ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​ថ្មី​របស់​គណបក្ស​ Kuomintang តៃវ៉ាន់​ដែលស្និទ្ធ​នឹង​ចិន បង្ហាញ​សញ្ញា​ថា​នឹង​មាន​ការផ្លាស់​ប្តូរ​


លោក​ Johnny Chiang ប្រធាន​គណបក្ស​ Kuomintang (KMT)ដែល​ជាបក្ស​ជំទាស់ធំ​ ទើបជាប់​តំណែង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្នុង​ទីក្រុង​តៃប៉ិ​ (រូបថត​ថ្ងៃទី៧​ ខែមីនា​ ឆ្នាំ​២០២០)។

គណបក្ស​ប្រឆាំង​ធំ​របស់កោះ​តៃវ៉ាន់​ បាន​ជ្រើសរើសប្រធានថ្មីដែល​មានទស្សនៈបែប​កំណែ​ទម្រង់​។​ ការណ៍នេះ​បញ្ជាក់​ឱ្យ​ឃើញថា​គណបក្ស​នេះ​ នឹង​ពិចារណា​ឡើងវិញ​ចំពោះការ​គាំទ្រ​របស់ខ្លួន​ដែលមាន​តាំងពីយូរទៅលើ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស្និទ្ធ​ជាមួយនឹង​ចិន។

លោក​ Chiang Chi-chen ដែលជាប្រធានថ្មី​នៃគណបក្សជាតិ​និយមដែល​មាន​ឈ្មោះ​ថាគណបក្ស​ Kuomintang ឬហៅកាត់​(KMT)​ ​ គឺជា​អ្នកតំណាង​រាស្រ្តវ័យ​៤៨ឆ្នាំ​ម្នាក់ ដែល​ធ្លាប់បាន​សន្យាកាល​ពីពេល​យុទ្ធនាការ​ឃោសនា​ថា លោកនឹង​មាន​ចំណាត់ការ​ម៉ឺងមាត់​កាន់តែ​ខ្លាំងប្រឆាំង​នឹងឥទ្ធិពល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

គណបក្ស​ KMT ចាញ់​ប្រៀប​គណបក្ស​Democratic Progressive Party (DPP) យ៉ាង​គំហុក​ទាំងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ទាំង​ជ្រើសរើស​តំណាង​រាស្រ្ត កាល​ពីខែ​មករា​ ពីព្រោះ​ភាគច្រើន​ទំនង​ដោយសារ​គណបក្ស​នេះគាំ​ទ្រជំហរ​ចិន។ បន្ទាប់​ពីការ​បោះឆ្នោត​ សមាជិក​គណបក្ស​ដែលមាន​វ័យក្មេងៗ​ជាច្រើន​រូបក្នុង​ជួរគណបក្ស​ដែល​មាន​អាយុកាលជាង​១០០ឆ្នាំ​នេះ បាន​រុញ​ច្រាន​គណបក្ស KMT ឱ្យ​ជ្រើសរើស​ផ្លូវថ្មី​ ដែល​ទំនង​មកពីការ​បរាជ័យ​ក្នុងការ​ទាមទាម​ពីរដ្ឋាភិបាល​ក្រុងប៉េកាំង​នូវការ​គ្រប់គ្រងស្វយ័តលើ​ដែន​ដីកោះ​នេះ។

ពុំមាន​ការអបអរ​សាទរអ្វី​ពីលោក​ប្រធានាធិបតី​ Xiឡើយ​

មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ តែង​តែព្យាយាម​រក្សាទំនាក់​ទំនងជិត​ស្និទ្ធ​ជាមួយ​គណបក្ស KMT របស់​កោះ​តៃវ៉ាន់​នេះ ប៉ុន្តែ​ក៏មាន​សញ្ញាថា​អ្វីៗ​អាចនឹង​មានការ​ប្រែប្រួល​ដែរ។

នៅក្នុងរូប​ភាព​មិនអើពើមួយ​ ដំបូងឡើយរដ្ឋាភិបាលក្រុង​ប៉េកាំង​មិន​ដែល​ផ្ញើសារ​អបអរសាទរ​ដល់​គណបក្ស KMT ទេ​ ប៉ុន្តែ​លើកនេះ​បែរជាផ្ញើ​សារមក​បន្ទាប់ពី​គណបក្ស​នេះ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី។ កាល​ពី​អតីត​កាល​ គណបក្ស​ KMT តែង​តែ​ទទួលសារ​ព្រមាន​ពីប្រធានា​ធិបតីចិន​ ក្នុងនាមលោក​ជាប្រធាន​គណបក្ស​កុម្មុយ​នីស្តចិន​ (CCP)។

កាល​ពីថ្ងៃទី៧​ ខែ​មីនា​ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់ចិន​ ក្នុងពេល​ដែលទទួល​ស្គាល់​ការជ្រើស​រើស​លោក Chiang ជា​ប្រធានបក្ស​ ចិន​ក៏ក្រើនរំឭក​ដល់​គណបក្ស​ KMT ថាការ​ប្រឆាំង​នឹងការទាម​ទារ​ឯករាជ្យភាព​របស់​កោះតៃវ៉ាន់​ គឺជា​តម្រូវការ​ជាមូលដ្ឋាន​នៃគណបក្សទាំង​ពីរ។

រដ្ឋាភិបាល​ចិន​ដីគោក​ រំពឹងថា​គណបក្ស​ Kuomintang ដែល​ដឹកនាំ​ដោយប្រធាន​ថ្មី លោក​Chiang Chi-chen នឹងប្រឹង​ប្រែង​បន្ថែមទៀតនៅ​ក្នុង​ការរក្សា​សន្តិភាព​ និងស្ថិរភាព​ក្នុងដែន​កោះតៃវ៉ាន់​ទាំងមូល។ នេះបើ​តាមការលើកឡើងរបស់លោក​ Zhu Fenglian អ្នកនាំ​ពាក្យផ្នែក​រដ្ឋបាល​ចំណុះ​ក្រុមប្រឹក្សារដ្ឋ​ប្រចាំរដ្ឋធានី​ប៉េកាំង។

កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៩២​

ក្រុមអ្នកវិ​ភាគជឿ​ថា​ ការណ៍​ដែលគណបក្ស​កុម្មុនីស្តចិន​ (CCP) មិនផ្ញើ​សារអបអរសាទរ​ដល់​លោក Chiang គឺអាច​ទាក់ទង​នឹងជំហរ​របស់លោក​នៅក្នុង​"កិច្ចព្រម​ព្រៀងឆ្នាំ​១៩៩២​"។ ខ្លឹមសារ​ដែលមាន​ចែងនៅក្នុងកិច្ច​ព្រមព្រៀងឆ្នាំ​១៩៩២ រវាង​ក្រុមប្រេសិត​ទីក្រុង​ប៉េកាំង និង​កោះតៃវ៉ាន់​ បានយល់ព្រម​ថាបញ្ហា​កោះតៃវ៉ាន់​គឺជា​រឿង "ចិន​តែមួយ​"។

សម្រាប់រយៈ​ពេល២០​ឆ្នាំមកនេះ​ ភាពមិនច្បាស់​លាស់នៃ​ខ្លឹមសារឃ្លា​បែបការ​ទូតនេះ បានធ្វើ​ឱ្យភាគី​ទាំង​សងខាង​ផ្តើមផ្លាស់​ប្តូរសេដ្ឋកិច្ច​ និងសង្គម​ជាមួយគ្នា​ប៉ុន្តែ​ជៀសវាង​ការប៉ះទង្គិច​លើអធិបតេយ្យ​ភាព​កោះតៃវ៉ាន់។ ការ​ប្រឆាំងតវ៉ា​លើប្រយោគ​នេះ​របស់លោក​ Chiang ដែលបាន​សន្យាថា​អាចនឹង​លុបចោល​នៅអំឡុងពេល​យុទ្ធនា​ការឃោសនា​បោះឆ្នោតរបស់​ អាច​បង្អាក់​ផែនការ​រយៈពេល​រាប់សិបឆ្នាំ​ក្នុងការ​កសាងទំនាក់ទំ​នងជាមួយ​កោះតៃ​វ៉ាន់។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បដិសេធ​ទំនាក់ទំនង​ជាមួយរាល់​រដ្ឋាភិបាល​កោះតៃវ៉ាន់​ណាដែលមិន​អនុវត្តតាម​កិច្ចព្រម​ព្រៀង​ឆ្នាំ១៩៩២។ ចិន​បានចាត់ទុក​ថាជា​ឫសគល់​នៃភាពរង្គោះ​រង្គើរ​ទំនាក់ទំនង​ដែល​មានបញ្ហា​រ​វាងគ្នានឹងគ្នា​ក្រោមការ​ដឹកនាំ​របស់គណបក្ស​ Democratic Progressive Partyនា​ពេល​បច្ចុប្បន្ន​ដែល​បដិសេធ​មិនទទួលស្គាល់​កិច្ចព្រម​ព្រៀង​នោះ។

វាពិបាក​ស្មានដែរ​ថាតើ​រដ្ឋាភិបាល​ក្រុងប៉េកាំង​នឹងមាន​ចំណាត់ការ​អ្វីប្រសិន​បើគណបក្ស​ KMT បោះ​បង់​ចោល​កិច្ចព្រម​ព្រៀងឆ្នាំ១៩៩២នេះ។​ នេះ​បើតាមការ​វិភាគរបស់​លោក Richard Bush អ្នកជំនាញ​ជនជាតិ​អាមេរិកកាំង​លើកិច្ចការ​ចិននៃ​វិទ្យាស្ថាន​ Brookings ដែលជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវមួយ។

លោក​ Bush បន្តថា​ គណបក្ស​ KMT "ត្រូវចាំ​ថា​រដ្ឋាភិបាល​ក្រុងប៉េកាំងតែង​តែគិតថា​កិច្ចព្រមព្រៀង​ឆ្នាំ១៩៩២​ គឺជាមូល​ដ្ឋានគោល​សម្រាប់​បង្កបញ្ហា​ក្រៅផ្នែក​នយោបាយ"។

អ្នកជំនាញ​ជនជាតិ​អាមេរិកកាំង​ល្បីមួយ​រូបទៀត​លើទំនាក់​ទំនងចិន​-កោះតៃ​វ៉ាន់ គឺលោក​ Bonnie Glaser ជានាយក​នៃគម្រោង​ the China Power Project នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​ និងសិក្សា​អន្តរជាតិ​ បាន​វិភាគថា​ គណបក្ស​ KMT ត្រូវតែ​ដើរដោយ​ប្រុងប្រយ័ត្ន​ ប្រសិន​បើគណបក្ស​នេះ​ កែប្រែ​ជំហរ​របស់ខ្លួន​លើ​កិច្ចព្រម​ព្រៀង​ឆ្នាំ​១៩៩២។

លោក​ Glaser បាន​បន្តថា​៖ «គណបក្ស​នេះ​ គួរតែរិះ​រក​ជំហរថ្មី​មួយដែល​អាចទាក់​ទាញ​ប្រជាប្រិយ​ភាពច្រើន​ពីប្រជាជន​តៃវ៉ាន់​ បើ​មិនដូច្នេះទេ​ គណបក្ស​នេះ នឹងគ្មាន​ឱកាសឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​សាជាថ្មី​ឡើយ»។

កំណែ​ទម្រង់​គណបក្ស​

បន្ទាប់​ពីចូលកាន់​តំណែង​ជាផ្លូវការ​កាលពីថ្ងៃ​ទី៩​ ខែមីនា​ លោក​ Chiang ដែល​ជាប្រធាន​គណបក្ស​វ័យក្មេង​បង្អស់​ក្នុង​ប្រវត្តិ​គណបក្ស​ មិន​បានលើក​ឡើងពី​កិច្ចព្រម​ព្រៀងឆ្នាំ​១៩៩២ទេ​ និង​បាន​ស្នើសុំឱ្យ​គណបក្ស​រិះរកគំនិត​ថ្មីៗ​វិញ។

លោក​ Chiang បាន​និយាយ​ក្នុងពេល​ឡើងកាន់​តំណែងថា​៖ «បរា​ជ័យ​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ ពិត​ជា​សបញ្ជាក់ឱ្យ​ឃើញថា​គណបក្ស​យើងនៅ​ក្រោយស្ថាន​ការណ៍​លើទិដ្ឋភាព​ជាច្រើន​ ដែល​តម្រូវ​ជា​បន្ទាន់​ឱ្យមាន​កំណែទម្រង់​ និង​នវានុវត្តន៍»។

វាមិន​ទាន់ច្បាស់​នៅឡើយថា​តើគណបក្ស​នេះ​ អាច​ផ្លាស់ប្តូរ​ជំហរពឹង​ផ្អែកលើចិន​របស់ខ្លួនបាន​ប៉ុនណា ក្រោមការ​ដឹកនាំ​របស់​លោក​ Chiang ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែកទំនាក់​ទំនង​អន្តរជាតិ​ពីសាកលវិទ្យា​ល័យ​ University of South Carolina៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG