របាយការណ៍ថ្មីមួយរបស់អង្គការបន្ទាយស្រី ដែលជាអង្គការដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រីបន្តរកឃើញថា អំពើហិង្សាលើស្រ្តីផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទនៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជានៅតែកើតមានឡើង ដែលតម្រូវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
របាយការណ៍របស់អង្គការបន្ទាយស្រីដែលចេញផ្សាយជាសាធារណៈនាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ មានចំណងជើងថា «ការសិក្សាអំពីចំណេះដឹង ឥរិយាបថ និងការអនុវត្តទៅលើការបៀតបៀនផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងសហគមន៍» បានស្ទង់មតិក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលមានអ្នកចូលក្នុងការសិក្សាចំនួន ២៤០ នាក់។
អ្នកស្ទង់មតិប្រមាណ ៧១% បានរាយការណ៍ថា ពួកគេបានស្គាល់និងយល់ដឹងពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទ ខណៈមាន ១៣,៣%ប៉ុណ្ណោះធ្លាប់ត្រូវបានបៀតបៀនផ្លូវភេទនៅក្នុងសហគមន៍របស់ពួកគេ។ នេះបើតាមការរបាយការណ៍របស់អង្គការបន្ទាយស្រី។
របាយការណ៍ដដែលបន្តថា ជនរងគ្រោះដែលទទួលរងអំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទ ភាគច្រើនមិនសូវហ៊ានរាយការណ៍ ឬដាក់ពាក្យបណ្តឹងឡើយ ដោយសារតែពួកគេខ្លាចជនល្មើសមានអំណាយឬអាងខ្សែសាច់ញាតិជាអ្នកមានអំណាច ហើយពួកគេបារម្ភខ្លាចអ្នកដទៃដឹងរឿងធ្វើឱ្យប៉ះពាល់ដល់គ្រួសាររបស់ពួកគេ។
កញ្ញា ស្តើង ភារ៉ុង នាយិកាប្រតិបត្តិនៃអង្គការបន្ទាយស្រ្តី ថ្លែងនៅពិធីដាក់ផ្សាយរបាយការណ៍កាលព្រឹកថ្ងៃសុក្រថា បេសកកម្មរបស់អង្គការបន្ទាយស្រីធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិស្រ្តី និងការចូលរួមរបស់បុរសក្នុងសហគមន៍ ដើម្បីឱ្យមានសមភាពយេនឌ័រក្នុងសហគមន៍។ កញ្ញាបន្ថែមថា របាយការណ៍ដែលរកឃើញនេះអាចជាឯកសារយោងមួយនៅក្នុងការបង្កើតគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
កញ្ញាថ្លែងថា៖ «ការសិក្សាស្រាវជ្រាវខាងលើនេះក៏ជាផ្នែកមួយនៃការប្រមូលនៃទន្និន័យជាឯកសារយោងសម្រេចគោលនយោបាយ ការបង្កើតគោលនយោបាយ ក៏ដូចជាកម្មវិធីអប់រំ និងការតស៊ូមតិដើម្បីឱ្យមានការផ្លាស់ប្តូរការអនុវត្តគោលនយោបាយប្រកបទៅដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ»។
កញ្ញាបន្តថា អង្គការបន្ទាយស្រីនៅតែបន្តឃើញអំពើហិង្សាកើតមានឡើងក្នុងគ្រួសារ ការបៀតបៀនផ្លូវភេទ និងហិង្សាផ្អែកលើយេនឌ័របន្តកើតមានជារឿយៗនៅក្នុងសហគមន៍។
បើតាមការសិក្សារបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងឆ្នាំ ២០២០ ការបៀតបៀនផ្លូវភេទនៅកម្ពុជាគឺនៅតែជាបញ្ហាចម្បងមួយ ដែលក្នុងនោះមានស្ត្រីប្រមាណ ៤០ទៅ៦០% និងបុរស ១០% ត្រូវបានយាយី និងបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។
លោក Christopher Kelly នាយកស្តីទីបេសកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា ដែលជួយគាំទ្រគម្រោងនេះ បានថ្លែងក្នុងពិធីបង្ហាញរបាយការណ៍របស់អង្គការបន្ទាយស្រីថា អំពើហិង្សាផ្អែកលើយេនឌ័រគឺជាការរំលោភទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមួយ ដែលជាគំរាមកំហែងដល់សុខមាលភាព និងសុវត្ថិភាព។ លោកបន្តថា អំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទកើតមានគ្រប់ទីកន្លែង មិនថាទីសាធារណៈ កន្លែងឯកជន និងកន្លែងធ្វើការក្តី។
លោកថាទីភ្នាក់ងារ USAID នឹងបន្តធ្វើការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។
លោកថ្លែងជាភាសាអង់គ្លេស និងមានការប្រែសម្រួលថា៖ «អង្គការ USAID បាន គាំទ្រអង្គការបន្ទាយស្រីតាមរយៈកម្មវិធីយេនឌ័រអំពើហិង្សាជាមូលដ្ឋាន ដោយការពារឆ្លើយតបទៅនឹងយេនឌ័រ និងជំរុញស្រ្តីក្នុងសេដ្ឋកិច្ចដើម្បីធ្វើការជាមួយគ្នានឹងអង្គការបន្ទាយស្រី និងអង្គការដទៃទៀត»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារីបាននៅឡើយទេ។
យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងក្នុងឱកាសអបអរទិវាអន្តរជាតិនារី ៨មីនានាឆ្នាំនេះថា វត្តមានស្ត្រីកម្ពុជាពិតជាសំខាន់ នៅក្នុងការជួយសម្រួលជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចនៅក្នុងសង្គម ហើយរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំដាក់ចេញនូវគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ គោលនយោបាយគាំទ្រដល់សហគ្រិនស្រ្ដី គោលនយោបាយត្រួតពិនិត្យបន្ថែមទៅលើប្រព័ន្ធគាំពារសង្គម គោលនយោបាយដោះស្រាយបញ្ហាគម្លាតយេនឌ័រលើវិស័យឌីជីថល និងលើកកម្ពស់ស្រ្ដីក្នុងវិស័យផ្សេងៗនិងក្នុងគ្រួសារផងដែរ។
របាយការណ៍របស់អង្គការបន្ទាយស្រីក៏បានផ្តល់អនុសាសន៍មួយចំនួនដោយស្នើដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងសាលារៀនគួរតែបន្តជួយផ្សព្វផ្សាយព័ត៌មាន និងធនធានស្តីពីការការពារ និងដោះស្រាយការបៀតបៀនផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រ ហើយអាជ្ញាធរមូលដ្ឋានគួរតែធ្វើការសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីបង្កើតជាកន្លែងសុវត្ថិភាពសម្រាប់អ្នកដែលរស់នៅក្នុងសហគមន៍ ដើម្បីពិភាក្សាដោយបើកចំហជាលក្ខណៈឯកជនអំពីករណីនៃការបៀតបៀនផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រ លើកទឹកចិត្តឱ្យមានការពិភាក្សាជាបរិយាប័ន្ននៅក្នុងសហគមន៍ និងស្ថាប័នផ្នែកច្បាប់គួរតែពិចារណាធ្វើការរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធគាំទ្រផ្នែកច្បាប់សម្រាប់សហគមន៍៕
វេទិកាបញ្ចេញមតិ