ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាល​ចិន ចែក​ព័ត៌មាន​សម្ងាត់​និង​ផ្ដល់​បច្ចេកវិទ្យា​តាមដាន​ជាមួយ​កម្ពុជា ហើយ​ជួយ​សង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​ជាតិ


រូបឯកសារ៖ ទង់ជាតិខ្មែរ និង​ទង់ជាតិ​ចិន ត្រូវបាន​គេចង​ព្យួរ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​រវាង​កម្ពុជា​និង​ចិន នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល ខាងត្បូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃចន្ទទី៣ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ ទង់ជាតិខ្មែរ និង​ទង់ជាតិ​ចិន ត្រូវបាន​គេចង​ព្យួរ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​រវាង​កម្ពុជា​និង​ចិន នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល ខាងត្បូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃចន្ទទី៣ ខែសីហា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​ជាន់​ខ្ពស់​កម្ពុជា​និង​ចិន ទើប​បាន​ដាក់​ចេញ​ផែន​ការ​រួមគ្នាប្រឆាំង​បទ​ល្មើស ដែល​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់ និង​បច្ចេក​វិទ្យាកំណត់អត្តសញ្ញាណ​ទំនើប​និង​ជំនួយ​ចិន​សម្រាប់សាង​សង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​កម្ពុជា​ផង​ដែរ។

ផែនការ​ការងារ​ខាងលើ​ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃអង្គារ ក្នុង​ជំនួប​តាម​អនឡាញ រវាង​ឧប​នាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​កម្ពុជា និង​សមភាគី​ចិន​របស់​លោក ​គឺ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​លោក Zhao Kezhi រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ចិន។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា​លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា តាម​រយៈ​ផែន​ការ​ការងារនេះ មន្ត្រី​ចិន​និង​កម្ពុជា​នឹង​សហការ​គ្នា បង្ក្រាបបទល្មើស​ដូចជា ជួញដូរ​គ្រឿងញៀន ភេរវកម្ម​ ជួញ​ដូរ​អាវុធ ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន​មាន​អង្គការ​ចាត់តាំង ល្បែង​ស៊ីសង​អន​ឡាញ​ខុស​ច្បាប់ អំពើ​ឆបោក​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ជា​ដើម។

លោក ស ខេង និង​លោក Zhao Kezhi ក៏​បាន​សន្យា​ថា​ នឹង​គាំទ្រគ្នាទៅ​វិញ​ទៅ​មក លើ​ការប្រារព្ធ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០២២​នៅ​ប៉េកាំង ការ​ដឹកនាំ​រៀបចំ​បណ្ដា​កិច្ច​ប្រជុំ​អាស៊ានដែល​កម្ពុជា​ធ្វើជា​ប្រធាន ​និង​ម្ចាស់ផ្ទះ​ឆ្នាំ​២០២២ និង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ស៊ីហ្គេមឆ្នាំ២០២៣​នៅ​ភ្នំពេញ។ នេះបើ​យោងតាម​លោក ខៀវ សុភ័គ។

«នេះជា​កិច្ចសហប្រតិបត្តិការ​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅ​មក ទាំង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ផ្លាស់​ប្ដូរព័ត៌​មានទាំង​សម្ងាត់ ទាំង​ចំហរ​ផ្សេងៗ ដូច​ដែល​យើង​ធ្លាប់​បាន​ធ្វើ​កន្លង​មក ហើយ​ពិត​ណាស់ដូច​បាន​ជម្រាប​ជូន​ខាង​លើ​អ៊ីចឹង កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​រួម​ចំណែក​ដល់​សុខ​សន្ដិភាព​របស់​កម្ពុជាយើង​បច្ចុប្បន្ន និង​ប្រទេស​ទាំង​ពីរ»។

នៅ​លើ​ទំព័រ​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង ដែល​លោក ស ខេង និង​លោក Zhao Kezhi បាន​ចុះ​ហត្ថលេខា ​និង​ដែល​វីអូអេ​បាន​ឃើញ​ បានបង្ហាញ​ខ្លឹម​សារ​ត្រួសៗ​ថា៖

«ភាគីចិន​នឹង​ផ្ដល់​ជំនួយ​ឧបករណ៍​ត្រួតពិនិត្យ​សន្ដិសុខ ឧបករណ៍​ស៊ើប​អង្កេត​ទីតាំង​បទ​ល្មើស ឧបករណ៍​ធ្វើ​តេស្ដ DNA និង​ឧបករណ៍​ធ្វើ​កោសល្យវិច័យ និង​ពន្លឿន​ដំណើរ​ការ​សាង​សង់​អគារទី​បញ្ជាការ​កណ្ដាល​នគរបាល​កម្ពុជា​»។

លោក ខៀវ សុភ័គ ដែលជា​នាយ​ខុទ្ទកាល័យ​លោក ស ខេង ផង​ដែរ​នោះ បាន​បន្ថែម​ថា៖

«យើងមាន​ការបញ្ជូន​ទៅ​បណ្ដុះបណ្ដាល​នូវ​បច្ចេកទេស នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​រឿង​ជំនាញ​របស់​យើង ដែល​ខាង​នគរបាល​គេ ​នឹង​បន្ត​តាម​ជំនាញ​របស់​គេ​ទៀត»។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី ​ចក់ សុភាព​ បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​តម្លាភាព​លើ​កិច្ច​ព្រម​ព្រៀង​នៃ​ផែន​ការ​ការងារ​ថ្មី​នេះ រវាង​កម្ពុជា​ និង​ចិន។ អ្នកស្រីប្រាប់វីអូអេថា៖

«តែគ្រាន់​ថា​អ្វី​ដែល​យើង​បារម្ភ​នោះ​ហើយ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ឱ្យ​មាន​តម្លាភាព ​គឺ​ការ​បង្ហាញ​អំពី​គោល​ដៅ​ គោល​បំណង​ ហើយ​រាល់​ការ​សហប្រតិបត្តិការ។ ការ​សហប្រតិបត្តិការ​ជារឿងមួយ ​ក៏ប៉ុន្តែ​ការ​បំពាក់ ​ឬ​ការ​ប្រើប្រាស់​បច្ចេកទេស​ ឬ​ជំនួយ​បច្ចេក​ទេស​ពី​ខាង​ណា​ក៏​ដោយ​ គឺ​គួរ​តែ​ធ្វើ​ការ​បង្ហាញ​ឲ្យ​សាធារណជន​បាន​យល់​ថា​តើ​ឧបករណ៍​ទាំងអស់​នោះ ដែល​បាន​បំពាក់​នោះ​ក្នុង​គោល​ដៅ​អ្វី​ ហើយ​វិសាលភាព​នៃ​ការ​ប្រមូល​ព័ត៌មាន​ហ្នឹង​ គឺ​ដើម្បីគោលដៅ​យ៉ាងម៉េច ហើយ​និង​មានវិសាល​ភាព​បែប​ណា»។

អ្នកស្រី ចក់ សុភាព បារម្ភ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​តាមដាន​ដោយ​ពុំ​មាន​ព្រំដែន និង​ពុំ​មាន​ការ​ត្រួត​ពិនិត្យ ក្នុង​វិស័យ​អនុវត្ត​ច្បាប់​ក្រោម​ជំនួយ​ចិន​នេះ អាច​បង្ក​ជា​ហានិភ័យ​ដល់​សិទ្ធិ​ពល​រដ្ឋ​កម្ពុជា​ផង ​និង​ពលរដ្ឋ​ចិន​រស់​នៅ​កម្ពុជា​ផង ជា​ពិសេស​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋ​អំណាច។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ ស្ថានទូត​ចិន​នៅ​ភ្នំពេញ​ពុំ​ទាន់​បានឆ្លើ​យ​តប​នៅ​ឡើយទៅនឹង​កម្រង​សំណួររបស់​វីអូអេ អំពី​សេចក្តីលម្អិត​នៃ​បណ្ដា​បច្ចេក​វិទ្យា​ដែល​នឹង​ចែករំលែកជាមួយ​កម្ពុជា​នេះ។

អាជ្ញាធរ​ចិន​កុម្មុយនិស្ដ​ ក៏​ធ្លាប់​បាន​រង​ការរិះគន់​ផងដែរ​អំពី​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​តាម​ដាន​យ៉ាង​ទូលំទូលាយ​លើ​ពលរដ្ឋ​ខ្លួន​ ដូច​មាន​ការកំណត់​ពិន្ទុ​ឥណទាន​សង្គម​ ការកំណត់​អត្ត​សញ្ញាណ​មុខតាមដង​ផ្លូវ​ និង​ការ​ប្រមូល​សំណាក DNA ពី​បណ្ដា​ជន Uyghur នៅ​ខេត្ត​ Xinjiang ភាគ​ខាង​លិច​ប្រទេស​ផងដែរ។​ តែ​ចិន​ធ្លាប់​បាន​បដិសេធនូវ​ក្ដី​ព្រួយ​បារម្ភទាំង​នោះ។

ទាក់ទិននឹ​ង​ចំណោទ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ឯកជន​ភាព​របស់​ពលរដ្ឋ ក្រោម​ការឃ្លាំ​មើលផ្នែក​បច្ចេក​វិទ្យា​ជា​ជំនួយ​របស់​ចិន​នោះ ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​តប​វិញ​ថា៖

«ការ​គ្រប់​គ្រង​រដ្ឋ បើយើង​ឈរ​លើ​តែសិទ្ធិមនុស្ស ឈរលើ​តែ​ស្អី​នោះ គ្មាន​រដ្ឋ​ណាមួយ​មាន​ស្ថិរ​ភាព​ទេ​ប្រាកដ​ជា​ធ្លាក់​ក្នុង​ភេរវកម្ម​មិន​ខាន​ទេ។ ដូច្នេះ​ការ​គ្រប់គ្រង​រដ្ឋ​យើង​ត្រូវ​តែ​មាន នៅ​សហ​រដ្ឋ​អាមេរិក​ក្ដី យើង​និយាយ​ស្អី​អំពី​ចង់​ផ្ដួល​រំលំ ​ឬ​ចង់​ដាក់​គ្រាប់បែក​នៅ​ទី​ណា គេ​ចាប់​បាន​តែ​ទាំងអស់​ហ្នឹង។ យ៉ាង​ណាមិញ​រដ្ឋកម្ពុជា​ក៏មានសិទ្ធិអ៊ីចឹង​ដែរ​ទេ មិន​អត់​ទេ អ្នក​ណា​ដែល​ចង់​ងើប​បះ​បោរ ចង់​ផ្ដួល​រំលំ ឬ​ក៏​ចង់​ដាក់​គ្រាប់​បែក​ដាក់​អី យើង​ត្រូវ​តែ​មាន​ព័ត៌មាន​លើ​បញ្ហា​ហ្នឹង។ យើង​មាន​ខុស​អី ទាំង​ការ​យក​ព័ត៌មាន​បំផ្លាញ​រដ្ឋ​ដើម្បីកា​រពារ​រដ្ឋ​អត់​មាន​ខុស​ទេ»។

អ្នកស្រី ចក់ សុភាព នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា រដ្ឋ​ត្រូវ​អនុលោម​តាម​ច្បាប់និង​ស្មារតី​បើក​ទូលាយ​ជាមួយ​រាស្ត្រ​ម្នាក់ៗ​ថា ​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​ខ្លួន​គេ​នោះ ត្រូ​វ​បានទុក​ដាក់​យ៉ាង​ដូច​ម្ដេច និង​យក​ទៅប្រើក្នុ​ង​គោល​ដៅ​អ្វីខ្លះ។

ជំនួប​អនឡាញ ​និង​ការ​សម្រេច​ដាក់​ចេញ​នូវ​ផែន​ការ​ការងារថ្មី​នេះ កើត​មាន​ឡើង​ចំពេល​ដែល​មាន​របាយ​ការណ៍​ពី​ការ​កើន​ឡើង​នៃ​បទ​ល្មើស​ឆបោក​មនុស្ស​មក​បង្ខាំង​ទុក និង​គំរាម​ជម្រិតយកប្រាក់​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ចិន លើ​ទឹកដី​កម្ពុជា ដែល​មាន​ករណី​មួយចំនួន​កើត​នៅ​ខេត្ត​ព្រះសីហនុ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG