នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបន្តគាំទ្រប្រទេសចិនយ៉ាងពេញទំហឹង ប៉ុន្តែការថ្លែងជាសាធារណៈបែបនេះត្រូវបានអ្នកវិភាគមួយចំនួនស្នើឲ្យមេដឹកនាំប្រទេសមានការប្រុងប្រយ័ត្ន ដោយសារវាបង្ហាញភាពលម្អៀងទៅកាន់ប្រទេសចិន។
លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រាប់ទៅប្រជាជនកម្ពុជាថាលោកមិនមានកំហុសអ្វីនោះទេ ដោយគ្រាន់តែមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដែលលោកថាទំនាក់ទំនងនេះ គឺដើម្បីបានផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅ[មាន]ទំនាក់ទំនងជាមួយនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលបែបនេះ?»។
លោកបានថ្លែងបែបនេះ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក Wang Yi ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែកញ្ញា ដោយមានការចុះហត្ថលេខាលើជំនួយឥតសំណងប្រមាណ២៧០លានដុល្លារអាមេរិក។
នៅក្នុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ»នៅរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ចិនក្នុងតម្លៃប្រមាណ១៥០លានដុល្លារអាមេរិក លោក ហ៊ុន សែន បានថ្លែងថា ដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ទើបកម្ពុជាទទួលបានពហុកីឡដ្ឋានសម្រាប់រៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសផ្សេងទៀត ដែលមានផ្លូវថ្នល់ជាង២ពាន់គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេមេគង្គមួយចំនួន។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi មកកម្ពុជានិងប្រទេសបីទៀតនៅអាស៊ី គឺវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង កើតឡើងក្នុងគ្រាសហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី កាលពីខែសីហា។ ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ក៏ធ្វើឡើងមុនពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេននៅឆ្នាំ២០២២ខាងមុខផងដែរ។
កាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងកម្ពុជានិងចិន បានបន្សល់ទុកតាំងពីជំនាន់ព្រះបាទនរោត្តមសីហនុ ហើយរូបលោកផ្ទាល់នឹងបន្តរក្សាទំនាក់ទំនងល្អនេះ។
លោកបញ្ជាក់ថា៖«បន្ទាប់ពីព្រះអង្គទៅ នៅមានព្រះរាជបុត្ររបស់ព្រះអង្គកំពុងគ្រងរាជ្យសព្វថ្ងៃ គឺព្រះបាទបរមនាថ នរោត្តម សីហមុនី ក៏ដូចជាកូនចៅរបស់ព្រះអង្គ រួមមានរូបខ្ញុំផងដែរ បន្តអនុវត្តនយោបាយចិន[តែ]មួយ និងបន្តនូវការគ្រប់គ្រងទំនាក់ទំនងដ៏ល្អនេះបន្ថែមទៀត»។
បន្ថែមពីនេះ លោកក៏បានច្រានចោលការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន ហើយថាកុំ«មើលមកកម្ពុជានៅក្នុងក្រសែភ្នែកមិនត្រឹមត្រូវ»។ លោកអះអាងថាកម្ពុជា ក៏ស្វាគមន៍ជំនួយពីប្រទេសផ្សេងទៀតដែរ ហើយមិនយកប្រទេសណាជាសត្រូវនោះទេ។
លោកថ្លែងថា៖ «ពិតហើយកម្ពុជា មិនដែលទាត់ចោលជំនួយអ្នកណាទាំងអស់ គេមិនត្រូវនិយាយអំពីបញ្ហាកម្ពុជាលម្អៀងទៅចិនទេ ព្រោះកម្ពុជាក៏មិនដែលបានទាត់ចោលជំនួយអ្នកណាទាំងអស់ ហើយក៏មិនដែលប្រាប់យកអ្នកណាធ្វើជាសត្រូវដែរ»។
នៅក្នុងពិធីប្រគល់និងទទួល«ពហុកីឡដ្ឋានមរតកតេជោ» លោក Wang Yi ក៏បានថ្លែងសរសើរអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលជា«មិត្តដែកថែប» និង«មិត្តភាពដ៏ជ្រាលជ្រៅបំផុត»។ រដ្ឋមន្រ្តីការបរទេសចិនរូបនោះក៏បានប្រកាសថាប្រទេសចិននឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបន្តរីកចម្រើន។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «ប្រទេសកម្ពុជានិងប្រទេសចិនសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍។ យើងកំពុងតែកសាងសហគមន៍វាសនារួម ហើយប្រទេសចិននឹងអនុវត្តកុងសង់ស៊ីសរបស់មេដឹកនាំប្រទេសទាំងពីរ ជួយប្រទេសកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនប្រទេសកម្ពុជា»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថាប្រជាពលរដ្ឋសាទរនៅពេលថ្នាក់ដឹកនាំមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀតលើពិភពលោក តែធ្វើយ៉ាងម៉េចកុំឲ្យទំនាក់ទំនងផ្អៀងទៅម្ខាង ក្នុងពេលមហាអំណាចកំពុងប្រកួតប្រជែងគ្នា ដូចប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញរួចមកហើយ។
លោកថ្លែងថា៖ «នៅពេលដែលថ្នាក់ដឹកនាំថ្លែងជាសាធារណៈអំពីការប្តេជ្ញា ឬក៏ជំហរលក្ខណៈជាមិត្តភាពដែកថែបបែបនេះ តិចឬក៏ច្រើន សម្រាប់រឿងបច្ចេកទេសនយោបាយ អាចមើលឃើញពីភាពលម្អៀង ឬក៏ការទន់ទោរទៅលើចិនកាន់តែខ្លាំងមែនទែនហើយបាទ»។
ចំណែកលោក សេង សារី អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាប្រទេសលោកខាងលិចក៏បានជួយកម្ពុជាផងដែរ ចាប់តាំងពីឆ្នាំ១៩៩៣ ដែលកសាងមូលដ្ឋានគ្រឹះនៅកម្ពុជា។ លោកបន្តថាការប្រើប្រាស់សារបែបនេះ មិនចំណេញដល់ប្រទេសកម្ពុជានោះទេ ដោយសារវាអាចធ្វើឲ្យម្ចាស់ជំនួយផ្សេងទៀតអន់ចិត្ត។
លោកថ្លែងថា៖ «ក្នុងនាមយើងមេដឹកនាំម្នាក់ ទោះបីយើងដឹងថាយើងពឹងចិន ឬក៏មួយរយៈចុងក្រោយនេះ ជំនួយចិនធ្វើឲ្យមានការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រាប់ពាន់គីឡូក៏ដោយ ក៏ប៉ុន្តែយើងមិនគួរទៅថ្លែងក្តែងៗជាសាធារណៈ បង្ហាញពីការពឹងពាក់ទៅលើចិន១០០%អញ្ចឹងទេ។ អាហ្នឹងជាទស្សនៈរបស់ខ្ញុំ»។
លោក សេង សារី បន្តថាប្រជាពលរដ្ឋក៏នឹងមានចម្ងល់អំពីការគ្រប់គ្រងថវិកាជាតិ ដែលគួរត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្លូវថ្នល់នានា។
លោកប្រាប់វីអូអេថា៖ «វាឆ្លុះបញ្ចាំងអំពីរឿងពលរដ្ឋចេះតែឆ្ងល់ថាបើមិនមានចិន មិនមានផ្លូវថ្នល់កម្ពុជា ចុះការបំផ្លាញធនធានធម្មជាតិ ការលក់រ៉ែ លក់អីហ្នឹង តើលុយហ្នឹងទៅណា យកមកធ្វើអី។ បើមិនយកមកអភិវឌ្ឍប្រទេសជាតិ យកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិហ្នឹង ថាតើលុយហ្នឹងទៅណា?»។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជានិងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State University បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ពិតណាស់ហើយថាទំនាក់ទំនងកម្ពុជាចិន បន្សល់ទុកតាំងពីជំនាន់ព្រះបាទនរោត្តមសីហនុ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិន ប៉ុន្តែនាយករដ្ឋមន្ត្រីប្រហែលជាភ្លេចថាទំនាក់ទំនងនេះ ដូចជាបងប្អូនរួមអាវុធ[brothers-in-arms] អំឡុងសម័យខ្មែរក្រហម ដែលកាលនោះ លោក ហ៊ុន សែន បានលើកឡើងថា ចិនជា«ឫស្សគល់នៃបញ្ហាទាំងអស់ដែលជាបិសាចនៅកម្ពុជា»។
លោកប្រាប់វីអូអេតាមសារអ៊ីមែលថា៖ «ច្បាស់ណាស់ អ្វីៗបានផ្លាស់ប្តូរ ហើយឥឡូវនេះ លោក[ហ៊ុន សែន] និយាយថា''បើខ្ញុំមិនពឹងចិន តើខ្ញុំពឹងអ្នកណា''»?
សៀវភៅដែលចេញផ្សាយដោយក្រសួងការបរទេសនៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា កាលពីខែមេសា ឆ្នាំ១៩៨៤ ស្តីពី«ឧក្រិដ្ឋកម្មរបស់អ្នកកាន់អំណាចចិនចំពោះកម្ពុជា»បានរិះគន់ប្រទេសចិនក្នុងការគាំទ្រខ្មែរក្រហម។ សៀវភៅនោះសរសេរថា៖ «បើគ្មានការគាំទ្រពីចិន ពួកប្រល័យពូជសាសន៍ប៉ុល ពត មិនអាចបង្កឡើងនូវឧក្រិដ្ឋកម្មដ៏រន្ធត់ដូចនេះមកលើប្រជាជាតិកម្ពុជាបានទេ...»។
សៀវភៅនេះបញ្ជាក់បន្ថែមថា៖ «ប្រជាជនកម្ពុជានឹងចងចាំជានិច្ចហើយជារៀងរហូតនូវឧក្រិដ្ឋកម្មរបស់បនប្រល័យពូជសាសន៍ និងចៅហ្វាយរបស់ពួកវា គឺបនប្រតិកិរិយាចិន។ ...ប្រជាជនកម្ពុជាប្តេជ្ញាប្រឆាំងតបយ៉ាងដាច់ខាតចំពោះគោលនយោបាយអមិត្តរបស់អ្នកកាន់អំណាចចិន តែប្រជាជនកម្ពុជានៅតែគោរព និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីជាមួយប្រជាជនចិនជាបងប្អូន»៕