ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត​ថ្មី​រំលឹក​ពី​យុគ​សម័យ​មាស​នៃ​តន្ត្រី​រ៉ុក​នៅ​កម្ពុជា


អ្នក​ភ្លេង​រួច​ជីវិត​ពី​របបខ្មែរ​ក្រហម​បាន​មក​ជួប​ជុំ​គ្នា
សូម​រង់ចាំ

No media source currently available

0:00 0:03:11 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ភ្លេង​រួច​ជីវិត​ពី​របបខ្មែរ​ក្រហម​បាន​មក​ជួប​ជុំ​គ្នា

គេ​ប្រហែល​ជា​អាច​ឮសូរ​បទ​ចម្រៀង​របស់​លោក​ស៊ីនស៊ីសាមុតចង្វាក់​រ៉ុក​អេន​រ៉លមួយ​នេះ​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ជា​ពិសេស​នៅ​តាម​ទី​ប្រជុំ​ជននិង​ទីកន្លែង​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​នាទសវត្សរ៍​១៩​៦០និង​១៩៧០។ ​នៅ​យុគ​សម័យ​នោះ​ចង្វាក់​ភ្លេងរ៉ុក​អេន​រ៉ូល​ (Rock 'n' Roll) បានក្លាយ​ជា​ចង្វាក់ដ៏​ពេញ​និយម​បំផុត​ហើយ​វា​ក៏ជា​សម័យនៃ​ការ​រីក​ចម្រើន​ខ្លាំង​បំផុត​ក្នុង​វិស័យ​សិល្បៈនិង​ដូរតន្ត្រី​របស់​ខ្មែរ។

ក៏ប៉ុន្តែ​ជា​អកុសល​វិស័យ​នានា​រាប់ទាំងចង្វាក់​ Rock 'n' Roll ​នេះ​ត្រូវ​បំផ្លាញ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ទំនុក​ភ្លេង​នេះ​ជា​ចង្វាក់​រាំញាក់​លោតកន្ទ្រាក់​និង​បង្វិល​ខ្លួន។​

ចង្វាក់​រ៉ុក​អេនរ៉ល​បាន​ចម្លងលំនាំ​ភ្លេង​របស់​សហរដ្ឋ​អាមេរិកនិង​បាន​ទទួល​ការ​គាំទ្រដល់​ចំណុច​កំពូល​នៅ​ក្នុង​ដើម​ទសវត្សរ៍​១៩៧០​ក្នុង​របប​សាធារណរដ្ឋខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ ​ណល់។​លុះ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំបទ​ភ្លេង​នេះ​មិន​មាន​ការកែច្នៃ​ឬ​អភិវឌ្ឍ​បន្ត​ទៀត​ទេ។​

ហេតុ​ដូច្នេះ​ហើយកាល​ពី​ប៉ុន្មានខែ​មុន​នេះ​លោក​ឆាំង​ យុ ​ដែល​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មួយ​រូប​និង​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រួម​ជាមួយ​លោក​ ​ចន ពីរ៉ូហ្សី​ (John ​Pirozzi) ជនជាតិ​អាមេរិកាំង​បាន​សហការ​ផលិតភាព​យន្ត​ឯកសារ​មួយ​ក្រោម​ចំណង​ជើង​ថា ​«កុំ​ស្មាន​បង​ភ្លេច​ ឬ ​Don't ​Think​ I've ​Forgotten»​។ ​

ភាព​យន្ត​ឯកសារ​នេះ​បាន​ចង​ក្រង​ឡើង​វិញ​នូវ​បទ​ចម្រៀង​រ៉ុក​ខ្មែរ​ដែល​បានបាត់បង់​ឬ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ។​ ភាពយន្ត​នេះ​បាន​ជីក​កកាយ​មក​វិញ​នូវ​ប្រវត្តិ​នៃ​បទភ្លេង​រ៉ុក​ពី​អតីតកាល​ដែល​ធ្លាប់​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ខ្មែរ។​

លោក​ ឆាំង យុ ​មាន​ប្រសាសន៍​ថា​ចង្វាក់​នេះបាន​ឆ្លុះ​បញ្ជាំ​ពី​អ្វី​ដែល​បាន​កើត​មានឡើង​ក្នុង​សង្គម​ខ្មែរ ហើយ​ប្រជាជន​ខ្មែរ​ក៏​ទទួល​យល់​នូវ​វប្ប​ធម៌​របស់​ជនជាតិ​អឺរ៉ុប​តាម​រយៈ​ចង្វាក់​នេះ​ផង​ដែរ។

«គឺ​យុវវ័យ​ខ្មែរ​យើង​ហ្នឹង​បាន​ដឹង​ថា​ចង្វាក់​ហ្នឹង​មក​ពី​អាមេរិក​ បារាំង​និង​គុយបា​ហើយ​វា​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ស្លៀក​ពាក់​ អកប្បកិរិយា​ និង​ការ​រស់​នៅ​ររបស់​យុវជនខ្មែរ​យើង​ខ្លាំងដែរ»។

ភាព​យន្ត​ឯកសារ​«កុំ​ស្មាន​បង​ភ្លេង»​មាន​រយៈ​ពេល​១០៥​នាទី​ហើយ​ត្រូវ​ចំណាយ​ពេល​ថត​អស់រយៈ​ពេល​ដប់​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ​២០០៤ ​ដល់២០១៤។​

មាន​បទ​សម្ភាសន៍​ជាមួយ​សិល្ប​ករ​និង​អ្នក​និពន្ធ​ដែល​រស់រាន​មាន​ជិវិត​ក្រោយ​សម័យ​ខ្មែរ​ក្រហម​នៅ​ក្នុង​ភាព​យន្តនេះ។​ ​

លោក​ ឆំាង​ យុ​បញ្ជាក់​ថា ​ថ្វីត្បិតតែ​ចង្វាក់​រ៉ុក​អេន​រ៉ល​ ត្រូវ​ចម្លង​ពី​បរទេស ​ប៉ុន្តែ​អត្តសញ្ញាណ​ និង​សារជាតិ​របស់​ខ្មែរ​មិន​បាន​ប៉ះពាល់​ទេដោយ​សារភាព​វៃឆ្លាត​របស់​អ្នក​និពន្ធ​ខ្មែរ​សម័យ​នោះ។​

«សិល្បករ​ខ្មែរ​ហើយ​ពី​ដើម​ហ្នឹង​ឆ្លង​កាត់​ការ​រៀន​សូត្រ​ការ​ហ្វឹក​ហាត់ អីចឹង​ហើយ​ការ​តែង​និពន្ធ ការ​សរសេរ​បទ​ចម្រៀង​ ការ​យក​បទ​បរទេស​មក​បក​ប្រែ​ហ្នឹង​មាន​លក្ខណៈ​ជា​អាជីព​ វិជ្ជាជីវៈ។ គោរព​តាម​សំណេរ​ដើម​របស់​គេ​ប៉ុន្តែ​ប្រើ​សំនៀង​ជា​លក្ខណៈ​ខ្មែរ​យើង​។​ហើយ​បទ​ចម្រៀង​ហ្នឹង​មិន​មែន​យើង​យក​ពីគេ​ ហើយ​គេ​ក៏យក​ពី​យើង​ដែរ។ ​ប្រទេស​មួយ​យក​ពី​ប្រទេស​មួយទៀតដូច​តែ​គ្នា​ហ្នឹង»។

ដោយឡែក​លោក​ចន ពីរ៉ូហ្សី​ (John ​Pirozzi​) ​ផលិតករ​នៃ​ភាពយន្ត​ឯកសារ​នេះ​ដែរ​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អេឡិក​ត្រូនិកថា ​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​បង្កើត​ភាព​យន្ត​នេះ​ឡើង​ដោយ​ហេតុ​ថា​លោក​ចង់​យល់​ដឹង​បន្ថែម​ពី​ប្រវត្តិ​នៃ​ចង្វាក់​បទ​ រ៉ុក​អេន​រ៉ូល។ ​

លោក​បញ្ជាក់​ថា​សម្រាប់​កម្ពុជាក្រៅ​ពី​ការ​យល់​ដឹង​ពី​សោកនាដកម្ម​ដែល​កើត​មាន​ក្នុង​សម័យ​ខ្មែរ​ក្រហម​មហា​ប្រល័យ​ ប្រទេសកម្ពុជាលោក​ក៏​បាន​ដឹងដែរ​ថា​កម្ពុជា​ធ្លាប់​ជា​សង្គម​មួយ​ដែល​មាន​ភាព​ស៊ិវិល័យ​យ៉ាង​ខ្លាំង​ផង​ដែរ។ ហើយ​ប្រជា​ប្រិយ​ភាព​នៃ​ចង្វាក់​រ៉ុក​អេន​រ៉ូល​ក្នុង​ទសវត្សរ៍៦០​គឺ​ជា​ផ្នែក​មួយ​នៃតឹកតាង​បញ្ជាក់​ថា​កម្ពុជា​ក្នុង​សម័យ​មុន​សង្រ្គាម​ស៊ីវិល​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ជា​ប្រទេស​ជឿន​លឿន​និង​រីកចម្រើន។​

ចង្វាក់​រ៉ុក​អេន​រ៉ូល​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដំបូង​បំផុត​ក្នុង​អំឡុង​ទសវត្សរ៍៦០។ ក្រុម​និស្សិត​ក្នុង​គ្រួសារ​អ្នក​មាន​មួយ​ក្រុម​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​បានត្រឡប់​មក​កម្ពុជាវិញ​ជាមួយ​និង​ថាស​ចម្រៀង​និង​ចង្វាក់​ ​រ៉ុក​និង​ចង្វាក់​រ៉ុក​អេន​រ៉ូល។​ ចង្វាក់រ៉ុក ​គឺជា​ចង្វាក់​រាំ​ញាក់​ខុស​ពី​ចង្វាក់​រាំ​របស់​ខ្មែរ​ដែល​រាំ​បែប​ស្រគត់ស្រគំ។ ​រី​ឯ​ចង្វាក់​រ៉ុក​អេន​រ៉ូល​គឺជា​ចង្វាក់​រាំញាក់​ផង​និង​បង្វិល​ខ្លួន​ផង។​ ក្រោយ​ពី​មាន​ការ​ចាក់​ចម្រៀង​ទាំង​នេះ​ជា​បន្តបន្ទាប់​ ចម្រៀង​បែប​នេះ​ក៏​បាន​ក្លាយ​ជា​ការ​ពេញ​និយម​ក្នុង​ស្រទាប់​ក្មេងៗ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

បទ​ភ្លេង​នៃ​ចង្វាក់​រ៉ុក​អេន​រ៉ូល​បាន​ជិះ​ឥទ្ធិផល​ក្នុង​សង្គម​ខ្មែរ​ជា​ពិសេស​ក្នុង​ស្រទាប់​អ្នក​មាន​កាន់​តែ​ច្រើន​ឡើង​ក្រោយ​ពេល​ដែល​កង​ទ័ព​សហរដ្ឋ​អាមេរិក​ត្រូវបាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា។​ ជាង​នេះ​ទៅ​ទៀត​ក្រោយរដ្ឋប្រហារ​ឆ្នាំ​១៩៧០ភាព​ពេញ​និយម​របស់​ចង្វាក់​មួយ​នេះ​បាន​កើនឡើង​កាន់តែ​ខ្លាំង ដោយ​មាន​ការ​បើក​ជាការប្រគុំតន្ត្រី​ជា​សាធារណៈហើយ​ដោយ​សារ​ភាព​ប្រជាប្រិយ៍​នេះ​ហើយ ក្រុមតន្ត្រី​ករ​ហ្គីតា៣ធំៗ​ត្រូវបាន​បង្កើត​ និង​និពន្ធ​បទ​ភ្លេង​រ៉ុក​អេន​រ៉ូល។​ ដូចជា​ បក្សី​ចាំ​ស្រុក​ ​អប្សរា ​និង​បាយ័ន។

លោក​ ចន​ ពី​រ៉ូហ្សី​ថ្លែង​ថា​ការ​អភិរក្ស​បទភ្លេង​ និង​ចង្វាក់​ រ៉ក់អេនរ៉ូល​កម្ពុជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​នៃ​បទ​ចម្រៀង​កម្ពុជា។ ​លោក​បន្តថា​បទ​ភ្លេង​មិន​ថា​រ៉ុក​អេន​រ៉ូល​ឬ​បទ​ដទៃ​ទៀត​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​និង​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​មួយ​ ​ក្នុង​សម័យ​កាល​នីមួយៗ។

អតីត​អ្នក​ប្រគុំ​តន្ត្រី​ជើង​ចាស់​សម័យ​ទសវត្សរ៍៦០​ លោកស្វាយ​ ស ​បច្ចុប្បន្ន​នេះ​លោក​មាន​អាយុ​៧៥​ឆ្នាំ​ហើយ។​ លោក​មាន​ប្រសាសន៍​ថាដំបូង​ឡើយ​មាន​តែ​ចង្វាក់​រ៉ុក ​ប៉ុណ្ណោះ​ដែល​គេ​និយម​លេង​នៅ​តាម​ភោជនីយដ្ឋាន​ និង​ក្លឹប​កម្សាន្ត។ ​ចង្វាក់​នេះ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រទេស​បារាំង។​រហូត​ដល់​ពេល​ដែល​កង​ទ័ព​អាមេរិក​បាន​ចូល​មក​កាន់​កម្ពុជា​ទើប​ចង្វាក់​នេះ​រួម​បញ្ចូល​គ្នា​ទៅ​ជា​ចង្វាក់​ រ៉ុក​អេន​រ៉ូល។

«អា​រ៉ុក​អេន​រ៉ូល​ហ្នឹង​ចេញ​មក​ពី​អាមេរិកាំង​វាអ្នក​បង្កើត។​ បារំាង​មាន​ត្រឹម​តែ​រ៉ុក​។​ អាហ្នឹង​រ៉ុក​អេន​រ៉ូល​ហ្នឹង​គេរាំ​បង្វិល​ខ្លួន​បង្វិល​ប្រាណ។ ​របៀប​គេ​រាំ​ផ្សេងៗ​គ្នា»។

អ្នក​លេង​ភ្លេង​អាយុ​៧៥​រូប​នេះ​បន្ថែម​ទៀត​ថា​កវីនិពន្ធ​ខ្មែរ​បាន​ត្រឹម​ធ្វើ​ការ​កែ​សម្រួលនិង​និពន្ធ​ទំនុក​ច្រៀង​ប៉ុណ្ណោះ​ដោយ​ឡែក​ចង្វាក់​ភ្លេង​គឺ​យក​មក​ពី​បរទេស​ទាំង​ស្រុង។​

«អត់​ទាន់​មាន​និពន្ធ​ទេ​ក៏ប៉ុន្តែ​ពួកខ្ញុំ​ក្មេងៗ​ហ្នឹង​ចេះ​បាត់អស់​ហើយ។​ គាត់​គ្រាន់​តែ​បង្កើត​ភ្លេង​ បង្កើត​បទ​ចម្រៀង​ បង្កើត​ទំនុក​បាន​ប៉ុន្តែ​ចង្វាក់​ត្រូវ​យក​របស់​គេ​ទាំង​អស់»។

លោក​លី ​ប៊ុន​យីម​អ្នក​ដឹកនាំ​និង​ផលិករ​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​មួយ​រូប​ក្នុង​ទសវត្សរ៍​ ៦០​និង​៧០ក៏​បាន​រំលឹក​ពី​អតីតកាល​របស់​លោក​អំពី​ភាព​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការរាំ​ចង្វាក់​រ៉ុក​អេន​រ៉ូល​ដូច្នេះ​ថា៖ «អ្នក​ណា​ក៏ចូល​ចិត្ត​ដែរ​ណា។​ កន្លែង​ណា​ក៏ឮ​តែ​រ៉ុក​អេន​រ៉ូល​ចឹង​ដែរ​ណា​។​ដូច​តួរ​សម្តែង​លោក​ ណុប​ ណែម​ហ្នឹង​ទៅ​ជា​ជំនាញ​ដែរ​ណា»។

អ្នកស្រី​ ឌី​ សាវ៉េត​ អតីត​តារា​ភាព​យន្ត​ដ៏​ល្បី​ម្នាក់​ក្នុង​ទសវត្សរ៍៦០។ ​បច្ចុប្បន្ន​នេះ​អ្នក​ស្រី​បាន​បើក​ជា​កន្លែង​បង្រៀន​សិស្ស​អំពី​របៀប​នៃ​ការ​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរនិង​ចង្វាក់​បរទេស​ផ្សេងៗ​ដូច​ជា​រ៉ុក​អេន​រ៉ូល​ ផង​ដែរ។ ​តារា​ជើង​ចាស់​រូប​នេះបាន​រំលឹក​ពី​អតីតកាល​និង​ភាព​រីក​ចម្រើន​នៃ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍៦០​និង​៧០។

«ជំនាន់​ហ្នឹង​វា​ល្បី​ចង្វាក់​ហ្នឹង​តែ​ម្តង។ ​រាំវង់​រាំ​ក្បាច់​ខ្មែរ​យើង​ក៏​មាន។​ ច​ង្វាក់​ហ្នឹង​ក៏​មាន។ ​សម័យ​ហ្នឹង​ភាគ​ច្រើន​អ្នក​ស្រករ​ខ្ញុំ​ហ្នឹង​ចូល​ចិត្ត​រាំ​ណាស់។នៅតាម​ក្លឹប​កម្សាន្ត​ហ្នឹង​គឺ​មនុស្ស​ណែន​ៗ​តែ​ម្តង»។​

អ្នក​ស្រី​បន្ថែម​ថាក្រៅពី​ចង្វាក់​រ៉ុក​អេន​រ៉ូល ​ចង្វាក់​ធ្វីស​(Twist) ឆាឆា​ឆា​(Cha​ Cha​ Cha) ​ជា​ចង្វាក់​មួយ​ ម៉ាឌី​ស៊ូន​(Madizone​)និង ​តង់​ហ្គោ​(Tango) ​ក៏​បាន​ហូរចូល​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​ដែរ។

លោក​ ស៊ិន​ ចាន់សាយា​ នាយក​នៃ​នាយ​កដ្ឋាន​ភាពយន្ត​របស់​ក្រសួង​វប្បធម៌​កម្ពុជា​ថ្លែង​ថាឥទ្ធិពល​និង​ភាព​ពេញ​និយម​របស់​ចង្វាក់​រ៉ុក​អេន​រ៉ូល​នៅ​កម្ពុជា​មាន​កើត​ច្រើន​តែ​នៅ​ក្នុង​ទីក្រុង​និង​ទី​ប្រជុំ​ជន​ធំៗ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​ជន​បទវិញ​មិន​សូវ​មាន​ការ​និយម​ឡើយ។

លោក​ឲ្យ​ដឹង​ថាអ្នក​និពន្ធ​ទំនុក​ច្រៀង​និងបទ​ភ្លេង​ខ្មែរ​សម័យ​នោះបាន​ធ្វើ​ខេមរយានកម្ម ពោល​គឺ​បាន​កែ​ទំនុក​ច្រៀង​ និងតែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ដោយ​ប្រើ​ចង្វាក់​ដើម​ពី​បរទេស។

​«ចង្វាក់​នៅ​តែ​ជា​របស់​គេ​គ្រាន់តែ​ថា​ទំនុក​ច្រៀង​ជា​ខ្មែរសម្តី​ខ្លឹមសារ​ហ្នឹង​មានវា​មាន​លក្ខណៈ​ជា​ខ្មែរ។​អាហ្នឹង​យើង​គួរ​ឲ្យ​ស​រសើរ»។

​ក្រោយពី​ការ​ដួល​រំលំ​នៃ​របស់​ខ្មែរ​ក្រហម​ និង​ប្រឈម​ចំពោះ​ការ​ហូរ​ចូល​នៃ​បទ​ចម្រៀង​ថ្មី​ៗ​នាពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ចង្វាក់​រ៉ុក​អេន​រ៉ូល​សព្វ​ថ្ងៃ​នេះ​មាន​តែ​នៅក្នុង​មជ្ឈមណ្ឌល​ដម្កល់​បទ​ចម្រៀង​ និង​បទភ្លេងរបស់​ក្រសួង​វប្បធម៌​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG