ក្រុមអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធដែលធ្វើការលើការលើកកម្ពស់ស្រ្តីបានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃសុក្រនេះ ដើម្បីអបអរទិវាអន្តរជាតិនារី និងស្នើឱ្យរដ្ឋាភិបាលធានាសេរីភាពសម្រាប់ក្មេងស្រី និងស្ត្រី។
នៅក្នុងពិធីអបអរទិវាអន្តរជាតិនារីលើកទី ១១៣ មានការចូលរួមពីប្រជាពលរដ្ឋទូទៅ សកម្មជនសង្គម មេដឹកនាំសហជីព និងក្រុមអង្គការសង្គមស៊ីវិលរាប់រយនាក់ ក្រោមប្រធានបទ«ធានាសិទ្ធិសេរីភាពស្ត្រី និងក្មេងស្រីដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន២១ដែលធ្វើការលើការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្រ្តីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបានដាក់ស្នើចំនួន១៦ចំណុចទៅកាន់រដ្ឋាភិបាលពិនិត្យមើល និងអនុវត្តគោលនយោបាយការពារស្រ្តីឱ្យល្អប្រសើរជាងមុន។
តម្រូវការទាំង១៦ចំណុចដែលអង្គការសង្គមស៊ីវិលទាំងនោះបានដាក់ស្នើរួមមាន ជំរុញពន្លឿនទាំងបរិមាណនៃការបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋានឱ្យមានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ ចាត់វិធានការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរ៉ឹងចំពោះអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រី ឬស្រ្តីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិបរិស្ថាន និងសិទ្ធិការងារដោយគ្មានការលើកលែង ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស សម្រាប់កម្មករក្នុងវិស័យសំណង់ រោងចក្រកាត់ដេរវាយនភ័ណ្ឌ ដោយធានាថា ពួកគេមានសម្ភារៈសុខភាព និងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់។ សង្គមស៊ីវិលក៏ស្នើរដ្ឋាភិបាលត្រូវផ្តល់សេវាជួយដល់ស្ត្រី ពិសេសស្ត្រីមានពិការភាពក្នុងការទទួលសេវាគំាពារផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវច្បាប់ជាដើម។
បើតាមសេចក្តីថ្លែងការណ៍រួមដដែលបញ្ជាក់ថាក្រុមអង្គការសង្គមស៊ីវិលបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រកន្លងមក ប៉ុន្តែពួកគេអះអាងថា សកម្មភាពនៃការរើសអើងមកលើស្ត្រីនៅតែបន្តកើតឡើងមានដដែល។
សេចក្តីការណ៍រួមបញ្ជាក់ក្នុងន័យដើមថា៖ «យើងខ្ញុំសង្កេតឃើញថាការរើសអើងមកលើស្រ្តីនៅតែបន្តកើតមានឡើងស្ទើរតែគ្រប់វិស័យ គ្រប់ទម្រង់ និងគ្រប់ទីកន្លែងរួមមាននៅក្នុងផ្ទះ នៅក្នុងសហគមន៍ នៅតាមកន្លែងធ្វើការ និងនៅតាមទីសាធារណៈដែលមានដូចជាការប្រើអំពើហិង្សាផ្អែកលើយេនឌ័រមកលើស្រ្តី ក្មេងស្រី និងអ្នកស្រឡាញ់ភេទដូចគ្នា ការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងមកលើស្ត្រីដែលជាតំណាងអង្គការសង្គមស៊ីវិល សហជីព សកម្មជនដីធ្លី និងសកម្មជននយោបាយគ្រប់រូបភាព»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងនៅក្នុងពិធីអបអរទិវាអន្តរជាតិនារីថាការប្រារព្ធទិវាសិទ្ធិនារីនេះក្នុងគោលបំណងរឭកដល់វីរភាពរបស់ស្រ្តីដែលបានតស៊ូ និងទាមទារនូវសិទ្ធិសេរីភាពរបស់ខ្លួន ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ អ្ន
កស្រីបន្តថា អ្នកស្រីស្នើសុំឱ្យរដ្ឋាភិបាលមានការអនុវត្តសិទ្ធិចំនួន ៣ ដែលសំខាន់សម្រាប់ក្រុមសហជីព រួមមានសិទ្ធិនៅក្នុងការចងក្រងបង្កើតសហជីព សិទ្ធិនៅក្នុងការចរចាជាសមូហភាព និងសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធី។
អ្នកស្រីថ្លែងថា៖ «ទីបីគឺសិទ្ធិនៅក្នុងការធ្វើកូដកម្មដោយសន្តិវិធី តើសិទ្ធិនេះសំខាន់ទេ? យើងមើលករណីនៃការចាប់ខ្លួនមេដឹកនាំសហជីពមានលោកស្រី ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពគ្រាន់តែប្រើប្រាស់សិទ្ធិនៅក្នុងការគំាទ្រសិទ្ធិរបស់កម្មករនិយោជិតត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ មែនទេ? មួយទៀតលោកស្រី សេង ធារី គាត់គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងនាមដែលមានសិទ្ធិទៅតាមច្បាប់ត្រូវបានចាប់ខ្លួនគាត់ដូចគ្នាដែរ។ មួយទៀតមេដឹកនាំសហជីពលោក ជា ចាន់ ដែលជាថ្នាក់ដឹកនាំសហជីពនៅរោងចក្រវីងស្តារស៊ូ គ្រាន់តែប្រើប្រាស់សិទ្ធិនៅក្នុងការចងក្រងបង្កើតសហជីពស្របទៅនឹងច្បាប់ដែលយើងមាន ត្រូវបានចាប់ខ្លួនជាប់ពន្ធនាគារដោយអយុត្តិធម៌ទៅទៀត»។
តំណាងមេដឹកនាំសហជីពរូបនេះ ក៏បានស្នើដល់រដ្ឋាភិបាលឱ្យមានការដោះលែងមេដឹកនាំសហជីពទាំងនោះ និងអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យបានពេញលេញផងដែរ។
អ្នកស្រី រី សុវណ្ណឌី អាយុ៤២ឆ្នាំ ពីសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រាប់វីអូអេថាការដែលអ្នកស្រីមកចូលរួមក្នុងពិធីអបអរទិវាអន្តរជាតិនារីនេះ គឺដើម្បីអបអរការតស៊ូទាមទារសិទ្ធិរបស់ស្រ្តី និងការខិតខំតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយ។
អ្នកស្រីថ្លែងថា៖ «ប៉ុន្តែក្រឡេកមកពួកខ្ញុំវិញ យើងតស៊ូដូចគ្នា យើងតស៊ូដើម្បីបានសិទ្ធិសេរីភាពកន្លែងការងារ បែរជាត្រូវមានប្រធានសហជីពចូលពន្ធនាគារ ហើយកូដករដែលគាត់ចេញតស៊ូមតិហ្នឹងគឺត្រូវរងទុក្ខបុកម្នេញសព្វបែបយ៉ាង ដែលថ្មីហ្នឹងរឿងដែលគួរឱ្យសោកស្តាយគឺសមាជិកដែលនៅក្នុងកន្លែងធ្វើដែលកំពុងធ្វើការដែលជាស្ត្រីហ្នឹងគឺត្រូវបានថៅកែធ្វើទុក្ខបុកម្នេញបញ្ឈប់ពីការងារ»។
លោក អេនដ្រេ ហ្ស៊ើប្រាក (Andreas Zurbrugg) ភារធារីនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាដែលបានចូលរួមនៅក្នុងពិធីអបអរទិវាអន្តរជាតិនារីនេះ លើកឡើងថាការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីទទួលស្គាល់អំពីសិទ្ធិស្រ្តី និងបញ្ហានានាដែលស្រ្តីបានជួបប្រទះ ដោយធ្វើយ៉ាងណាសម្រេចឱ្យបានក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ លោកបន្តថាអូស្ត្រាលីតែងតែធ្វើការជាមួយស្ថាប័នអង្គការនានានៅកម្ពុជា ដោយផ្តល់ជំនួយក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «ប្រទេសអូស្ត្រាលីមានមោទកភាពនៅក្នុងការគំាទ្រទៅដល់កម្មវិធីដែលគាំទ្រដោយប្រទេសអូស្ត្រាលី ហើយកម្មវិធីទាំងអស់នេះគឺបានធ្វើការគាំទ្រទៅដល់សហគមន៍ ហើយនិងក្រុមនានាដែលទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់។ កម្មវិធីមួយចំនួនគឺទាក់ទងជាមួយនឹងការធ្វើការដើម្បីធ្វើឱ្យមានការគំាទ្រ ហើយការការពាររបស់សិទ្ធិស្រ្តី ការពង្រឹងផ្នែកសេដ្ឋកិច្ចទៅដល់ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច កម្មវិធីដែលទទួលបាននូវសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពបន្តពូជសម្រាប់ស្ត្រី និងការបណ្តុះបណ្តាល ហើយនិងបង្រៀនជំនាញបំណិនជីវិតទៅដល់យុវជនវ័យក្មេង»។
លោក អេនដ្រេ ហ្ស៊ើប្រាក បញ្ជាក់ទៀតថា អូស្រ្តាលីនឹងនៅតែបន្តជួយកម្ពុជាក្នុងការពង្រឹងសមភាពយេនឌ័រ ការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្ត្រីគ្រប់វិស័យ និងបញ្ឈប់រាល់ទម្រង់នៃការរើសអើងមកលើស្ត្រីផងដែរ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំង២១បានលើកឡើងថា ទាំងស្ត្រីនៅជនបទ ស្ត្រីចំណាកស្រុក កម្មករស្ត្រី និងស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែងជួបនូវបញ្ហាលំបាកពេលលក់ដូរតាមដងផ្លូវ និងបំពេញការងារ ដោយពួកគេត្រូវដាក់កូនតូចតាមរទេះរុញ កណ្តៀតកូនបណ្តើរធ្វើការងារបណ្តើរ ឬត្រូវផ្ញើកូនជាមួយអ្នកជិតខាង ឬទុកចោលឱ្យនៅផ្ទះម្នាក់ឯង និងទុកឱ្យនៅជាមួយឪពុកម្តាយចាស់ជរា ឬសាច់ញាតិដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សុខភាព និងការលូតលាស់របស់កុមារ។
ស្រ្តីដែលធ្វើការក្នុងវិស័យសេវាកម្សាន្ត និងស្ត្រីជាសកម្មជន ក៏ត្រូវបានប្រឈមនឹងការបៀតបៀនរាងកាយ ហិង្សាផ្លូវភេទ ការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានពេលដែលពួកគេធ្វើការជួបជុំ និងដើរក្បួននៅទីសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌លើបញ្ហារបស់ពួកគេ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មនៅកម្ពុជា ថ្លែងបិទបញ្ចប់នៅក្នុងកម្មវិធីនេះថាពលរដ្ឋទាំងអស់រួមគ្នាចងក្រងជាសហជីព ឬសហគមន៍ដើម្បីការប្រាស្រ័យទាក់ទងគ្នា។ អ្នកស្រីបន្តថាពលរដ្ឋត្រូវព្យាបាលជំងឺផ្លូវចិត្តទាំងអស់គ្នាដើម្បីទម្លុះភាពភ័យខ្លាច និងចែករំលែកនូវបញ្ហាសង្គម និងរឿងមានប្រយោជន៍ផ្សេងទៀត។
អ្នកស្រីថ្លែងថា៖ «ចុងក្រោយខ្ញុំចង់ឱ្យសង្ខេបខ្លី ទោះបីយើងមកជួបជុំគ្នាថ្ងៃនេះសូមឱ្យចងចាំថា យើងលើកឡើងពីតម្រូវការ សូមឱ្យចងចាំថា បកទៅវិញកុំបញ្ឈប់ការទាមទារសិទ្ធរបស់យើង។ ឥឡូវខ្ញុំសូមឱ្យយើងនិយាយទាំងអស់គ្នាមួយ រួមគ្នាព្យាបាលជំងឺបាក់ស្បាត»។
នៅក្នុងឱកាសទិវាអន្ដរជាតិនារី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានស្ត្រីកម្ពុជាពិតជាសំខាន់ នៅក្នុងការជួយសម្រួលជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចនៅក្នុងសង្គម។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងវីដេអូមួយថា៖ «ស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ»។
លោក ហ៊ុន ម៉ាណែត បន្តថា រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំដាក់ចេញនូវគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ គោលនយោបាយគាំទ្រដល់សហគ្រិនស្រ្ដី គោលនយោបាយត្រួតពិនិត្យបន្ថែមទៅលើប្រព័ន្ធគាំពារសង្គម គោលនយោបាយដោះស្រាយបញ្ហាគម្លាតយេនឌ័រលើវិស័យឌីជីថល និងលើកកម្ពស់ស្រ្ដីក្នុងវិស័យផ្សេងៗនិងក្នុងគ្រួសារផងដែរ៕
វេទិកាបញ្ចេញមតិ