ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps អាមេរិកាំង​៦២​នាក់​សច្ចា​ប្រណិធាន​ទៅ​រស់​នៅ​តាម​ជនបទ​កម្ពុជា

ក្រុម​អ្នក​ស្ម័គ្រចិត្ត​ភ័ស​ខ័រ (Peace Corps)​ ក្រុម​ទី ១៣ ចូលរួម​ក្នុង​​ពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្ត ភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក Austin Gelber អ្នកស្ម័គ្រចិត្ត​ Peace Corps មួយ​រូប​ ដែល​ទើប​នឹង​ធ្វើ​សច្ចាប្រណិធាន​ បាន​ប្រាប់​ VOA ថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ​ ដោយសារ​តែ​មាន​ការ​ទទួលស្វាគមន៍​ពី​សំណាក់​សហគមន៍ ​និង​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​ស្ម័គ្រចិត្ត​ថ្មី​ចំនួន​ ៦២ នាក់​ដែល​ជា​ក្រុម​ទី១៣ របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក Peace Corps Cambodia បាន​ធ្វើសច្ចា​ប្រណិធាន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ មុន​ពេល​ធ្វើ​ដំណើរ​ទៅរស់​នៅ​ជាមួយ​សហគមន៍​ខ្មែរ​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

​អ្នកស្ម័គ្រ​ចិត្ត​អាមេរិក​ទាំង​នេះនឹង​ត្រូវរស់​នៅ​ជា​មួយ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៦០​គ្រួសារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ។ ​ពួក​គេ​នឹងត្រូវ​រស់​នៅ​តាម​ភូមិ​និង​សហគមន៍​នៃ​តំបន់​ជនបទក្នុង​ខេត្ត​តាកែវ ខេត្ត​កំពង់ចាម ​កំពង់​ស្ពឺ ​កំពត ​ព្រៃវែង ​និង​ស្វាយរៀង​ជាដើម។

ក្នុង​រយៈពេល​នៃ​ការ​រស់​នៅ​អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​ទាំង​នេះ​ត្រូវ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​និង​វប្បធម៌​របស់​ពួក​គេ​ជាមួយ​គ្រួសារ​និង​សហគមន៍ដែល​ទទួល​ឲ្យ​ពួក​គេ​ស្នាក់​នៅ។

លោក Michael Newbill ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ចែករំលែក​ និង​ពង្រឹង​ទំនាក់ទំនង​នៅ​តាម​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា។

«យើង​បាន​ចំណាយ​ពេល​ជា​ច្រើន​និយាយ​ពី​តម្លៃ​ដែ​ល​ទីភ្នាក់ងារ​ Peace Corps ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា និង​ការណ៍​ដែល​ទំនាក់ទំនង​នេះ​ជា​ផ្តល់​ផល​ប្រយោជន៍​ដល់​ភាគី​ទាំង​សងខាង។ ខ្ញុំ​មាន​ក្តី​សប្បាយ​រីករាយ​ដែល​យើង​អាចរក្សា​ការ​យោគយល់​គ្នា​បាន​ប្រសើរ​ជាមួយ​នឹង​រដ្ឋាភិបាល​អំពី​ការ​ចែក​រំលែក​របស់​យើង ​និង​ហេតុផល​ដែល​យើង​ធ្វើ​ដូច្នេះ»។

លោក Austin Gelber អាយុ ២៥ ​អ្នក​ស្ម័គ្រចិត្ត​ភ័ស​ខ័រ​ (Peace Corps) ក្រុម​ទី ១៣ ចូលរួម​ក្នុងពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្ត ភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ជន​ស្ម័គ្រចិត្ត​សញ្ជាតិ​អាមេរិកាំង​ទំាង ​៦២​នាក់​មាន​បុរស ២៧​នាក់ និង​ស្រ្តី​ ៣៥​នាក់។ ពួក​គេ​ត្រូវ​បាន​បង្រៀន​ភាសា​ខ្មែរ រៀន​ពី​បច្ចេកទេស​ផ្សេងៗ និង​រៀន​ពីវប្បធម៌​ ​យ៉ាង​ហោច​ណាស់​រយៈពេល​២ខែ​ ​មុន​នឹង​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​រស់នៅ​តាម​គេហដ្ឋាន​ដែល​បាន​កំណត់​ទុក។

លោក Austin Gelber អ្នកស្ម័គ្រចិត្ត​ Peace Corps មួយ​រូប​ ដែល​ទើប​នឹង​ធ្វើ​សច្ចាប្រណិធាន​ បាន​ប្រាប់​ VOA ថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ​ ដោយសារ​តែ​មាន​ការ​ទទួលស្វាគមន៍​ពី​សំណាក់​សហគមន៍ ​និង​រដ្ឋាភិបាល​កម្ពុជា។

លោក Austin Gelber​ អាយុ ២៥ឆ្នាំ ​ដែល​នឹង​បម្រើការ​ជា​គ្រូ​បង្រៀន​អង់គ្លេស​នៅ​ខេត្ត​ព្រៃវែង បាន​បន្ត​ថា លោក​សង្ឃឹម​នឹង​រៀនសូត្រ​បន្ថែម​ពី​កម្ពុជា និង​ស្គាល់​ពី​របៀបរបប​របស់​ក្រុមគ្រួសារ​ដែល​ទទួល​លោក។

«ខ្ញុំ​សង្ឃឹម​ថា មិន​ត្រឹម​តែ​អាច​ចែករំលែក​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ជាមួយ​នឹង​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​លោកគ្រូ​អ្នកគ្រូ​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ ក៏​ដូចជា​លើកកម្ពស់​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​បង្រៀន​ក្នុង​ថា្នក់​រៀន​របស់​ខ្ញុំ​ផងដែរ»។

លោក Brendan Stewart អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace Corps បាន​បម្រើការ​ជា​អ្នកស្ម័គ្រចិត្ត​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស​នៅ​វិទ្យាល័យ​ក្នុង​ស្រុក​ព្រៃប្រសប់ ​ខេត្ត​ក្រចេះ​ អស់រយៈពេល ២​ឆ្នាំ ចូលរួម​ក្នុងពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្តភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក Brendan Stewart អាយុ ២៦​ឆ្នាំ ជា​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace Corps បាន​បម្រើការ​ជា​អ្នកស្ម័គ្រចិត្ត​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​ក្នុង​ស្រុក​ព្រៃប្រសប់ ​ខេត្ត​ក្រចេះ​ អស់​រយៈពេល ​២​ឆ្នាំ​មក​នេះ ហើយ​លោកកំពុង​បន្ត​រយៈពេល​មួយ​ឆ្នាំ​ទៀត។​

«មាន​មូលហេតុ​មួយ​ចំនួន។ ទី​មួយ ខ្ញុំ​ចូលចិត្ត​រស់​នៅ​កម្ពុជា​ខ្លាំង​មែនទែន។ ប្រជាជន​កម្ពុជា​រួសរាយ ទទួល​ខ្ញុំ​ ជួយ​ខ្ញុំខ្លាំង​មែនទែន​ ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​ព្រៃប្រសប់។ ខ្ញុំ​ស្រឡាញ់​ជនជាតិ​ខ្មែរ។ ខ្ញុំ​ចង់​បន្ត​ធ្វើការ​ជាមួយ​ជនជាតិ​ខ្មែរ»។

ភ្នាក់ងារ Peace Corps សហរដ្ឋ​អាមេរិក ត្រូវ​បាន​បង្កើត​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​John F. Kennedy​ ​កាល​ពី​ឆ្នាំ​១៩៦១​ ​ដើម្បី​លើក​កម្ពស់​សន្តិភាព ​និង​មិត្តភាព​ពិភព​លោក។​ ​ភ្នាក់ងារ​ ​Peace Corps​ ​បាន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​១៣ឆ្នាំ​មក​ហើយ​ ​ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ចំនួនជាង ​៦៤៣នាក់​មក​ទល់​ពេល​នេះ។

លោក មាស គីមហេង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ថ្លែងថា៖ «កម្ពុជា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​សហការ​ និង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ទីភ្នាក់ងារ Peace Corps ដែល​ប្រកាន់​ខ្ជាប់​នូវ​សន្តិភាព និង​មិត្តភាព​ដោយ​លោក​ប្រធានាធិបតី John F. Kennedy»។

មន្ត្រី​រដ្ឋា​ភិបាលដដែលបាន​ហៅការ​ស្បថសច្ចាប្រណិធាន​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​អាមេរិក​នៅ​ថ្ងៃ​នេះ​ថាជា​សក្ខីភាព​នៃ«​ការ​ពង្រឹង​ទំនាក់ទំនង​រវាងគ្នា ជំនឿ​ទុកចិត្ត មិត្តភាព និង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី»​រវាង​សហរដ្ឋ​អាមេរិក ​និង​ព្រះរាជាណាចក្រ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG