ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​ក្រុមហ៊ុន​អេបផល​នឹង​ត្រូវ​គេ​ចងចាំ​ថា​ជា​បុរស​ប្រកប​ដោយ​ទស្សនៈវិស័យ


លោក Steve Jobs ប្រធាន​ក្រុមហ៊ុន Apple Inc. បក់​ដៃ​​ទៅ​កាន់​ទស្សនិកជន​នៅ​ក្រោយ​ពេល​លោក​បាន​ធ្វើ​ការ​បង្ហាញ​​ឧបករណ៍​ថ្មី iPad 2 នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ទី​ក្រុង​សាន់​ហ្រ្វាន់ស៊ិស្កូ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០១១។
លោក Steve Jobs ប្រធាន​ក្រុមហ៊ុន Apple Inc. បក់​ដៃ​​ទៅ​កាន់​ទស្សនិកជន​នៅ​ក្រោយ​ពេល​លោក​បាន​ធ្វើ​ការ​បង្ហាញ​​ឧបករណ៍​ថ្មី iPad 2 នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ទី​ក្រុង​សាន់​ហ្រ្វាន់ស៊ិស្កូ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០១១។

លោក​ ស្ទីវ ចបស៍​ (Steve Jobs) ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​កុំព្យូទ័រ​អេបផល​ (Apple) បាន​ទទួល​មរណៈភាព​​កាល​ពី​ថ្ងៃ​ពុធ​ទី​០៥ ខែ​តុលា នៅ​ក្នុង​វ័យ​ ៥៦​ឆ្នាំ។​ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បុរស​ដែល​ប្រកប​ទៅ​ដោយ​ទស្សនៈវិស័យ។

លោក​ស្ទីវ ចបស៍​ (Steve Jobs) នឹង​ត្រូវ​គេ​ស្គាល់​ជា​រៀង​រហូត​ថា​ ជា​បុរស​ដែល​បាន​ធ្វើ​ឲ្យ​បច្ចេកវិជ្ជា​មាន​ភាព​ងាយស្រួល​ប្រើ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ទោះគេ​មិនមែន​ជា​អ្នក​ជំនាញ​ក៏​ដោយ។​ លោក​ជា​និមិត្តរូប​នៃ​បច្ចេកវិជ្ជា​ក្នុង​ពិភពលោក​ផ្នែក​កំព្យូរទ័រ​ផ្ទាល់​ខ្លួន។

«យើង​ព្យាមយាម​ផលិត​ឧបករណ៍​ដែល​យើង​គិត​ថា​ មាន​ភាពអស្ចារ្យ​ហើយ​មនុស្ស​ទូទៅ​ចង់​បាន។​ ពេល​ខ្លះ​យើង​គិត​ត្រូវ​ ពេល​ខ្លះ​យើង​គិត​ខុស»​ ។

ជា​ញឹកញាប់​លោក​បាន​គិត​ត្រូវ។​ ពី​អាល្លឺម៉ង់​ដល់​ចិន​ អតិថិជន​បន្ត​ចង់​បាន​ផលិតផល​ Apple។​ ហ្វ្រាន់សីស លុន​ (Francis Lun)​ អ្នកវិភាគ​បច្ចេកវិជ្ជា​នៅ​ទីក្រុង​ហុងកុង​ថ្លែង​ថា៖

«លោក​ស្ទីវ ចបស៍​ បាន​ផ្លាស់ប្តូរ​របៀប​យើង​ទាញ​យក​តន្ត្រី​ របៀប​ប្រើ​ប្រដាប់​ស្តាប់​នៅ​ត្រចៀក​ និង​របៀប​ដែល​យើង​ប្រើ​កុំព្យូទ័រ»។

លោក​ចបស៍​ មិន​បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ទេ។​ លោក​ បាន​កើត​នៅ​ថ្ងៃ​ទី២៤​ ខែកុម្ភៈ​ ឆ្នាំ១៩៥៥​ ហើយ​ធំ​ដឹង​ក្តី​នៅ​តំបន់​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ (California)​ ដែល​ក្រោយមក​ត្រូវ​គេ​ស្គាល់​ថា​ ជា​តំបន់​ ស៊ីលីខូន វ៉ាលី​ (Silicon Valley) ដែល​ជា​មណ្ឌល​ឧស្សាហកម្ម​បច្ចេកវិជ្ជា​របស់​សហរដ្ឋ​អាមេរិក។

នៅ​ឆ្នាំ​១៩៧៤​ នៅ​កន្លែង​ចត​ឡាន​របស់​លោក​ លោក​ ចបស៍​ បាន​ចាប់ផ្តើម​ផលិត​កុំព្យូទ័រ​ អេបផល​ ទីមួយ​ ជាមួយ​មិត្ត​របស់​លោក។​ លោក​ ឌេវីឌ ខារូល(David Carroll) ជា​សាស្រ្តាចារ្យ​រង​នៃ​សាលា​ឆ្នៃម៉ូដ​ ផាសុន​ (Parsons)​ បាន​ថ្លែង​ថា៖

«ការណ៍​ដែល​លោក​ចបស៍​ បាន​ឆ្នៃ​ម៉ូដ​ពាណិជ្ជកម្ម​អាមេរិកាំង​ឡើង​វិញ​តាំងពី​លំដាប់​លើ​ ដល់​ក្រោម​និង​នៅ​ទូទាំង​ប្រទេស​ ជា​រឿង​អស្ចារ្យ​ណាស់។​ លោក​ត្រូវ​គេ​ចាត់ចូល​លំដាប់​លោក​ ថមម៉ាស​អេឌីសុន​ (Thomas Edison) និង​ ហេនរី ហ្វ៉ដ​ (Henry Ford)​ ដូច្នេះ​លោក​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​គ្រប់​ជំនាន់»។

នាង​ចាកឃ្លីន​ សាន់ដឺររីកហ្កូ​ (Jacqueline Thunder-Rego) ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ ប្រ៊ុកឃ្លីន (Brooklyn) នៃ​ទីក្រុង​ញូវយ៉ក​(New York) ថ្លែង​ថា៖

«ក្រុមហ៊ុន Apple ​បានផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សទៅនឹង​បច្ចេកវិទ្យា»។

រី​ឯ​នាង​ សាល់ម៉ា​ រ៉ាហ្សា​ (Salma Raza) ដែល​ជា​ទេសចរណ៍​ម្នាក់​មក​ពី​ទីក្រុង​ឡុងដ៍​ ថ្លែង​ថា​៖

«លោក​បាន​បង្កើត​ឧបករណ៍​ ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ពេល​អនាគត»។

តែ​នៅ​ឆ្នាំ​២០០៤​ លោក​ចបស៍​ បាន​ប្រកាស​ថា​ លោក​កំពុង​ទទួល​ការ​វះកាត់​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​លំពែង។​ ៥ឆ្នាំ​ក្រោយ​មក​ លោក​បាន​ផ្លាស់​ប្តូរថ្លើម។

«ប្រមាណ​៥​ខែ​មុន​ ខ្ញុំ​បាន​ផ្លាស់ប្តូរ​ថ្លើម។​ ឥឡូវ​នេះ​ ថ្លើម​របស់​មនុស្ស​អាយុ​ជាង​២០ឆ្នាំ​ នៅ​ក្នុង​ខ្លួន​ខ្ញុំ»។

វេជ្ជបណ្ឌិត​ម៉ាធ្យូ​ វ៉ស្ហ​ (Mathew Walsh) ជា​អគ្គនាយក​ផ្នែកវះកាត់​ទូទៅ​នៅ​គ្លីនិក​ ឃ្លីវលីន​ (Cleveland)។

«វា​ជា​ប្រភេទ​ជំងឺ​ ដែល​មើល​មិន​ជា​ រីករាលដាល​ និង​ធ្វើ​ឲ្យ​អ្នកជំងឺ​អស់កម្លាំង»។

លោក​ចបស៍​ បាន​លា​ឈប់​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ ក្រុមហ៊ុន​អេបផល​ នៅ​ខែសីហា​ ដែល​ធ្វើ​ឲ្យ​អតិថិជន​ខ្លះ​ព្រួយបារម្ភ។

ស្តេហ្វ៉ាន បុត​ (Stefan Bott) ជា​អតិថិជន​របស់​ក្រុមហ៊ុន​អេបផល​ ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​ លោក​ ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា​ ពួកគេ​នឹង​មិន​បន្ត​ច្នៃ​ប្រឌិត​ខ្លាំង​ទៀត​ទេ​ ពីព្រោះ​លោក​ជា​អ្នក​ច្នៃប្រឌិត»។

តែ​អ្នក​ខ្លះ​ទៀត​ មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ។

សូរ៉េល រីសម៉ាន់ (Sorel Reisman) ប្រធាន​អង្គការ​ IEEE​ Computer Society​ ថ្លែង​ថា៖

«លោក​ចបស៍​ បាន​បណ្តុះបណ្តាល​ អ្នកដទៃ​ក្នុង​ក្រុមហ៊ុន​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ក្រុមហ៊ុន​នេះ​នឹង​ដំណើរការ​ទៅ​មុខ​ទៀត»។

ការស្លាប់​របស់​លោក​ចបស៍​ គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​ក្រុមហ៊ុន​អេបផល​ បង្ហាញ​ទូរស័ព្ទ​ I phone​ ថ្មី​របស់​ខ្លួន។​ ក្នុង​សេចក្តី​ប្រកាស​អំពី​ការស្លាប់​របស់​លោក​ចបស៍​ ក្រុមហ៊ុន​អេបផល​ បាន​ឲ្យ​ដឹង​ថា​ ភាពវ័យឆ្លាត​ សន្ទុះចិត្ត​ និង​កម្លាំង​របស់​លោក​ចបស៍​ ជា​ប្រភព​នៃ​ការឆ្នៃប្រឌិត​ និង​ធ្វើឲ្យ​ជីវិត​យើង​មាន​ភាព​ប្រសើរ​ឡើង៕

ប្រែសម្រួល​ដោយ​លី ម៉ូរីវ៉ាន់

XS
SM
MD
LG