ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កុមារ​កម្ពុជា​​ប្រឈម​«ការ​បាត់​បង់​ការ​​រៀន​សូត្រ​យ៉ាង​ច្រើន» ​ក្នុង​ពេល​រាត​ត្បាត​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ កូនសិស្ស​ពាក់ម៉ាស់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​សាលា ភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​សិក្សា​ថ្មី​មួយ​របស់​ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​បាន​បង្ហាញ​ថា​ ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​បណ្តាល​ឲ្យ​មាន​«ការ​បាត់​បង់​ការ​រៀន​សូត្រ​យ៉ាង​ច្រើន»​របស់​កុមារ​កម្ពុជា។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​របស់​អង្គការ​យូនី​សេហ្វ ​ដែល​ជាដៃគូ​មួយ​គាំទ្រ​ក្រសួង​អប់រំ​សម្រាប់​ការ​សិក្សា​មួយ​នេះ។ ​

សេចក្តី​ប្រកាស​អង្គការ​យូនីសេហ្វ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា ការ​សិក្សា​នេះ​បង្ហាញ​នូវ​លទ្ធផល​ថ្មី​«គួរ​ឱ្យ​ភ្ញាក់​ផ្អើល»​អំពី​ការ​បាត់បង់​ការ​រៀន​សូត្រ​របស់​សិស្សានុសិស្ស​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​ដែល​ពួកគេ​ភាគ​ច្រើន​មិន​បាន​សិក្សា​រៀន​សូត្រ​ក្នុង​ថ្នាក់​រៀន។​ ការ​សិក្សា​នេះ​បាន​មក​ពី​ការ​វាយ​តម្លៃ​ចុង​ក្រោយ​របស់​ក្រសួង​អប់រំ​ទៅ​លើ​ការ​រៀន​សូត្រ​នៅ​ថ្នាក់​ទី៦ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ លើ​សិស្សា​នុសិស្ស​ជាង​៦​ពាន់​នាក់​នៅ​ក្នុង​សាលា​រៀន​ចំនួន​២៣០​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

ដោយ​ប្រៀប​ធៀប​ជាមួយ​ការ​វាយ​តម្លៃ​ដូចគ្នា​នៅ​ឆ្នាំ​២០១៦​ ភាគ​រយ​នៃ​សិស្សានុសិស្ស​ ដែល​មិន​អាច​បង្ហាញ​អំពី​ជំនាញ​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ភាសា​ខ្មែរ​ បាន​កើន​ឡើង​ពី​៣៤%ទៅ​៤៥% ​និង​ផ្នែក​គណិតវិទ្យា​បាន​កើន​ឡើង​ពី​៤៩%​ ទៅ​៧៤%។ ​នេះ​បើ​តាម​ការ​សិក្សា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​សាលា​រៀន​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បិទអស់​រយៈ​ពេល​២៥០​ថ្ងៃ​នៅ​ឆ្នាំ​២០២០ ​និង​២០២១ ​ដែល​ចំនួន​នេះ​ស្ទើរ​តែ​ស្មើ​នឹង​ពីរ​ភាគ​បី​នៃ​ឆ្នាំ​សិក្សា​ចំនួន​ពីរ​ឆ្នាំ។​

លោក ហង់ ជួន ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«លទ្ធផល​ទាំង​នេះ​គឺ​ជា​លទ្ធផល​គួរ​ឱ្យ​បារម្ភ។ ​យើង​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ជាមួយ​ដៃគូ​ទាំង​អស់​របស់​យើង ​ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការ​រៀន​សូត្រ​ពី​ចម្ងាយ ​នៅ​ពេល​សាលា​រៀន​បិទ​ទ្វារ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​រាត​ត្បាត។ ​ការ​សិក្សា​នានា​ក៏​បាន​បង្ហាញ​ថា ​វិធានការ​ទាំង​នេះ​ពិត​ជា​បាន​ជួយ​រក្សា​ការ​រៀន​សូត្រ​សម្រាប់​កុមារ​ជា​ច្រើន ​ប៉ុន្តែ​លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ការ​រៀន​សូត្រ​បាន​បញ្ជាក់​ថា ​សកម្មភាព​ទាំង​នេះ​មិន​ទាន់​គ្រប់​គ្រាន់ ​ដើម្បី​មក​បង្គ្រប់​មក​វិញ​ចំពោះ​សកម្មភាព​ទាំង​អស់​ ដែល​កុមារ​បាន​បាត់​បង់ ​នៅ​ពេល​ពួក​គេ​មិន​បាន​រៀន​សូត្រ​នៅ​ក្នុង​ថ្នាក់»។

ក្រសួង​អប់រំ​ក៏បាន​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួន​ដូចជា​ការ​កំណត់​ការ​បង្រៀន​មេរៀន​បំប៉ន​នៅ​ពេល​សាលា​រៀន​បើក​ឡើង​វិញ​ភ្លាម ​ប៉ុន្តែ​ក្រុម​ការងារ​បច្ចេក​ទេស​បាន​ព្រម​ព្រៀង​ថា ​វិធានការ​ទាំង​នេះ​ចាំបាច់​ត្រូវ​បាន​ពង្រីក និង​ពង្រឹង ​ដើម្បី​ជួយ​សិស្សានុសិស្ស​ឱ្យ​តាម​ទាន់​ការ​រៀន​សូត្រ​ តាមរយៈ​ការ​បង្កើន​ការ​ផ្ដោត​គោល​ដៅ​ទៅ​លើ​សិស្សា​នុសិស្ស​នៅ​ក្នុង​ស្ថានភាព​លំបាក​បំផុត ​ដែល​បាន​បាត់បង់​ការ​រៀន​សូត្រ​ច្រើន​បំផុត។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន៕

XS
SM
MD
LG