ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ធាង​ត្នោត៖ ការ​ចែក​រំលែក​ព័ត៌មាន​ដល់​សហគមន៍​ដីធ្លី​នៅតែ​ខ្វះខាត


រូបឯកសារ៖ ស្ត្រី​ម្នាក់​កំពុង ឈរ​សម្លឹង​មើល​គ្រឿង​ចក្រ​ចាក់​ថ្ម​ចូល​បឹង​តាមោក ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២២។​ (ហាន ​ណូយ/វីអូអេ)
រូបឯកសារ៖ ស្ត្រី​ម្នាក់​កំពុង ឈរ​សម្លឹង​មើល​គ្រឿង​ចក្រ​ចាក់​ថ្ម​ចូល​បឹង​តាមោក ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២២។​ (ហាន ​ណូយ/វីអូអេ)

របាយ​ការណ៍​ថ្មី​មួយ​របស់​សមាគម​ធាង​ត្នោត​រក​ឃើញ​ថា ​សហគមន៍​ចំនួន​ ១១ ​ក្នុង​រាជធានី​ភ្នំពេញ ​កំពុង​ជួប​ប្រទះ​បញ្ហា​ទាក់​ទង​នឹង​សិទ្ធិ​ដីធ្លី ​ការ​បណ្តេញ​ចេញ​ដោយ​អាជ្ញាធរ​ ហើយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទទួល​រង​នូវ​វិបត្តិ​ផ្លូវ​ចិត្ត ​និង​ការ​បាត់​បង់​លំនៅដ្ឋាន។ ​កង្វះ​ខាត​ការ​ផ្តល់​ព័ត៌មាន​ដល់​សហគមន៍​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ជា​បញ្ហា​មួយ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​ដែល​សមាគម​ធាង​ត្នោត​ចេញ​ផ្សាយ​នា​ថ្ងៃ​ពុធ​នេះ។​

សមាគម​ធាង​ត្នោត​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ​របាយការណ៍​នេះ​បាន​រក​ឃើញ​បញ្ហា​សំខាន់ៗ ​ដែល​សហគមន៍​ទាំង ​១១ ​ទីតាំង​កំពុង​ជួប​ប្រទះ ​រួមមាន​បញ្ហា​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី ​និង​លំនៅឋាន​ បញ្ហា​ជីវភាព​ ប្រាក់​ចំណូល​ធ្លាក់​ចុះ ​ការ​បាក់​ទឹកចិត្ត ​ការ​គំរាម​កំហែង​ដោយ​អាជ្ញាធរ ​និង​ការ​ចោទ​ប្រកាន់​ពី​តុលាការ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​ បញ្ហា​ទាំង​នេះ​កើត​មាន​ឡើង​ដោយ​សារ​កង្វះ​ការ​ចែក​រំលែក​ព័ត៌មាន ​ឬ​មិន​បាន​ដាក់​បញ្ចូល​សហគមន៍​ក្រីក្រ​ទាំង​នោះ​ក្នុង​ដំណើរ​ការ​ពិភាក្សា ​និង​ស្វែងរក​ដំណោះ​ស្រាយ​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍។​

សមាគម​ធាងត្នោត​បញ្ជាក់​ថា៖​ «ការណ៍​នេះ​បណ្តាល​ឱ្យ​សហគមន៍​ក្រីក្រ​ទាំង​នោះ​មិន​ទទួល​បាន​ឯកសារ​មួយ​ចំនួន ​ដែល​អាច​គាំទ្រ​ដល់​ការ​កាន់​កាប់​ដីធ្លី​របស់​ពួកគេ ​ហើយ​ជាលទ្ធផល ​នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​ពួក​គេ​ត្រូវ​បាន​តម្រូវ​ឱ្យ​ចាក​ចេញ ​ដើម្បី​យក​ដី​របស់​គេ​ទៅ​ឱ្យ​អ្នក​ផ្សេង ​ឬ​យក​ដី​ដែល​ពួកគេ​ធ្លាប់​កាន់​កាប់​ទៅ​អភិវឌ្ឍ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ ដែល​បង្កើត​ជា​អំពើ​អយុត្តិ​ធម៌​សង្គម»។​

បើ​តាម​សមាគម​ធាង​ត្នោត ​សហគមន៍​«គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​រួបរួម​គ្នា ​និង​តស៊ូ​មតិ» ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល។​

សហគមន៍​ទាំង​ ១១ ​នោះ ​រួម​មាន​សហគមន៍​សំរោង​ត្បូង​ ស្ទឹង​កំបុត ​បឹង​ឈូក​មានជ័យ​ទី ២ ​សាមគ្គី​រុង រឿង​ និង​សហគមន៍​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ឬ​ស្សីកែវ ច្បារ​អំពៅ​ជាដើម។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាង​ត្នោត ​លោក ​ស៊ាង ​មួយឡៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​ទាំង ​១១ ​នោះ ​នៅ​តែ​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​ដី​ធ្លី ​ក៏​ដូច​ជា​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ។ ​លោក​បន្ថែម​ថា​ បញ្ហា​ដែល​សហគមន៍​ជួប​ប្រទះ​ច្រើន​ជាង​គេ​គឺ​ពាក់ព័ន្ធ​នឹង​ដី​ធ្លី​ដែល​មិន​ទាន់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ ដូច្នេះ​ពួកគេ​ងាយ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ​ឬ​បង្ខំ​ឱ្យ​ចាក​ចេញ។​

លោក​ថ្លែង​ថា៖​ «នៅ​ពេល​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​កើត​ឡើង​គេ​តែង​តែ​សួរ​ថា​ អ្នក​ឯង​មាន​ប្លង់​កម្ម​សិទ្ធិ​អត់?​ ប្រជា​ពលរដ្ឋ​គាត់​អត់​ ដល់​អត់​ជា​ទូទៅ​ត្រូវ​បាន​ចាត់​ទុក​ថា​ គាត់​រស់​នៅ​ហ្នឹង​មិន​ទាន់​មាន​លក្ខណៈ​ជា​កម្ម​សិទ្ធិ ​ហើយ​ជា​លទ្ធផល​ គាត់​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយ​ក្រោម​ការ​ចាត់​ទុក​ថា​ ជា​អ្នក​កាន់​កាប់​ខុស​ច្បាប់​អ្វី​ជា​ដើម»។​

បើ​តាម​លោក ​ស៊ាង មួយឡៃ ​បញ្ហា​មួយ​ទៀត​ដែល​ប្រជា​ពលរដ្ឋ​ជួប​ប្រទេះ ​គឺ​ការ​មិន​ទទួល​បាន​ព័ត៌មាន​ ឬ​បញ្ចូល​ក្រុម​សហគមន៍​ទៅ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍។ ​លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ ​ហើយ​គួរ​រក​ដំណោះ​ស្រាយ​សមស្រប​សម្រាប់​អ្នក​រង​គ្រោះ។​

អ្នកស្រី ​សឿន ស្រីសុត ​អាយុ​ ៣៧​ ឆ្នាំ ​តំណាង​សហគមន៍​សំរោង​ត្បូង ​ក្នុង​ខណ្ខ​ព្រែកព្នៅ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នក​ស្រី​រួម​ទាំង​គ្រួសារ​ចំនួន ​៥ ​ទៀត ​ត្រូវ​បាន​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ឋាន​របស់​ពួក​គេ ​តាំង​ពី​ឆ្នាំ ​២០១៩​ ដោយ​ហេតុ​ថា ​ផ្ទះ​របស់​ពួកគេ​សាងសង់​លើ​ដី​រដ្ឋ​ ប៉ះ​ចំណី​ផ្លូវ​ និង​មូល​ហេតុ​ផ្សេងៗ​ទៀត។​ អ្នកស្រី​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​បាន​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។​

អ្នកស្រី​ថ្លែង​ថា៖​ «គាត់​(អាជ្ញាធរ)​ប្រើ​ពាក្យ​គំរាម​កំហែង​ថា​នឹង​ចុះ​មក​ចាក់​ដី​លើ​ដី​លំនៅឋាន​របស់​ពួក​ខ្ញុំ​កំពុង​តែ​នៅ​ឬ​ក៏​ប្រើ​កង​កម្លាំង​រុះ​រើ​ ប្រសិន​បើ​ពួក​ខ្ញុំ​តតាំង​ឬ​ក៏​រើ​បម្រាស​ណា​មួយ​ជា​មួយ​ពួក​គាត់​ ពួក​គាត់​នឹង​ប្រើ​វិធី​ផ្លូវ​ច្បាប់​ទៅ​លើ​ពួក​ខ្ញុំ​ដែល​ជា​ប្រជា​ពលរដ្ឋ​ដែល​ការពារ​ដី​លំនៅឋាន​ខ្លួន​ឯង​សោះ ​បែរ​ជា​រង​ការ​គំរាម​កំហែង​ខ្លាំង ​ហើយ​ពួក​ខ្ញុំ​កាន់​តែ​រើ ​កាន់​តែ​គេ​ជាន់»។​

អ្នកស្រី​បន្ថែម​ថា​ អ្នក​ស្រី​បាន​រស់​នៅ​ក្នុង​សហគមន៍​សំរោង​ត្បូង​អស់​រយៈ​ពេល​ ២០ ​ឆ្នាំ​មក​ហើយ ​មុន​នឹង​មាន​ការ​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​ ២០១៩។​

ចំណែក​លោក​ អ៊ី តារា ​ប្រជា​ពលរដ្ឋ​សហគមន៍​បឹង​ឈូកមានជ័យ​ថ្មី ២​ ប្រាប់​វីអូអេ​ថា​ ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ក្នុង​សហគមន៍​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី ​ដូច្នេះ​វា​បង្ក​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​រូប​លោក​និង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត។​

លោក​ថ្លែង​ថា៖​ «យើង​វា​អត់​មាន​បណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ​ត្រូវ​ប្រឈម ​ត្រូវ​គេ​ចង់​ដោះ​ដូរ​យើង​ទៅ​ណា​មក​ណា​ហ្នឹង​ស្រេច​លើ​គេ។ ​បើ​យើង​មាន​ប្លង់​ទៅ​វា​ស្រួល»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ធីម សំអាន​ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ​និង​លោក ​ម៉ូវ ម៉ានិត​ អភិបាល​ខណ្ឌ​សែនសុខ​ បាន​នៅ​ឡើយ​ទេ។​

លោក ​កើត ឆែ ​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ទាក់ទង​ទៅ​សមាគម​ធាង​ត្នោត​វិញ។​

លោក​បញ្ជាក់​ថា៖ ​«អត់​ទេ​សួរ​ខាង​គាត់​ ព្រោះ​គាត់​មិន​មាន​ធ្វើ​កិច្ច​ការ​ហ្នឹង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ ​ គាត់​ធ្វើ​ដោយ​ឯកតោ​ភាគី​ (ប៉ះពាល់​តែ​ម្ខាង)​ វាយ​តម្លៃ​ដោយ​ឯកតោភាគី ​អ៊ីចឹង​បើ​សិន​បើ​ក្មួយ​ចង់​សួរ​ខាង​យើង​ខ្ញុំ ​ ទាល់​តែ​ឯកសារ​ធ្វើការ​ជាមួយ​ខាង​យើង​ខ្ញុំ​បានធ្វើ​ការ​កើត»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​សមាគម​ធាង​ត្នោត​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវ​ចុះ​បញ្ជី​ដី​ឱ្យ​បាន​រួចរាល់​មុន​នឹង​អះអាង​ថា ​ប្រពល​រដ្ឋ​ក្រីក្រ​រស់​នៅ​លើ​ដី​រដ្ឋ ​និង​ត្រូវមាន​តម្លាភាព​ក្នុង​ការ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ ដោយ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​យ៉ាង​ពិត​ប្រាកដ​ពី​ប្រជា​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG