ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​បង្កើត​ថ្មី​បើក​ការវាយ​ប្រហារ​លោក ​សម រង្ស៊ី


រូបឯកសារ៖ មន្ត្រី​ការិយាល័យ​បោះឆ្នោត​កាន់​ដៃ​ក្រុម​ប្រឹក្សា​​សង្កាត់​មួយរូប​ជ្រលក់​ទឹក​ថ្នាំ​បន្ទាប់​ពី​បាន​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

គណបក្ស​ឆន្ទៈខ្មែរ​របស់​លោក​ គង់ មុនីកា​ កូន​ប្រុស​ពៅ​របស់​លោក​ គង់ គាំ​និង​គណបក្ស​មាតុភូមិ​យើង​របស់​លោក​ ​ច័ន្ទ ប៊ុនហន​ បាន​លើក​ឡើង​ថា៖«គណបក្ស​យើង​ខ្ញុំ​​ ថ្កោល​ទោស​អំពើខ្វះការ​ទទួល​ខុស​ត្រូវ​ មួល​បង្កាច់​ បន្ទាប​បន្ថោក​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ ដែល​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​ និងក្រោម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​ បាន​គាំទ្រ​ និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ ស្ថិរភាព​ សន្តិភាព​ និងការ​អភិវឌ្ឍន៍សម្រាប់​​ប្រទេស​ និង​ប្រជា​ពល​​រដ្ឋ​គ្រប់​កាលៈទេសៈ»។

គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី​ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ​ ​ខណៈ​គណ​បក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ពីរ ដែល​មាន​មួយ​ជា​របស់​កូនប្រុស​លោក គង់ គាំ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​បាន​ថ្កោលទោស​លោក​សម រង្ស៊ី​ ថា បាន​កំពុង​បង្ក​ចលាចល​មុនការបោះឆ្នោត។​ ​នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​របស់​គណ​បក្ស​ទាំងនេះ​ដែល​VOA​បាន​ទទួល។

ក្រៅពី​ការប្រកាស​មិនចូលរួម​ការបោះឆ្នោត​ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ គណបក្ស​ភ្លើង​ទៀន​ក៏បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ ​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយសេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរ​ដ្ឋ​ខ្មែរ។

គណបក្ស​ឆន្ទៈខ្មែរ​របស់​លោក​ គង់ មុនីកា​ កូន​ប្រុស​ពៅ​របស់​លោក​ គង់ គាំ​និង​គណបក្ស​មាតុភូមិ​យើង​របស់​លោក​ ​ច័ន្ទ ប៊ុនហន​ ​បង្ហាញជំហរ​បញ្ច្រាស​គ្នា​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ដឹក​នាំ​ដោយ​ ​លោក​ ទាវ វណ្ណុល អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង។​ ​នេះបើ​យោងតាម​សេចក្តីថ្លែង​របស់​គណបក្ស​ទាំងពីរ​ដែល​បានធ្វើ​ឡើង​នៅថ្ងៃ​ទី​៣ ខែ​ឧសភា​ឆ្នាំ​២០១៨​ គឺ​នៅថ្ងៃ​តែមួយ​នៃការ​ចេញ​សេចក្តី​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន។

គណបក្ស​ទាំង​ពីរ​នេះ បាន​លើកឡើង​ថា៖

«ថ្កោលទោស​ចលនា​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ ​និង​គោល​បំណង​ចែកខិតប័ណ្ណ​ ព្រម​ទាំង​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ ហើយ​ញុះញង់​ឲ្យ​បង្កើត​ព្រឹត្តិការណ៍​ និង​ការ​ឆាចោល​លទ្ធផល​នៃការ​បោះឆ្នោត​ខាង​មុខ​ទាំង​គ្មាន​ហេតុផល​ គឺ​សុទ្ធ​តែ​ជា​គំនិត​អាតា្ម​និយម​ជ្រុល​ របស់​ក្រុម​ជន​ល្មោភ​អំណាច​តាម​អំពើ​ហិង្សា​ជាបន្តបន្ទាប់​ជាប់​មិន​ដាច់​ បណ្តាល​ឲ្យ​ប្រជាពល​រដ្ឋ​ សកម្មជន​ កម្មករ​ រងគ្រោះគ្រប់​យ៉ាង​មាន​ជាប់​គុក​ និងស្លាប់​បាត់​បង់​ជីវិត​ជំនួស​ពួកគេ​ជា​ហូរហែរ‍»។

មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​បន្ថែម​ថា៖​

«គណបក្ស​យើង​ខ្ញុំ ថ្កោល​ទោស​អំពើខ្វះការ​ទទួល​ខុស​ត្រូវ​ មួល​បង្កាច់​ បន្ទាប​បន្ថោក​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ ដែល​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​ និងក្រោម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​គាំទ្រ​ និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ ស្ថិរភាព​ សន្តិភាព​ និងការ​អភិវឌ្ឍន៍សម្រាប់ប្រទេស​ និង​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈទេសៈ»។

មេដឹក​នាំគណបក្ស​ទាំង​ពីរ​បានចាត់​ទុកថា​សកម្ម​ភាព​របស់​លោក​សមរង្ស៊ី​ជា«ការ​ប្រមាថ‍»​ ​និង​ជា​«ផែន​ការ​ខ្មៅងងឹត‍»សម្រាប់​បម្រើ​ផល​ប្រយោជន៍របស់​លោក​សម រង្ស៊ីនិង​ក្រុម​ស្រេកឃ្លាន​អំណាច​ក្នុង​បក្ស។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ពី​លោក​ គង់ មុនីកា​ តំណាង​គណបក្ស​ឆន្ទៈខ្មែរ​ តែទូរ​សព្ទ​លោក​រោទិ៍គ្មាន​អ្នក​ទទួល។​ VOA​ក៏មិនទាន់​អាច​ទាក់​ទងលោក​ ​ច័ន្ទ ប៊ុនហន​ ​ប្រធាន​គណបក្ស​មាតុភូមិ​យើង​បាន​ដែរ។

លោក​ ទាវ វណ្ណុល​ ប្រធាន​គណបក្ស​ភ្លើងទៀនបាន​ឆ្លើយ​តប​វិញថា៖

«គាត់​ដែលគាត់​ ចង់​ធ្វើការ​តិ​ទៀន​ពីព្រោះ​គាត់ចង់​បាន​សំឡេង​អ្នកប្រជាធិបតេយ្យ​គំាទ្រ​គាត់​ គាត់​ត្រូវ​តែ​វាយប្រហារ​គូបដិបក្ខ​របស់​គាត់​ហើយ​។ អាហ្នឹង​វា​ជារឿង​ធម្មតា​នៅ​ក្នុង​អ្នកប្រជាធិបតេយ្យ​ ប៉ុន្តែ​ការ​សម្រេចចិត្ត​ គឺ​ប្រជាពលរដ្ឋ​ លោក​ជាអ្នកសម្រេច​ចិត្ត​ ជាអ្នកធ្វើការ​វាយតម្លៃ​ទៅលើ​ពាក្យ​ពេចន៍​របស់​គាត់​ដែល​គាត់​បាន​និយាយ​ទាំង​អស់ហ្នឹង​ អាហ្នឹង​ទុកឲ្យប្រជាពលរដ្ឋ​លោក​ធ្វើការ​សម្រេច​ចិត្ត​ចុះ​ណ៎ា!»។​

លោក ទាវ វណ្ណុល​ ថ្លែង​បន្ថែម​ថា​ ការ​អធិប្បាយរបស់​គណបក្ស​ឆន្ទៈខ្មែរ និង​គណ​បក្ស​មួយ​ផ្សេង​ទៀត​ដែល​លោកមិនធ្លាប់​ស្គាល់​នោះ​ នឹង​មិនអាច​ជួយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។

«អ្វី​ដែលគាត់​បាន​និយាយ​ ខ្ញុំ ​ចំពោះ​ខ្ញុំគិត​ថា​ វា​មិនមាន​ផល​ប្រយោជន៍អ្វីសម្រាប់​អ្នកប្រជាធិប​តេយ្យ​ទេ​ ជាពិសេស​គឺ​អង្គការមួយចំនួន​ដែល​គេធ្វើ​ ការសង្កេតការណ៍​នៅក្នុងប្រទេស​កម្ពុជា​យើង​ក៏ដូច​ជា​ មតិ​អន្តរជាតិ​មួយ​ចំនួន​ ដែល​ខ្ញុំ​និយាយ​អង្គការ​អម្បាញ់​មិញ​នេះ​ គឺជា​អង្គការ​របស់​អង្គការ​សហ​ប្រជាជាតិ​ ដូចជា​អ្នកស្រី​រ៉ូណា ស្មីត​ (Rhona Smith) ដែលគាត់​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​ទី៣០​ ខែ​មេសា​អ៊ីចឹង​នែ៎!»។

អ្នកស្រី ​រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំ​មើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​នោះ​ បានថ្លែង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ការ​បោះឆ្នោតនៅ​ពេល​ខាង​មុខ​ គឺជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​ អ្នកស្រី​ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​លុបចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។

គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​គង់​ មុនីកា បាន​រង​ការ​រិះគន់​ពីក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​តាម​អំណាច​សាលដីកា​តុលាការ​កំពូលកាលពីឆ្នាំមុន បន្ទាប់​ពីលោក​បាន​ប្រកាស​អំពាវនាវ​សុំ​ស្នាម​មេ​ដៃ​ប្រជា​ពលរដ្ឋដើម្បី​បង្កើត​គណ​បក្ស​នេះ​ឲ្យ​ចេញ​ជារូបរាង​ទាន់​ពេល​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ។ លោក​បាន​លើកឡើងផងដែរ​ ថាស្ថិត​ក្នុង​ស្ថានភាព​ដ៏​ស្មុគស្មាញ​តឹង​តែង​នៅ​ពេល​បច្ចុប្បន្ន​ លោក​មិន​មាន​ការ​រំពឹង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​កាលពី​ឆ្នាំ​២០១៧​ អាច​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​ឡើយ។

លោក​ ម៉ៅ មុនីវណ្ណ​ តំណាង​រាស្ត្រនៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ ​ធ្លាប់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្កើត​គណ​បក្ស​នយោបាយ​កាល​ពី​ពេល​កន្លង​មក​ថា​ ​ជា​សិទ្ធិ​របស់​បុគ្គល ​ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​ ការ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​ ដោយ​មាន​ភ្ជាប់​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​ការក្បត់​នឹង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​នៅ​តែ​គិត​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ ​កំពុង​មាន​ជីវិត​ក្នុង​ចិត្ត​របស់​ពួក​គេ។

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ហៅ​កាត់​ថា​ (គ.ជ.ប)​ បាន​ប្រកាស​ទទួល​ចុះ​បញ្ជី​ឈ្មោះ​គណ​បក្ស​នយោបាយ​និង​បេក្ខជន​ជាផ្លូវការ​សម្រាប់ការ​បោះឆ្នោត​សភា​កាល​ពីថ្ងៃ​ទី​៣០​ ​ខែមេសា។​ បន្ទាប់​ពីការ​ប្រកាស​នោះភ្លាម​ មានគណបក្ស​ជាច្រើន​បាន​ស្វះស្វែង​ទំនាក់​ទំនង​ជាមួយ​ស្ថាប័ន​បោះ​ឆ្នោត​នេះ​សម្រាប់​ចុះ​បញ្ជី។ គណបក្ស​មួយ​ចំនួន​បាន​ចុះ​បញ្ជី​រួចរាល់​ដែល​ក្នុង​នោះ​ មានគណ​បក្ស​យុវជន​កម្ពុជា​ ​ដែល​ធ្លាប់​ស្នើ​ឲ្យក្រសួង​មហាផ្ទៃ​ប្តឹង​រំលាយ​គណបក្ស​ប្រឆាំង​និង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បានគ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត​៤០ឆ្នាំ​មក​នេះ៕

XS
SM
MD
LG