ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​មួយ​បង្ហាញ​ថា​ កសិករ​កម្ពុជា​ត្រូវ​ការ​ជំនួយ​ជា​ច្រើន​បន្ថែម​ទៀត​ ​ដើម្បី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ


លោកស្រី​ Johanna Palmberg​ លោក​ តឹក វណ្ណារា​ និង​លោក​ Clemens Beckers ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោកស្រី​ Johanna Palmberg​ លោក​ តឹក វណ្ណារា​ និង​លោក​ Clemens Beckers ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

របាយការណ៍​មួយ​ចុះ​ផ្សាយ​ជា​ផ្លូវ​ការ​​ដោយ​​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តី​ពី​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បង្ហាញ​ថា ​​កង្វះខាត​ធន​ធាន​និង​ការ​អប់រំ​មាន​កម្រិត​នៅ​តែ​ជា​ឧបសគ្គ​រារាំង​កិច្ច​ប្រឹងប្រែងក្នុង​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា។

ស្រប​ពេល​ដែល​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តែ​ជា​បញ្ហា​ចោទ​មួយ​នៅ​លើ​ពិភព​លោក​ ​កសិករ​កម្ពុជា​ជាច្រើន​ ​យល់ដឹង​តិចតួច​ពី​បញ្ហា​នេះ​ ​និង​ត្រូវ​ការ​ការ​ជួយ​ជ្រោមជ្រែង​ជា​ច្រើន​បន្ថែម​ទៀត​ដើម្បី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​ធាតុអាកាស នេះ​បើ​យោង​តាម​អ្នក​ជំនាញនិង​របាយការណ៍​នៃ​ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ។

របាយ​ការណ៍​ស្តី​ពី​ការ​វាយតម្លៃ​លើ​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ​ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃចន្ទ​នេះ​បង្ហាញ​ថា ​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​រួម​មាន​ ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត​ កង្វះ​ប្រតិបត្តិការ​ដោយ​ស្វ័យភាព​ ​កង្វះ​គណនេយ្យភាព​ ​និង​ការ​ទទួលខុសត្រូវ​មាន​កម្រិត​ទាប។

របាយ​ការណ៍​ដែល​ធ្វើ​ការ​សិក្សា​លើ​ការ​បន្ស៊ាំ​ខ្លួន​របស់​កសិករ​កម្ពុជា​ស្ថិត​ក្នុង​ឃុំ​ពីរ​នៃ​ខេត្ត​តាកែវ​និង​ព្រៃ​វែង​ ​បន្ថែម​ថា ​ការ​ជួយ​ឧបត្ថម​ទុន​ក្នុង​ការ​តយល់​ដឹង​លើ​ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​ធាតុ​អាកាស​នៅ​សម្រាប់​កសិករ​ខ្មែរ​មានត្រឹម​ ៣០ភាគ​រយ​តែ​ប៉ុណ្ណោះ​ ​ខណៈ​អាជ្ញាធរ​ឃុំ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​សកម្មភាព​នា​នា​ដើម្បី​បញ្ជ្រៀប​ការយល់​ដឹង​ដល់​ប្រជាក​សិករ​នៅ​តាម​ភូមិ។

របាយការណ៍​ដដែល​ ​ដែល​បាន​ចូលរួម​ស្រាវជ្រាវ​ដោយ​អង្គការ​បរិស្ថាន​មួយ​ចំនួន​បាន​សរសេរ​សង្ខេប​យ៉ាង​ដូច្នេះ៖​

​«សកម្មភាព​នា​នា​សម្រាប់​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវីធី​វិនិយោគ​ឃុំ-សង្កាត់​ ​ប៉ុន្តែ​សកម្មភាព​ទាំង​នេះ​មាន​តិចតួចបំផុត​ ​ដោយ​សារ​តែ​ខ្វះខាត​ថវិការ​ឧបត្ថម្ភ និង​ការ​ផ្តួចផ្តើម​នៅ​តាម​មូលដ្ឋាន។ ​ក្រុមប្រឹក្សា​ឃុំ​មិន​អាច​បង្កើត​ចំណូល​ផ្ទាល់​ខ្លួន​បាននោះទេ​ ​និងការ​អនុវត្ត​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​ ​ត្រូវ​ការ​ថវិកា​ពី​រដ្ឋាភិបាល​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នា​នា»។

​យោងទៅ​តាម​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ ​(ADB)​ កម្ពុជា​បាន​ខាតបង់​អស់ ១,៥⁠ ​ពាន់​លាន​ដុល្លារ​ ដែល​មាន​ប្រហែល​ ​១០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ដោយសារ​ផលវិបាក​នៃ​បម្រែបម្រួល​អាកាស​ធាតុ។

​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ពេញលេញ​ពី​ផល​ប៉ះពាល់​ពី​បម្រែ​បម្រួល​អាកាសធាតុ​ ​និង​បាន​ចាត់ទុក​បម្រែ​បម្រួល​អាកាសធាតុ​ជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​ជាតិ​ឆ្នាំ ​២០១៤-២០១៨​ ​និង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​ផ្នែក​បម្រែ​បម្រួល​ ​អាកាសធាតុ​កម្ពុជា​ឆ្នាំ ២០១៤-២០២៣។

​លោក​ ​តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​និង​ផ្សព្វផ្សាយ​របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ កង្វះ​ខាត​មូលនិធិ​នៅ​តែ​ជា​ឧបសគ្គលើ​កម្មវិធីអភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

​ដើម្បី​ឲ្យ​កម្មវិធី​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិលើ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុបោះ​ជំហាន​ទៅ​មុខ​នេះ លោក​ តឹក​ វណ្ណារ៉ា​ បាន​ស្នើ​ឲ្យ​មាន​ការ​ប្រើប្រាស់​ធនធាន​ឲ្យ​ត្រូវ​គោលដៅ។ លោក​បាន​និយាយ​ថា៖​

«ចំណុច​ដែល​ត្រូវ​បន្ត​ទៀត​គឺ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ធនធាន​រវាង​ថ្នាក់​ស្រុក​ ​ថ្នាក់​ខេត្ត​ ​ថ្នាក់​ជាតិ​ហ្នឹង​មាន​លក្ខណៈ​បន្ស៊ី​គ្នា ហើយ​លំហូរ​ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិ ដែល​តាម​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន​ទាំង​ការ​ចូលរួម​របស់​ធនធាន​ពីរាជរដ្ឋាភិបាល​ ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ ធនធាន​ពី​សង្គម​ស៊ីវិល​និង​ធនធាន​ពី​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។

លោក ​តឹក វណ្ណារា​ នាយកប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ចូលរូម​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្រ្ជាប​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក ​តឹក វណ្ណារា​ នាយកប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ចូលរូម​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្រ្ជាប​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ទាក់ទិន​នឹង​ចំណេះដឹង​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លោក​ តឹក វណ្ណារ៉ា​ ​ក៏​បាន​ទទួល​ស្គាល់ផង​ដែរ​ថា​ ចំណេះ​ដឹង​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ជាក់ស្តែង។​ អាស្រ័យ​ហេតុ​នេះ​ ​លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​ដៃគូ​ពាក់ព័ន្ធ​ជួយ​ជំរុញ​បន្ថែម​ទៀត​លើ​ផ្នែក​លើក​កម្ពស់​សមត្ថភាព​ និង​វិធីសាស្រ្ត​នៅ​ក្នុង​បន្ស៊ាំ​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ។

របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ពី​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​តាកែវ​ ​និង​ខេត្ត​ព្រៃវែង​ ​បាន​លើក​ឡើង​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះបំផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​គ្រោះ​ធម្មជាតិ​ ដោយសារ​តែ​សមត្ថភាព​បន្ស៊ាំ​ទាប​និង​ភាព​មាន​កម្រិតនៅ​ក្នុង​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍។

លោកស្រី​ ​ឈឿន សុឌី​ ​ប្រធាន​សហគមន៍​ព្រៃឈើ​ចង្រ្កាន​រយ​នៅ​ស្រុក​វ៉ារិន​ ខេត្ត​សៀមរាប​ ​បាន​និយាយ​ថា បម្រែ​បម្រួលអាកាសធាតុ​បាន​ជះឥទ្ធិពល​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​របស់​លោក​ស្រី។

​លោក​ស្រី​បាន​និយាយ​ថា៖​

«ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ​ ​ការ​កើត​គ្រោះ​មហន្តរាយ​គឺ​ ពាក់ព័ន្ធ​នឹង​អាយុ​ជីវិត​របស់​ពួក​គាត់។ បំផ្លាញ​កសិកម្ម​ដូចថា​ទឹក​ជំនន់​ហូរ​ច្រើន​បំផ្លាញ​កសិកម្ម​របស់​ពួកគាត់។​ ​ហើយវា​ឆ្លង​ជំងឺ​ វីរុស ជា​ច្រើន»។

លោកស្រី​ ​សុឌី​ ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ​ក្នុង​តំណែង​ជា​ប្រធាន​សហគមន៍​ លោកស្រី​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នៅ​ក្នុង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​ ​ប៉ុន្តែ​លោកស្រី​បាន​បន្ត​ថា​ កិច្ច​ការងារ​នៅ​ក្នុង​ការ​អប់រំ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយសារ​តែ​ថវិកា​ស្តួចស្តើង។

លោក​ស្រី​ ​Johanna Palmberg​ ​អ្នក​តំណាង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ​បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​នៃ​ការ​យល់ដឹង​ពី​សំណាក់​ពលរដ្ឋថា្នក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិអំពី​បម្រែបម្រួល​អាកាស​ធាតុ​និង​វិធីសាស្រ្ត​នៅ​ក្នុង​ការ​បន្ស៊ាំ​ខ្លួន។

លោក​ស្រី​បាន​និយាយ​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖

​«មាន​តម្រូវ​ការ​នៃ​ការ​យល់ដឹង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​មូលដ្ឋាន​ ពី​ការ​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​និង​ការ​ដែល​មនុស្ស​គ្រប់គ្នា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​បរិស្ថាន។​ ​ការណ៍​នេះ​បាន​ក្លាយ​ជា​អ្វី​ដែល​សំខាន់​នៅ​ពេល​រៀបចំ​ផែនការ​ស្តី​ពី​ការ​ប្រើប្រាស់​ធនធាន និង​ការ​ធានា​ថា​ ​ការ​ប្រើប្រាស់​ធនធាន​នឹង​មាន​លក្ខណៈ​រួម​បញ្ចូល​សម្រាប់​មនុស្ស​គ្រប់​គ្នា»។

លោកស្រី​ Johanna Palmberg អ្នក​តំណាង​ស្ថានទូត​ស៊ុយអែត ចូលរូម​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្រ្ជាប​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោកស្រី​ Johanna Palmberg អ្នក​តំណាង​ស្ថានទូត​ស៊ុយអែត ចូលរូម​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្រ្ជាប​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

​លោក​ ​Clemens Beckers​ ​អនុព័ន្ធ​-គ្រប់​គ្រង​ផ្នែក​ធនធាន​ធម្មជាតិ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​លើកថា​ សហភាព​អឺរ៉ុប​នឹង​បន្តជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ចាប់​តាំង​ពីឆ្នាំ​ ​២០១០​ ​ដែល​រួម​មាន​ជំនួយ​ផ្នែក​ថវិកា​ ​និង​បច្ចេក​ទេស​ ​ដែល​នៅ​មាន​កម្រិតនា​ពេល​បច្ចុប្បន្ន។

លោក​ ​Clemens​ ​បាន​បន្តថា​ត្រូវ​មាន​ការ​លើក​កម្ពស់​ការ​យល់ដឹង​បន្ថែម​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​មូលដ្ឋាន​ ​នៅ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​កិច្ច​ការងារ​បន្ស៊ាំទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ​ហើយ​សហ​ភាព​អឺរ៉ុប​នឹង​បម្រុង​ទុន​ចំនួន​៦លាន​អឺរ៉ូ​ទៀត​ ដើម្បី​ជួយ​ដល់​កម្ម​វិធី​របស់​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា។​

លោក​បាន​និយាយ​ថា៖​

«ខ្ញុំ​គិត​ថា អ្វី​ដែល​ត្រូវ​លើកកម្ពស់​នៅ​ដំណាក់​កាល​ដំបូង​ គឺ​ ​ការ​យល់​ដឹង​ពី​អ្វី​ទៅ​ជា​ ការ​ប្រែប្រួល​អាកាស​ធាតុ។​ ​ដូច្នេះ​ ខ្ញុំ​គិត​ថា​វា​មានសារៈសំខាន់​សម្រាប់​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ការ​យល់ដឹង​ឲ្យបាន​ប្រ​សើរ​ជាង​មុន​ពី​អ្វី​ទៅ​ជា​បម្រែបម្រួល​អាកាសធាតុ​ ​និង​ប្រៀបធៀប​ពី​ស្ថានភាព​បម្រែបម្រួល​អាកាស​ធាតុ​ ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​ដូចជា​ ​ទឹក​ជំនន់​ ​និង​កម្រិត​ភ្លៀង​ធ្លាក់»។

​ស្រប​ពេល​ដែល​កម្ពុជា​បាន​ចូលរួម​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ផ្សេងៗ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ​ការ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​តម្លាភាព​ ​និង​ប្រសិទ្ធភាព​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​នៅ​តែ​ជា​កត្តា​ចម្បងមួយ ដែល​ត្រូវ​ការការ​ជំរុញ​ ​និង​ការ​ជជែក​វែកញែក​បន្ថែម​ទៀត៕​

XS
SM
MD
LG