ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកហ៊ុន សែនព្រមាន​រដ្ឋាភិបាល​បរទេស​ កុំ​ឲ្យ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា


រូបឯកសារ៖ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer

ពី​​​ក្រុង​​​ព្រះ​​សីហនុ​ ​ទី​​ដែល​​លោក​​​កំពុង​​​ប្រារព្ធ​​ពិធី​​​ពល​កម្ម​​​អន្តរជាតិ​១​ឧសភា  លោក​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​បញ្ចេញ​​សារ​​ព្រមាន​ មិន​​​ឲ្យ​រដ្ឋាភិបាល​​​បរទេស​​ទាំង​ឡាយ​​ ​​លូក​​លាន់​អ្វី​​ដែល​លោក​ហៅ​ថា ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ចំ​ពេល​ដែល​មាន​ប្រតិកម្ម​ទាំង​ត្រង់ៗ និង​ទាំងប្រយោល​នានា ពី​សំណាក់បណ្ដា​ស្ថាន​ទូត​ប្រទេស​មហា​អំណាច​នៅ​ក្រុង​ភ្នំពេញ​ ទាក់ទង​នឹងចំណាត់​ការរបស់​រដ្ឋាភិបាល​ និងស្ថាប័នយុត្តិធម៌​ខ្មែរ​ ប្រឆាំងនឹងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ នា​ប៉ុន្មានសប្ដាហ៍​ចុងក្រោយនេះ។​

លោក​នាយក​រដ្ឋ​មន្ត្រី ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​បុរស​ខ្លាំង​នៃ​កម្ពុជា បាន​បដិសេធ​រាល់​ការ​លើក​ឡើង​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ ព្រមទាំង​រដ្ឋាភិបាល​បរទេសមួយ​ចំនួន​ដែល​ថា ​នយោបាយ​កម្ពុជា​ កំពុង​មាន​វិបត្តិ។

«បើ​បរទេស​ណា​និយាយ​ថា ​ប្រទេស​[កម្ពុជា]​នេះ​មានវិបត្តិសូម​មើល​ប្រទេស​ខ្លួន​ឯង​មើល៍ វា​យ៉ាង​ម៉េច?​ ដូច​ជា​អឺរ៉ុប [មាន]​ការ​វាយ​ប្រហារ​ភេរវកម្ម វិបត្តិ​ជន​ភៀស​ខ្លួន សិទ្ធិ​ស៊ីវិលរបស់​ជន​ភៀសខ្លួនទៅណា?»

លោក​នាយក​រដ្ឋ​មន្ត្រី បាន​បន្ត​ថា​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រាន់​តែ​ចាត់​វិធាន​ការ​ដោយ​ស្រប​ច្បាប់​ប្រឆាំង​នឹង​អ្វី​ដែលលោក​ហៅ​ថា​ «ពួក​អានាធិបតេយ្យ» ​តែ​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋ​មន្ត្រីទំនង​ជា​ចង់​សំដៅទៅ​លើ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​ចំណាត់​ការ​របស់តុលាការ​ទៅ​លើ​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស និងមន្ត្រីបក្សប្រឆាំង។

«អ្នក​រំលោភ អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ យើង​ចាត់​វិធាន​ការ​ កុំ​ឱ្យ​ខក​ខាន ដើម្បី​ការពារនូវកិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។

មក​ទល់​នឹង​ពេល​នេះ សកម្មជន​និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០នាក់​រាប់​តាំង​ពី​ថ្នាក់តំណាងរាស្ត្រ​ចុះ​មក កំពុង​ត្រូវ​បាន​តុលាការ​កម្ពុជា​កោះហៅ​សាកសួរ​និង​សម្រេច​ឃុំខ្លួន និង​ឃាត់​ខ្លួន​ជាបន្ត​បន្ទាប់​ក្រោមបទ​ចោទ​ផ្សេងៗ។

កាល​ពី​ចុង​សប្ដាហ៍​នេះ អង្គភាពប្រឆាំង​អំពើពុករលួយ​ បាន​ឃាត់​ខ្លួនមន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​ចំនួន​បួនរូប​របស់​សមាគម​សិទ្ធិ​មនុស្ស ​អាដ​ហុក និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​ ​ ដោយសង្ស័យ​ថា ​ពួក​គេ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ ​ទាក់ទង​នឹង​ការ​បញ្ចុះបញ្ចូល​ឲ្យ​សាក្សី​ក្លែង​សក្ខីកម្ម ដើម្បី​បំបិទ​រឿង​អាស្រូវ​ស្នេហាលួច​លាក់​របស់អនុ​ប្រធាន​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា។

​ភ្លាមៗ​នោះ​ សកម្មជន​សិទ្ធិ​មនុស្ស​ទាំង៤រូប​និង​មន្ត្រី​គ.ជ.ប ម្នាក់​បានត្រូវ​បាន​សម្រេចឃាត់​ខ្លួន​ដោយ​អង្គភាពប្រឆាំង​អំពើ​ពុករលួយ និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ គឺ​លោក អ៊ូ វីរៈ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ដោយសារ​លោក​បញ្ចេញ​ទស្សនៈ​ថា រឿង​រ៉ាវ​របស់​នាង​ ខុម ចាន់តារ៉ាទី​ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ស្ថាន​ទូត​អាល្លឺម៉ង់ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និងស្ថានទូតបារាំង ជា​បន្ត​បន្ទាប់ បាន​បង្ហោះ​សារ​តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម Twitter របស់​ពួក​គេ នូវ​រូប​អ្នកការ​ទូត​របស់ពួក​គេ​ថត​ជាមួយលោក អ៊ូ វីរៈ ហាក់​ដូច​ជា​ដើម្បីបង្ហាញ​ការ​គាំទ្ររបស់​ពួក​គេ​ចំពោះ​អ្នក​វិភាគមិនសំចៃមាត់រូប​នេះ។ ស្ថានទូត​មហាអំណាច​ទាំង​បី ក៏បានរៀបចំ​ជំនួប​ដាច់​ដោយ​ឡែក ជាមួយមេដឹកនាំអង្គការអាដ​ហុក អង្គការ​លីកាដូ វេទិកា​អនាគត អង្គការខុម​ហ្វ្រែល និង​អង្គការសីលការ​ជា​ដើម។

ក្រោយពី​មាន​ប្រតិកម្ម​របស់​មន្ត្រី​ទូត លោក ហ៊ុន សែន​ បាន​ព្រមាន​ថា៖

«សូម​បរទេស កុំ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ កម្ពុជា​មិន​បាន​លូក​លាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​អ្នក​ដទៃ​ទេ តែ​សូម​អ្នក​ដទៃ​គោរព​នូវ​ឯករាជ្យ អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា។ កុំ​ជ្រៀត​ជ្រែក​ឲ្យ​សោះ»។​

លោក ហ៊ុន សែន បាន​បន្ត​ថា ​រដ្ឋាភិបាល​បរទេស​ បាន​និង​កំពុង​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​លូក​ដៃ​ចូល​កិច្ច​ការតុលាការ ដើម្បី​អន្តរាគមន៍​លើ​សំណុំ​រឿង​ក្ដី​ក្ដាំ​ប្រឆាំង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រីបក្សប្រឆាំងទាំងនោះ។

«ពេល​ប្រធានាធិបតី អូបាម៉ា និយាយ​ជាមួយ​ខ្ញុំ​ឆ្នាំ​២០១២ ខ្ញុំ​ថា ស្រុក​ខ្មែរ​អត់​មាន​អ្នក​ទោស​នយោបាយ​ទេ ​មាន​តែ​អ្នក​នយោបាយ​ជាប់​គុក [ដោយ​ទោស] ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ប្រាប់ ​អូបាម៉ា​ ត្រង់ៗ​ ខ្ញុំ​ទៅ​ខ្លាច​អី! អូបាម៉ា​ ជា​ប្រធានាធិបតី​អាមេរិកាំង មាន​ប្រធានាធិបតី​ខ្មែរ​ពី​អង្កាល់ ... ចាំ​តែ​ហ៊ុន សែន ខ្លាច​តើ!»។

ក៏​ប៉ុន្តែ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​នានា បាន​បរិហារ​ជា​បន្ត​បន្ទាប់​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យាយី ​ជា​បន្ត​បន្ទាប់​ទៅ​លើ​សេរី​ភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។​

អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ ដែល​កំពុង​ប្រឈម​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញការសោកស្ដាយ​របស់​លោក ចំពោះ​ការ​ថ្លែង​ខាង​ដើម​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​ការ​លូក​លាន់។

លោក​និយាយ​ថា តាម​លោក​យល់​ឃើញ​ រដ្ឋាភិបាល​បរទេស​ទាំងនេះបង្ហាញ​ពី​កង្វល់​ទាក់ទង​នឹងការ​អនុវត្តសិទ្ធិ​នេះ​គឺដោយ​សារ​តែ ​រដ្ឋាភិបាល​បរទេស​ទាំង​នោះ ​ចង់​ឱ្យ​មាន​ការ​គោរពសិទ្ធិ​មនុស្ស និងអនុវត្តនីតិរដ្ឋដោយស្មើភាពតែប៉ុណ្ណោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល បាន​និយាយ​ថា រដ្ឋាភិបាល​ប្រទេស​សេរី​ទាំង​នោះ មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ក្នុង​នាម​ជា​ម្ចាស់​ជំនួយ និង​បង្ហាញ​យោបល់​លើបញ្ហា​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​ធានា។

«កម្ពុជាយើង​ មិន​អាច​ដើរ​ឆ្ងាយ​ពី​ការ​ផ្ដល់​មតិ​យោបល់​បាន​ទេ។ ឥឡូវ​យើង​កំពុង​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុងពិភពលោក ទាំង​ក្នុង​អាស៊ាន ទាំង​ក្នុង​សាកល​លោក។ អ៊ីចឹង​បើ​យើង​មិន​អាចនិយាយពីប្រទេសមួយបានឯករាជ្យ វា​ទៅ​អត់​រួច វា​ទាល់​តែ​ប្រទេស​ហ្នឹង​វា​អាច​រស់​បាន​ដោយ​ខ្លួន​ឯង​ដែរ។ ហើយ​ទោះ​បី​ជា​រស់​បានដោយខ្លួនឯង ក៏នៅ​ត្រូវការ​មតិយោបល់​ពី​អន្តរជាតិ​ដែរ ដែល​គេ​មាន​ពិសោធន៍​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែរ»។

លោក គល់ បញ្ញា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បើ​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស គេ​មិន​និយាយ​អំពី​បញ្ហា​អធិបតេយ្យភាព ហើយ​ក៏​មិនមែន​ជា​បញ្ហា​ប្រទេស​និង​ប្រទេស តែ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​បញ្ហា​សកល ដែល​គ្រប់​គ្នា នរណា​ក៏​ដោយ អាច​បញ្ចេញ​មតិយោបល់​បាន។​

ទោះជាយ៉ាងណាក៏​ដោយ អ្នក​វិភាគនយោបាយ​សង្កេត​ឃើញ​ជា​ហូរហែរ​ថា ជំនួយ​របស់​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជាដែល​ចេះ​តែ​កើន​ឡើង​ និង​ឈរ​នៅ​លើ​គេ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មិន​មាន​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ដូច​ជំនួយរបស់ប្រទេស​សេរី​ទេ។

គេ​នៅ​ចាំ​បាន​ថា លោក វ៉ាង យី រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន ក៏​ធ្លាប់​ថ្លែង​ការពារ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ដែរ នៅ​ពេល​លោក​មក​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៣ ដែល​នៅ​កាល​នោះ​កម្ពុជា មាន​ភាព​ចម្រូងចម្រាស​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣។

កាលនោះ ប្រមុខ​ការ​ទូត​ចិន​រូប​នេះ បានប្រកាស​ថា ចិន​នឹង​ទប់​ស្កាត់​ មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ។​

ទាំង​ចិន ​ទាំង​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ឡាយ ​សុទ្ធ​តែ​មាន​នយោបាយ ​មិនលូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ឡើយ។ ជាមួយ​នឹង​ជំនួយ​របស់​ចិន ដែលចេះ​តែ​កើន​ឡើង គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា កាន់តែត្រូវបានអនុវត្តកាន់តែខ្លាំងនៅកម្ពុជា៕

XS
SM
MD
LG