ត្រី​នៅ​អាមេរិក​វិញ​មាន​អាយុ​ជាមធ្យម ៨១ ឆ្នាំ។ គេ​ក៏​រំពឹង​ថា ក្នុង​ពេល​វ័យ​ចំណាស់ ស្ត្រី​អាច​នឹង​មាន​សុខភាព​ល្អ​ជាង​បុរស​ដែរ។ អ្នកជំនាញ​បាន​និយាយ​ថា គម្លាត​នេះ​គឺ ដោយសារតែ​ភាពខុសគ្នា​នៃ​ជីវសាស្ត្រ និងសង្គម។

អរម៉ូន​តេស្តូស្តេរ៉ូន​ (testosterone) របស់​បុរស​ទាក់ទង​ទៅនឹង​ការថយចុះ​នៃ​ប្រព័ន្ធ​ការពាររាងកាយ​របស់​ពួកគេ​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​នៅពេល​ដែល​ពួកគេ​មាន​អាយុ​កាន់តែ​ច្រើន។ វា​ក៏ទាក់ទង​ទៅនឹង​ការប្រព្រឹត្ត​បែប​ប្រថុយប្រថាន​ផងដែរ​ដូចជា ការជក់​បារី​ ការផឹកស្រា និង​ទម្លាប់​បរិភោគ​ចំណី​អាហារ​មិន​ល្អ​ជាដើម។ ប្រសិនបើ​ធ្វើ​រោគ​វិនិច្ឆ័យ​ហើយ បុរស​ទំនង​ជា​ធ្វើតាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត តិច​ជាង​ស្ត្រី។ ស្ថិតិ​បាន​បង្ហាញ​ថា បុរស​ទំនងជា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត និង​អាច​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឬ ការឈ្លោះគ្នា​ដោយ​ប្រើ​កាំភ្លើង។

អ្នកនិពន្ធ​នៃ​ការសិក្សា​ថ្មីនេះ​បាន​និយាយ​ថា ភាពខុសគ្នា​រវាង​អាយុ​របស់​បុរស និង​ស្ត្រី គឺ​មាន​ស្មុគស្មាញ​ដោយសារតែ​ស្ថានភាព​បរិស្ថាន​ជុំវិញ និង​ជីវសាស្ត្រ​បន្តពូជ​។ ពួកគេ​និយាយ​ថា ការស្រាវជ្រាវ​បន្ថែម​ទំនង​ជា​អាច​ផ្តល់​នូវ «ការយល់ដឹង​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ចំពោះ​ឫសគល់​នៃ​ការវិវត្ត​និង​សរីរវិទ្យា​ដែល​ជា​ការបង្ហាញ​ភាព​ឈាន​ទៅ​រក​វ័យ​ចាស់​នៃ​ភេទ​ទាំងពីរ»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG