ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​មួយ​នៅ​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា អំបូរ​ថ្មី​នៃ​វីរុស​កូរ៉ូណា​ឆ្លង​រាល​ដាល​លឿន​ជាង​អំបូរ​មុនៗ


វីរុស​កូរ៉ូណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ ត្រូវ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ CDC ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០។
វីរុស​កូរ៉ូណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ ត្រូវ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ CDC ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា អំបូរ​ថ្មី​មួយ​នៃ​វីរុស​កូរ៉ូណា​ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក គឺ​អាច​ចម្លង​បាន​លឿន​ជាង​អំបូរ​មុនៗ​របស់​វីរុស​នេះ។

ការ​សិក្សា​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ Los Alamos នេះ បាន​បញ្ជាក់​ថា អំបូរ​ថ្មី​នេះ ដែល​ជា​ទម្រង់​បំលែង​ខ្លួន​ពី​វីរុស​កូរ៉ូណា​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​កាល​ពី ៣ ខែ​មុន។

អំបូរ​ថ្មី​នេះ​បាន​ឆ្លង​យ៉ាង​លឿន​ទៅ​រដ្ឋ​នានា​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក មុន​ពេល​វា​ក្លាយ​ទៅ​ជា​អំបូរ​វីរុស​កូរ៉ូណា​ដែល​លុប​លើ​អំបូរ​ផ្សេង​ទៀត​នៃ​វីរុស​នេះ​នៅ​លើ​ពិភពលោក ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​សរសេរ​របាយការណ៍​នេះ បាន​និយាយ​ថា ការ​រក​ឃើញ​របស់​ពួក​គេ​បាន​នាំ​ឱ្យ​មាន «សេចក្តី​ត្រូវការ​ជា​បន្ទាន់​មួយ​នៅ​ក្នុង​ការ​រំឮក​ជា​មុន» ដល់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពេទ្យ ឲ្យ​រក​ដំណោះ​ស្រាយ​ដែល​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​អំបូរ​ថ្មី​នៃ​វីរុស​កូរ៉ូណា​នេះ។

របាយការណ៍​នេះ​បញ្ជាក់​ថា អំបូរ​ថ្មី​នៃ​វីរុស​កូរ៉ូណា​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ច្រើន​នាក់​ជាង​អំបូរ​មុនៗ​ដែល​បាន​ឆ្លង​រាល​ដាល​ផុត​ពី​ទីក្រុង Wuhan ប្រទេស​ចិន។ នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ វា​បាន​ក្លាយ​ទៅ​ជា​អំបូរ​វីរុស​កូរ៉ូណា​តែ​មួយ​គត់​ដែល​បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​ប្រទេស​ទាំងឡាយ​ក្នុង​ពិភពលោក។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា អំបូរ​ថ្មី​នៃ​វីរុស​កូរ៉ូណា​នេះ​ឆ្លង​ខ្លាំង​ជាង​អំបូរ​មុនៗ ទោះបីជា​គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នេះ​ក៏​ដោយ។ អំបូរ​ថ្មី​នេះ​ហាក់ដូចជា​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ដូច​អំបូរ​ដំបូង​គេ​នោះ​ទេ ទោះបីជា​អ្នក​ដែល​មាន​ផ្ទុក​អំបូរ​ថ្មី​នៃ​វីរុស​កូរ៉ូណា​នេះ ហាក់ដូចជា​មាន​បរិមាណ​វីរុស​ច្រើន​នៅ​ក្នុង​ខ្លួន​ក៏​ដោយ។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ព្រមាន​ថា ប្រសិន​បើ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ​មិន​ថមថយ​ទេ​នៅ​ពេល​អាកាសធាតុ​ក្តៅ​ជាង​មុន វីរុស​កូរ៉ូណា​នេះ​នឹង​នៅតែ​បន្ត​បំលែង​ខ្លួន នៅ​ពេល​ដែល​គេ​កំពុង​បន្ត​បង្កើត​វ៉ាក់សាំង និង​វិធី​ព្យាបាល​ផ្សេង​ទៀត។

ក្រុម​អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា ប្រសិទ្ធិភាព​នៃ​វិធី​ព្យាបាល​ថ្មីៗ​អាច​មាន​កម្រិត ប្រសិន​បើ​សហគមន៍​វិទ្យាសាស្ត្រ​សាកល​លោក​មិន​ប្រឹងប្រែង​ឲ្យ​បាន​លឿន​ជាង​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​អំបូរ​ថ្មី​នៃ​វីរុស​កូរ៉ូណា​នេះ​ទេ។

មន្ទីរ​ពិសោធន៍​ជាតិ Los Alamos ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ New Mexico នា​ប៉ែក​និរតី​សហរដ្ឋ​អាមេរិក គឺ​ជា​ផ្នែក​មួយ​នៃ​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG