មានពាក្យថ្មីៗមួយចំនួនជាភាសាបារាំងដូចជាពាក្យ «Pourriel» និងពាក្យ «Lance un chameau» ជាដើម ដែលអ្នកមិនអាចស្វែងរកអត្ថន័យរបស់ពាក្យទាំងនេះបានទេនៅក្នុងប្រទេសបារាំង។
នៅក្នុងភាសាបារាំងដែលប្រើក្នុងប្រទេសកាណាដា ពាក្យ Pourriel មានន័យថា សារដែលមិនត្រូវការ (spam mail)។ ពាក្យនេះគឺជាទម្រង់មួយនៃពាក្យ Courriel ដែលក្នុងភាសាបារាំងមានន័យថាអ៊ីម៉ែល។
នៅពេលដែលអ្នកនិយាយថា «Lance un chameau» នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានន័យថា អ្នកបានប្រកបពាក្យខុស។
ឃ្លាទាំងពីរនេះត្រូវបានដាក់បញ្ចូលនៅក្នុងវចនានុក្រមថ្មីតាមអនឡាញ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលបារាំង។
រដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងអ្នកស្រី Roselyne Bachelot បាននិយាយថា វចនានុក្រមនេះមិនត្រឹមតែសម្រាប់ពលរដ្ឋ ៦៧ លាននាក់នៅក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងសម្រាប់អ្នកនិយាយភាសាបារាំងចំនួន ៣០០ លាននាក់នៅទូទាំងពិភពលោកផងដែរ។
អ្នកស្រីបានបន្ថែមថា វចនានុក្រមនេះមានគោលបំណងធ្វើទំនើបកម្មនិងពង្រីកភាសាបារាំង ដោយប្រកាន់យកតាមការវិវត្តទៅមុខរបស់ភាសាបារាំង។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើនូវគំនិតនៃការបង្កើត «វចនានុក្រមសម្រាប់អ្នកនិយាយភាសាបារាំង» នៅឆ្នាំ ២០១៨។ វចនានុក្រមនេះមានផ្ទុកពាក្យប្រមាណ ៦ សែនពាក្យរួចទៅហើយ។
វចនានុក្រមនេះទទួលបានពាក្យថ្មី នៅពេលដែលអ្នកស្រី Louise Mushikiwabo ដែលដឹកនាំអង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (International Organization of la Francophonie) បានដាក់ស្នើនូវពាក្យ «Techniquer» ដែលនៅក្នុងភាសាដើមនៅក្នុងប្រទេសរវ៉ាន់ដារបស់អ្នកស្រីមានន័យថា «ស្វែងរកដំណោះស្រាយថ្មីនៅពេលធនធានមានកម្រិត»។
ខុសពីវចនានុក្រមពីមុន ដែលជាស្នាដៃរបស់ក្រុមបញ្ញវន្តអភិជនបារាំង វចនានុក្រមថ្មីនេះមានលក្ខណៈអន្តរសកម្មបែបប្រជាធិបតេយ្យ និងជាស្នាដៃដែលនឹងបន្តវិវត្តទៅមុខជារៀងរហូត។ អ្នកណាក៏អាចស្នើនូវពាក្យថ្មីបានដែរ។ ហើយក្រុមអ្នកជំនាញនឹងសម្រេចថាតើពាក្យនោះនឹងគួរដាក់បញ្ចូលឬក៏អត់។
ដូច្នេះតើអ្នកនិយាយភាសាបារាំងដែលមិនមែនជាជនជាតិបារាំង គិតយ៉ាងដូចម្តេចអំពីវចនានុក្រមថ្មីនេះ? ខ្ញុំបានដើរកាត់តំបន់រស់នៅរបស់ខ្ញុំនៅក្នុងទីក្រុងប៉ារីស ដែលមានពលរដ្ឋចម្រុះជាតិសាសន៍រស់នៅ ដើម្បីស្វែងរកចម្លើយ។
នាង Mimi ដែលមកពីប្រទេសសេណេហ្គាល់ បានចូលឆែកមើលវចនានុក្រមនេះភ្លាមៗតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់នាង។ នាងមិនទាន់រកនឹកឃើញពាក្យណាមួយដើម្បីស្នើដាក់បញ្ចូលក្នុងវចនានុក្រមនេះបានភ្លាមៗនោះទេ ប៉ុន្តែនាងគិតថា វចនានុក្រមនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។
នាង Nicole Sika ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉ារីសជាយូរមកហើយ បានស្នើនូវពាក្យថា «Go» ដែលមានន័យថា «មិត្តភក្តិស្រីរបស់អ្នក» នៅក្នុងភាសាកូតឌីវ័រដែលជាភាសាកំណើតរបស់នាង ឬក៏ពាក្យ «Zo» ដែលមានន័យថា «អ្នកស្លៀកពាក់បានស្អាតបាត» ជាដើម។
វចនានុក្រមភាសាបារាំងដទៃទៀតក៏បានពង្រីកវាក្យស័ព្ទរបស់ខ្លួនផងដែរ។ វចនានុក្រម Le Petit Larousse ដែលជាវចនានុក្រមភាសាបារាំងដែលមានប្រជាប្រិយភាពជាងគេ បានដាក់បញ្ចូលនូវពាក្យថ្មីៗដូចជាពាក្យ «Taxier» ជាដើម។ ពាក្យ «Taxier» នេះ គឺជាពាក្យនៅក្នុងប្រទេសអាល់ហ្សេរី ដែលមានន័យថា «អ្នកបើកតាក់ស៊ី»។
ប៉ុន្តែវចនានុក្រមថ្មីដែលមានលក្ខណៈអន្តរសកម្មនេះ គឺជាវចនានុក្រមដំបូងដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលបារាំង។ វចនានុក្រមនេះបានបញ្ចប់នូវទម្លាប់រយៈពេល ៣ សតវត្សរ៍កន្លងមក ដែលមានតែបណ្ឌិតសភាអភិជនបារាំងប៉ុណ្ណោះ ដែលជាអ្នកកំណត់នូវពាក្យណាដែលត្រូវដាក់បញ្ចូល។
ទស្សនាវដ្តី L'Express របស់បារាំងបានសរសេរកាលពីពេលថ្មីៗនេះថា៖ «ជនជាតិបារាំងលែងមានអំណាចផ្ដាច់មុខលើភាសាបារាំងហើយ។ ហើយនេះគឺជាដំណឹងល្អ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា