ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ


កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្រោយ​តុលាការ​កំពូល​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ដោយ​កាត់​ទោស​មេដឹកនាំ​សហជីព​ណាហ្កាវើលដ៍ អង្គការ​លីកាដូ ក៏​ដូចជា​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត រួម​ទាំង​បណ្តាញ​សហគមន៍​មួយ​ចំនួន​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ អតីត​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍។

ការ​អំពាវ​នាវ​របស់​អង្គការ​លីកាដូ មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សហគមន៍ សរុប​ចំនួន​៥០​ស្ថាប័ន រួមមានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស​ម្ព័ន្ធ​សហជីព​កម្ពុជា​(​CAT​U) និង​សហគមន៍​ដីធ្លី និង​ព្រៃ​ឈើ​មួយ​ចំនួន។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា​ការ​សម្រេច​តម្កល់​សាល​ក្រម​ផ្តន្ទា​ទោស​នឹង​ធ្វើ​ឱ្យ​កញ្ញា ស៊ីថរ បន្ត​ជាប់​ពន្ធនាគារ និង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ខ្លួន​ជន​ជាប់​ចោទ៧​នាក់​ផ្សេង​ទៀត​ទៅ​កាន់​ពន្ធ​នាគា​រ​ភ្លាម​ៗ​ផង​ដែរ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​កញ្ញា​ ​ស៊ី​ថ​រ​ ​ដោយ​ឥត​លក្ខខណ្ឌ និង​ផ្តល់​នូវ​សេរី​ភាព​ពេញ​លេញ​ដល់​ជន​ជាប់​ចោទ​ផ្សេង​ទៀត​អាច​រស់​នៅ​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​ពី​ការ​ចាប់​ដាក់​ពន្ធ​នាគារ ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ណាមួយ​»។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «នេះ​ជា​មធ្យោបាយ​មួយ​ចុង​ក្រោយ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មិន​ត្រឹមត្រូវ​មក​លើ​សមាជិក​សហជីព​មួយ​ចំនួនដែល​កំពុង​តស៊ូ​មតិ​ដើម្បី​សិទិ្ធ​កម្មករ។ អាជ្ញាធរ​ត្រូវតែ​គោរព​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត និង​ឈប់​ចាត់​ទុក​សកម្មភាព​អហិង្សា​របស់​សហជីព ជា​បទល្មើស​ព្រហ្មទណ្ឌ»។

កញ្ញា ឈឹម ស៊ីថរ ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៤​ ពី​រដ្ឋាភិបាល​ប្រទេស​ស៊ុយអ៊ែត ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬបង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​ត្រូវ​ជាប់​ពន្ធនាគារ​រយះពេល​២​ឆ្នាំ។

ក្រៅ​ពី​កញ្ញា ឈឹម ស៊ីថរ តុលាការ​កំពូល​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគា​រ​លើ​ជន​ជាប់​ចោទ​ចំនួន​៧​រូប​ផ្សេង​ទៀត​ដែល​ជា​អតីត​ ​និង​បច្ចុប្បន្ន​ថ្នាក់​ដឹកនាំ​ ​និង​ជា​សមាជិក​សហជីព​ណាហ្កាវើលដ៍ ដោយ​ត្រូវ​ជាប់​ឃុំ​ក្នុង​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​តវ៉ា​ឬ​ស្នើ​សុំ​គឺ​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ដែល​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន។ លោក​ថា​ការ​ស្នើ​សុំ​ក្នុង​រូបភាព​បែប​នេះ​មិន​ស្រប​ទៅ​តាម​ច្បាប់ ឬ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ដែល​ត្រូវ​យក​មក​ពិចារណា និង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ឡើយ។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ទីពីរ កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២២ ក្រោយ​ពេល​កញ្ញា​ត្រឡប់​មក​ពី​ចូលរួម​កិច្ចប្រជុំ​សហ​ព័ន្ធ​សហជីព​អន្តរ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ អាជ្ញាធរ​អះអាង​ថា​កញ្ញា ស៊ី​ថរ បាន​បំពាន​លក្ខខណ្ឌ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​ដែលហាម​ឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បើ​ទោះ​ជា​ពេល​នោះ មន្ត្រី​អន្តោប្រវេសន៍​ជា​អ្នក​អនុញ្ញាត​ឱ្យ​កញ្ញា​ចាក​ចេញ​ក៏​ដោយ។

ក្រោយ​ការ​កាត់​ទោស​កញ្ញា ឈឹម ស៊ីថរ ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បញ្ជាក់ថា​កញ្ញា ឈឹម ស៊ីថរ និង​អ្នក​ផ្សេង​ទៀត​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​សមាគម​និង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG