ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី ជំរុញ​ឲ្យ​មាន​សកម្មភាព​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ «ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា»​


លោក Brian Eyler ជា​អ្នកនិពន្ធ​សៀវភៅ និយាយ​ទៅកាន់​អ្នកចូលរួម​ម្នាក់​ដែល​បាន​ជាវ​សៀវភៅ​របស់​លោក​នៅ​ពិធី​ដាក់​សម្ពោធ​សៀវភៅ «Last Days of the Mighty Mekong» នៅ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)

គម្រោង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​បង្ក​ការ​គំរាម​កំហែង​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​តំបន់។​ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ក្នុង​សៀវភៅ​ថ្មី​ដែល​និពន្ធ​ដោយ​លោក​ Brian Eyler ​ដែល​ជា​អ្នក​ជំនាញ​ម្នាក់​ស្តី​ពី​បញ្ហា​តំបន់​អាស៊ី​អាគ្នេយ៍។

សព្វ​ថ្ងៃ​នេះ​ទន្លេ​មេគង្គ​កំពុង​តែ​ជួប​ប្រទះ​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាននិង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​ការសាងសង់​ទំនប់​វារីអគ្គិសនី​និង​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​តាម​ដង​ទន្លេ​មេគង្គ​ ជាពិសេស​នៅ​តំបន់​មេគង្គ​លើ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្មណ៍​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​និង​អ្នក​អភិរក្ស​បរិស្ថាន​ជាច្រើន។​ ក្នុង​ចំណោមនោះ​មាន​លោក​ប្រ៉ៃអិន អៃល័រ (Brian Eyler) ដែល​លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ទន្លេ​មេគង្គ​និង​ចង​ក្រង​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ «Last Days​ of the ​Mighty Mekong» ​និងមានន័យ​ជា​ភាសា​ខ្មែរ​ថា ​«ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មកនេះ។​ គោល​បំណង​នៃ​សៀវភៅ​នេះ​គឺ​ចង់​បង្ហាញ​ទស្សនិកជន​ឲ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ទន្លេ​មេគង្គ​ដ៏​មហិមា​នេះ​និង​បញ្ហា​ប្រឈមដែល​ទន្លេ​មេគង្គ​និង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​កំពុង​ជួបប្រទះ។

គម្រោង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​បង្ក​ការ​គំរាម​កំហែង​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​តំបន់។​ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ក្នុង​សៀវភៅ​ថ្មី​ដែល​និពន្ធ​ដោយ​លោក​ Brian Eyler ​ដែល​ជា​អ្នក​ជំនាញ​ម្នាក់​ស្តី​ពី​បញ្ហា​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​សៀវភៅ​ថ្មី «Last Days​ of the ​Mighty ​Mekong» ​ឬ​ក៏​មានន័យ​ជា​ភាសា​ខ្មែរ​ថា «ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មកនេះ ​លោក ​Eyler​ បង្ហាញ​ពី​ការសិក្សា​យ៉ាង​លម្អិត​មួយ​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទន្លេ​មេគង្គ ​និង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​និង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តាម​ផ្លូវទឹក​ទន្លេ​មួយ​នេះ។

ទន្លេ​មេគង្គ​គឺ​ជា​ទីជម្រក​ដល់​ប្រជាជន​ជាង​៧០​លាន​នាក់។​ ជីវចម្រុះ​និង​ធនធាន​ទឹក​ជា​ច្រើន​របស់​ទន្លេ​រួមមាន ​ត្រី ​រ៉ែ ​ដីល្បាប់​ និង​ទឹក​ជាដើម​ ជួយ​ទ្រទ្រង់​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ Eyler ​ដែល​ជា​នាយក​កម្មវិធី​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​របស់​មជ្ឈមណ្ឌល​ Stimson Center​ បាន​កត់​សម្គាល់​នៅ​ក្នុង​សៀវភៅ​របស់​លោក​ថា៖

«ធនធាន​ត្រី​ដ៏​ច្រើន​ក្រៃលែង​នៅ​ក្នុង​ទន្លេ​មេគង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​នេះ​ជា​អាង​ជលផល​ទឹកសាប​ដ៏​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រមូល​ផល​ត្រី​បាន​ជាង​២លាន​តោន​ក្នុង​១​ឆ្នាំ​ៗ។​ គ្មាន​អាងទន្លេ​ក្នុង​ពិភព​លោក​ណា​អាច​ធ្វើ​ដូច​អាង​ទន្លេ​មេគង្គ​បាន​នោះ​ទេ»។

រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ ​លោក​ Eyler ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​និង​ចំណាយ​ពេល​ជួប​ពិភាក្សា​ជាមួយ​ក្រុម​សហគមន៍​ដែល​ប៉ះពាល់​ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ អ្នក​នយោបាយ​ និង​អ្នក​តាក់តែង​ច្បាប់​ជា​ច្រើន​នាក់​ ដើម្បី​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​ការប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​មេគង្គ។

លោក​ Eyler ​បាន​ប្រាប់​VOAថា៖

«ខ្ញុំ​ព្យាយាម​ចាប់​យក​វិធី​ពេញលេញ​មួយ​ដើម្បី​បង្ហាញទស្សនិកជន​ទូទៅ​ មិនមែន​សម្រាប់​តែ​អ្នក​ជំនាញ​នោះ​ទេ​ ឲ្យ​បាន​ដឹង​អំពី​អ្វី​ដែល​កំពុង​កើន​ឡើង​ទៅ​លើ​តំបន់​ទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន។​ហើយ​សៀវភៅ​នេះ​ពិនិត្យ​មើល​ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ទន្លេ​មេគង្គ​លើ​ និង​មើល​ថា​តើ​សហគមន៍​កំពុង​ធ្វើការ​ឆ្លើយ​តប​យ៉ាង​ដូចម្តេច​ចំពោះ​បញ្ហា​ទាំង​អស់​នេះ»។

បញ្ហា​មួយ​ដែល​ព្រួយ​បារម្ម​ណ៍​ខ្លាំង​បំផុត​ដែល​លោក​បាន​ជួប​ប្រទះ​គឺការ​កើន​ឡើង​ឆាប់​រហ័ស​នៃ​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​របស់​ចិននៅ​ទូទាំង​តំបន់​ទន្លេ​មេគង្គ ​ដែល​គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​នោះ​ស្ថិត​នៅ​តំបន់​មេគង្គ​លើ​នៅ​ក្នុង​ប្រទេស​ចិន។

នៅ​ក្នុង​សៀវភៅ​ «ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ​ លោក​Eyler ​ពិភាក្សា​ពី​ការ​គំរាម​កំហែង​ផ្នែក​វប្បធម៌​ទៅ​លើ​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ខ្ពង់រាប​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​បាន​គេ​ហៅ​ថា តំបន់ ​Zomia។

លោក​ Eyler​បាន​បន្ត​ទៀត​ថា ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខ្ពង់រាប​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ដោយសារ​តែ​ការ​ផ្លាស់ប្តូរ​ទីលំនៅ ​និង​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ដែល​បាន​បង្ក​ឡើង​ពីការ​សាង​សង់​ទំនប់​វារី​អគ្គិសនី។ គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​និង​លោក​ខាង​លិច​នឹង​ផ្លាស់ប្តូរ​តំបន់ Zomia​ ពី​តំបន់​ប្រជុំ​ព្រៃឈើ​សម្រាប់​មនុស្ស​ជាតិ​ដ៍​ពិសេស​មួយ​ទៅ​ជា​កន្លែង​សកល​ភាវូបនីយកម្ម។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាន​បង្ខំ​ប្រជាជន​នៅ​មូលដ្ឋានរួម​មាន​ក្រុម​ជនជាតិ​ភាគតិច​ជាដើម​ឲ្យ​ធ្វើការ​ចំណាក​ស្រុក​និង​ផ្លាស់ទី​លំនៅ​ទៅ​កន្លែង​ថ្មី។ ​លោក​បាន​អះអាង​ថា​ ពួកគេ​ជួប​បញ្ហា​សង្គម​និង​សេដ្ឋកិច្ចជាច្រើន​ក្នុង​ការ​បង្កើត​ជីវិត​រស់​នៅ​ថ្មី។

គម្រប​សៀវភៅ«ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» និពន្ធ​ដោយ​លោក ប្រ៉ៃអិន អៃល័រ (Brian Eyler) ដែល​ជា​នាយក​កម្មវិធី​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​របស់​មជ្ឈមណ្ឌលStimson Center។
គម្រប​សៀវភៅ«ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» និពន្ធ​ដោយ​លោក ប្រ៉ៃអិន អៃល័រ (Brian Eyler) ដែល​ជា​នាយក​កម្មវិធី​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​របស់​មជ្ឈមណ្ឌលStimson Center។

លោក​ Eyler ​បាន​បន្ត​ទៀត​ថា​ បើ​ទោះ​បី​ជា​អាងទន្លេ​មេគង្គ​ដ៏​មហិមា​នេះ​ផ្តល់​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​ក្រៃលែង​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​របស់​ប្រជាជន​រាប់​ពាន់​លាន​នាក់​យ៉ាង​ណា​ក្តី ​ការ​គំរាម​កំហែង​ពី​ការ​អភិវឌ្ឍន៍ ​បម្រែបម្រួល​អាកាស​ធាតុ និង​ការ​នេសាទ​ត្រី​ហួស​កម្រិត​បាន​នាំ​ឲ្យ​តំបន់​ទន្លេ​មេគង្គ​ខិត​ជិត​ដល់​មាត់​ជ្រោះ​ដ៏​គ្រោះថ្នាក់។

កញ្ញា ​Sarah Rose-Jensen​ បេក្ខជន​បណ្ឌិត​ និង​អ្នកជំនួយ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឯ​សាកល​វិទ្យាល័យ ​George Mason ​ដែល​បាន​ចូលរួម​ការ​សម្ពោធ​សៀវភៅ​នេះ ​បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​យល់ស្រប​ជាមួយ​នឹង​ការ​វាយ​តម្លៃ​របស់​លោក​ Eyler ​ដែល​ថា​ទន្លេ​មេគង្គ​កំពុង​ស្ថិត​ក្នុង​ភាព​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ ​ហើយ​ឧបសគ្គ​នៃ​អភិបាល​កិច្ច​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង»។​

កញ្ញា​បាន​បន្ត​ទៀត​ថា៖

«ខ្ញុំ​គិត​ថាអនាគត​របស់​ទន្លេ​មេគង្គ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ និង​មាន​ឧបសគ្គ​ជាច្រើន។ ​ខ្ញុំ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​អាង​ទន្លេ​មេគង្គ»។

ផលប៉ះពាល់​ដល់​តំបន់​ទន្លេ​មេគង្គ​ក្រោម

អ្នក​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​កត់​សម្គាល់​ថា​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​សកម្មភាព​អភិវឌ្ឍន៍​ខ្នាត​ធំ​ជាច្រើន​ទៅ​លើ​ដង​ទន្លេ​មេគង្គ ជា​ពិសេស​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម​រួមមាន​ប្រទេស​ឡាវ ​កម្ពុជា​ និង​វៀតណាម។

លោក​ Eyler​ បាន​និយាយ​ថា ​ទំនប់​នៅ​តំបន់​ទន្លេ​មេគង្គ​លើ​ក្នុង​ប្រទេស​ចិន​គ្រប់គ្រង​លំហូរ​ទឹក​និង​ទប់​ដីល្បាប់​ដ៏​មាន​ជីជាតិ​មិន​ឲ្យ​ហូរ​ចុះ​មក​តំបន់​ទន្លេ​មេគង្គ​ក្រោម។​ ជា​លទ្ធផល​ វា​បាន​រំខាន​ដល់​បំលាស់​ទី​របស់​ត្រី ​អាហារ ​និង​ធ្វើ​ឲ្យ​មានទឹក​ជំនន់​ឡើង​វិញ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ​បន្ថែម​ពី​លើ​នេះ​ទៅទៀត​ គម្រោង​សាង​សង់​ទំនប់​របស់​ចិន​នៅ​ក្នុង​ប្រទេស​ឡាវ​បាន​ធ្វើ​ឲ្យមាន​បញ្ហា​ឲ្យកាន់តែ​ធ្ងន់ធ្ងរ​ឡើង។​ ទំនប់​ចំនួន​៥០​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ប្រទេស​ឡាវ​ ដែល​ទំនប់​ទាំងអស់​នេះ​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​ដល់​ទន្លេ​មេគង្គ។​ នៅ​ក្នុង​សៀវភៅ​ «ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា»នេះ។​ លោក​ Eyler ក៏​បាន​ដាស់​តឿន​ពី​បញ្ហា​ដែល​អាច​កើត​ឡើង​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ទន្លេ​ដនសាហុង​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ។

ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់ទន្លេ​មេគង្គ​ក្រោម​ទាំង​អស់​នោះ​ ប្រទេស​កម្ពុជា​ក៏​ជួប​ប្រទះ​ការ​គំរាម​កំហែង​បរិស្ថាន​និង​អេកូឡូស៊ី​ជាច្រើន​ពី​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន​និងឡាវ​ ដែល​បង្ក​ជា​ផល​ប៉ះពាល់​ដល់​បឹង​ទន្លេ​សាប​ ដែល​ជា​ប្រភពម្ហូបអាហារ​សំខាន់​ជាង​គេ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​ Eyler ​បាន​ឲ្យ​ដឹង​ថា ​បឹង​ទន្លេ​សាប​ផលិត​ត្រី​ចំនួន​ ៥០០០០០តោន​(កន្លះលាន) ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ផ្តល់​ជាតិ​ប្រូតេអ៊ីន​ដល់ទៅ​៧៥​%ដល់​ប្រជាជន​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«ទំនប់​វារីអគ្គិសនី​នៅ​តំបន់​មេគង្គ​លើ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​កំណត់​ឡើង វិញ​ទាំងស្រុង​ចំពោះ​ជីវភាព​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប ​និង​ប្រទេស​កម្ពុជា​ជារួម ពីព្រោះ​អ្វី​ដែល​កើតឡើង​ចំពោះ​តំបន់​ទន្លេ​មេគង្គ​ក៏​កើត​ឡើង​ចំពោះ​ប្រទេស​កម្ពុជា​ផង​ដែរ។​ ហើយ​នេះ​គឺ​អ្វី​ដែល​សំខាន់​ដែល​យើង​ត្រូវ​ដឹង។ ​អ្វី​ដែល​កើតឡើង​ចំពោះ​ប្រទេស​កម្ពុជា​ក៏​អាច​កើត​ឡើង​ចំពោះ​តំបន់​ទន្លេ​មេគង្គ​ដែរ។​ បឹង​ទន្លេសាប​គឺ​ជា​ដង្ហើម​បេះដូង​នៃ​ប្រព័ន្ធ​ទន្លេ​ទាំងមូល។​ ហ្វូង​ត្រី​ហែល​ចូល​មក​បឹង​ទន្លេសាប​និង​ចេញ​ពី​បឹង​ទន្លេសាប។ ​ហើយ​ចង្វាក់​ប្រចាំ​ឆ្នាំ​មួយ​នេះ​ត្រូវការ​ការ​ថែ​រក្សា​ការពារ​ មិន​មែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សម្រាប់​ទន្លេ​មេគង្គ​ទាំង​មូល​ផង​ដែរ»។

លោក​បាន​បន្ថែម​ទៀត​ថា​ តំបន់​ដីសណ្ត​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ប្រែប្រួល​ពី​តំបន់​ដែល​មាន​ស្ថិរភាព​មួយ​ទៅ​ជា​តំបន់​ដែល​លិចទឹក។​ នេះ​បណ្តាលមកពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ ការ​ប្រែប្រួល​អាកាសធាតុ ​ការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​បូម​ទឹក​ចេញ​ពី​ក្រោម​ដី។

រូបឯកសារ៖ សាឡាង​ចត​នៅ​មាត់​ទន្លេ​មេគង្គ មុន​នឹង​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ត្រើយ​ម្ខាង​ទៀត នៅ​ថ្ងៃ​ទី ២ ខែកញ្ញា ឆ្នាំ២០១៥។
រូបឯកសារ៖ សាឡាង​ចត​នៅ​មាត់​ទន្លេ​មេគង្គ មុន​នឹង​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ត្រើយ​ម្ខាង​ទៀត នៅ​ថ្ងៃ​ទី ២ ខែកញ្ញា ឆ្នាំ២០១៥។

ដំណោះស្រាយ​ផ្សេងៗ

លោក​Eyler ​ក៏​បាន​លើក​ឡើង​ពី​ អ្វី​ដែល​បណ្តា​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ទាំង​អស់ ជាពិសេស​រដ្ឋាភិបាល​របស់​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​អាច​ធ្វើ ​ដើម្បី​កាត់បន្ថយ​គ្រោះ​ហានិភ័យ​ និង​ទប់ទល់​បញ្ហា​វិបត្តិ​នានា ​នា​ពេល​អនាគត​ដែល​បណ្តាល​មក​ពី​ការ អភិវឌ្ឍន៍​នៅ​តាម​ដង​ទន្លេ​មេគង្គ។

លោក​បាន​និយាយ​ទៀត​ថា៖

«សៀវភៅ​នេះពិនិត្យ​មើល​ពី​វិធី​របស់​សហគមន៍​នានា​ដែល​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះ​ពាល់​ទាំងនេះ​ក៏​ដូចជា​គិត​អំពី​របៀប​ដែល​ប្រទេស​នានា​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ដូចជា​ប្រទេស​កម្ពុជា​ជាដើម ​អាច​លើក​កម្ពស់កម្មវិធី​ទ្រទ្រង់​ការ​អភិវឌ្ឍន៍​ដើម្បី​ទាញ​យក​ថាមពលតាម​វិធី​ផ្សេង​ទៀត​ដែល​អាច​អភិរក្ស​បឹង​ទន្លេសាប​ពីព្រោះ​បឹង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា»។

លោក​បាន​បន្ថែម​ទៀត​ថា ​មក​ដល់​ពេល​នេះ ​ការ​ផ្លាស់ប្តូរ​ទី​លំនៅថ្មី​មិន​ទាន់​អាច​ជួយ​ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស​ខ្លួន​ដោយសារ​តែ​ការ​ប្រែ​ប្រួល​អាកាសធាតុ ​និង​ផល​ប៉ះពាល់​បរិស្ថាន​បណ្តាល​មក​ពី​ទំនប់​វារី​អគ្គិសនី​បាន​នោះ​ទេ។

កញ្ញា​ Rose-Jensen ​មក​ពី​សាកល​វិទ្យាល័យ ​George Mason ​បាន​និយាយ​ថា​៖

«បញ្ហា​ដ៏​ចម្បង​មួយ​ គឺ​គម្រោង​ផ្លាស់​ទី​លំនៅ​និង​តាំង​ទី​លំនៅ​ថ្មី​មិន​ទាន់​មាន​ភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​ វា​មិន​មាន​ភាព​គ្រប់គ្រាន់​ដោយសារ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទី​លំនៅ»។

លោក ​Carlos Rodriguez ​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​STEM ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​នេះ​បាន​និយាយថា ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​គួរ​តែ​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​រវាង​ការ​អភិវឌ្ឍន៍​និង​ការ​អភិរក្ស។

លោក​បាន​បន្ត​ទៀត​ថា៖

«ខ្ញុំ​គិត​ថា ការ​ប្រឈមទាំង​មូល​ចំពោះ​ពិភពលោក​នា​ពេល​ឥឡូវ​នេះ​គឺ​ការ​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ប្រើប្រាស់​ថាមពល​និង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ដល់​បរិស្ថាន​និង​មនុស្ស​ជាតិ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

កញ្ញា​Rose Jensen ​បាន​បន្ថែម​ថា ​ភាព​ស្មើគ្នា​នៃ​ការ​ចែក​ចាយ​ថាមពល​ក៏​ជា​កត្តា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា ៖

«យើង​ទើប​តែ​បាន​ឃើញ​ពី​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​ Eylerថា ​ទំនប់​វារីអគ្គិសនី​របស់​ចិន​ផលិត​ថាមពល​ច្រើន​ហួសហេតុ ​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ​កំពុង​តែ​ត្រូវ​ការ​ថាមពល។​ ដូច្នេះ​ការ​ឆ្លើយតបទៅ​បញ្ហា​នេះ​គឺ​ប្រហែល​ជា​មិនមែន​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​នោះ​ទេ​ ប៉ុន្តែ​គួរតែ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់​ដើម្បី​នាំចេញ​ថាមពល​អគ្គិសនី​ទាំង​នោះ​ទៅ​ទូទាំង​ប្រទេស​ក្នុង​តំបន់​វិញ»។

យោង​តាម​លោក​ Eyler​ រដ្ឋាភិបាល​វៀតណាម​ទទួល​ស្គាល់​បញ្ហា​កំពុង​ប្រឈម​នានា ហើយ​កំពុង​តែ​កសាង​យន្តការ​ភាព​ធន់​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទាំង​អស់​នោះ។​ លោក​និយាយ​ថា​ រដ្ឋាភិបាល​វៀតណាម​កំពុងចាត់​វិធានការ​យ៉ាង​តឹង​រឹង​ ដូចជា​ ការស្វែងរក​ប្រភព​ថាមពល​ជំនួស ​និង​រឹត​បន្តឹង​ការ​បូមទឹក​ក្រោមដី​ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រេចរឹល​នៃ​បរិស្ថាន​និង​ការពារ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ។

លោក​ Eyler បាន​បន្ត​ទៀត​ថា ​ប៉ុន្តែ​ប្រទេស​ចិន ​ឡាវ​និង​កម្ពុជា​មិន​ទាន់​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​និង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា ​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ភាព​បរាជ័យ​របស់​ស្ថាប័ន​នេះ​ក្នុង​ការធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​ការ​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​ដែល​មាន​មហិច្ឆតា​ដូចជា​ ប្រទេស​ចិន​និង​ឡាវ ​បន្ត​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​និង​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​ដង​ទន្លេ​មេគង្គ​បន្ថែម​ទៀត។

គម្រោង​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​និង​ក្រុម​អ្នក​វិនិយោគ​ទុន​ផ្សេងៗ​ គឺ​ជា​កត្តា​ចម្បង​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ទន្លេ​មេគង្គ​ដ៏​ធំ​មហិមា​នេះ។​ហើយ​បញ្ហា​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ វប្បធម៌ ​និង​សេដ្ឋកិច្ច​ ដែល​គំរាម​កំហែង​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​តាម​ដង​ទន្លេ​មេគង្គ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG