ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​រង​ការរិះគន់​អំពី​ការខ្ជះខ្ជាយ​លុយកាក់ ក៏​ការតែងតាំង​ឋានៈ​មន្ត្រី​បន្ត​កើត​មាន​ឡើង


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រធាន​ព្រឹទ្ធសភា សាយ ឈុំ និង​លោក​ប្រធាន​រដ្ឋសភា ហេង សំរិន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត ឈរ​លា​ដំណើរ​យាង​និវត្តន៍​របស់​អង្គព្រះមហាក្សត្រ​នៅ​ឯ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រធាន​ព្រឹទ្ធសភា សាយ ឈុំ និង​លោក​ប្រធាន​រដ្ឋសភា ហេង សំរិន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត ឈរ​លា​ដំណើរ​យាង​និវត្តន៍​របស់​អង្គព្រះមហាក្សត្រ​នៅ​ឯ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ។ (អូន ឆេងប៉រ/VOA)

ទីប្រឹក្សា​និង​ជំនួយការ​ជាង​៨០រូប​ត្រូវ​បាន​តែងតាំង​និងផ្តល់​ឋានៈពី​អគ្គនាយក​ដល់​រដ្ឋ​មន្ត្រី​ ដើម្បី​អម​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ដែល​ជា​ផ្នែក​មួយ​នៃការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋា​ភិបាល​ក្នុង​អាណត្តិ​ទី​ប្រាំមួយ​នេះ។​ នេះ​បើ​យោង​តាម​ព្រះរាជ្យក្រឹត្យ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មានដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​ និង​អ្នក​នាំពាក្យ​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី។​

ព្រះរាជ្យ​ក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក​ ​សាយ ឈុំ​ ​ប្រធានព្រឹទ្ធសភា​ និង​ជា​ប្រមុខរដ្ឋស្តីទី កាល​ពីថ្ងៃ​៥ ខែតុលា​ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ ​Freshnews នៅ​ថ្ងៃ​ពុធ ​បាន​ឱ្យ​ដឹងថា​ ព្រះ​មហាក្សត្រ​ខ្មែរ​បាន​ត្រាស់​បង្គាប់​តែងតាំង​ ​និង​ផ្តល់​ឋានៈដល់​ទីប្រឹក្សាអម​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ចំនួន​៤៦រូប។​ ​ក្នុង​ចំណោម​អ្នកទាំង​៤៦​ ​រូប​មាន​បី​រូប​មានឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ហើយ​ផ្សេង​ទៀត​គឺមាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​និង​អនុរដ្ឋ​លេខា​ធិការ។​ ​ព្រះរាជ្យក្រឹត្យ​ដដែល​ក៏​បាន​ត្រាស់​បង្គាប់​ ​តែងតាំង​និង​ផ្តល់​ឋានៈ​ដល់​ជំនួយការ​ទីប្រឹក្សាអម​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ចំនួន​៣៨រូប។​ ​អ្នកទាំង​៣៨រូប​នេះ​មាន​ឋានៈ​ស្មើ​នឹង​អគ្គនាយក។

រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​-សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​-សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (VOA)

ព្រះរាជ្យក្រឹត្យ​ចេញ​ដោយ​លោក​ ​សាយ ឈុំ​ ​មិនបាន​បញ្ជាក់​អំពី​មុខ​ជំនាញ​និង​កិច្ច​ការ​ដែលក្រុម​មន្ត្រី​ទាំង​នេះ​ នឹង​ទទួល​រ៉ាប់រង​នោះ​ទេ។​

ប៉ុន្តែ​លោក ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ថា​ ​ទីប្រឹក្សា​ដែល​ទើប​តែងតាំង​ថ្មី​នេះ​ ​សុទ្ធ​តែ​មាន​ជំនាញ​ច្បាស់​លាស់​មក​ពី​ស្ថាប័ន​រដ្ឋ​ផ្សេង​គ្នា។​ ​

លោក​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​

«ក្រសួង​នីមួយៗ​គឺ​មាន​ជំនាញ​របស់​គេ​ ដូច្នេះ​ទីប្រឹក្សា​ក្រសួង​ហិរញ្ញ​វត្ថុ​ វា​ត្រូវ​តែ​យល់​ពី​អារឿង​ការងារ​នេះ​ ហិរញ្ញវត្ថុ។ ទីប្រឹក្សា​ក្រសួង​កសិកម្ម​ ត្រូវតែយល់​គ្នា​អំពី​វិស័យ​កសិកម្ម​ហ្នឹង​ឯង​ ពីព្រោះ​គឺ​ទិស​ដៅ​របស់​នាយករដ្ឋមន្ត្រី​ ចង់បាន​ប្រសិទ្ធិភាព​ មិន​ចង់​ឲ្យ​គេ​បោះឆ្នោត​ទម្លាក់​ចោល​អាណត្តិ​មុខ​នេះ​ឯង»។​

អ្នកនាំពាក្យ​រូប​នេះ​អះអាងថា​ ការ​តែងតាំង​នេះ​ជា​ការ​បង្កើត​ការងារ​បន្ថែម​ដល់​មន្ត្រី​ទាំងនោះ ក្នុង​ពេល​រដ្ឋាភិបាល​កំពុង​រក​ចំណូល​បានច្រើន។​

«ដូច្នេះ​យើង​ប្រើ​គ្រប់​មធ្យោបាយ​ ឆ្លើយតប​នឹង​គោល​នយោបាយ​ចំណូល​ខ្ពស់​ បង្កើន​ការងារ​របស់​ប្រជាពលរដ្ឋ។ អ្នក​ទាំង​អស់​ហ្នឹង​មិនមែន​ខ្មាំង​ឯណា។​ ​អ្នក​ទាំង​អស់​ហ្នឹង​មិនមែន​បរទេស​ណា​ គាត់​មក​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ ធ្វើ​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព។​ ​អានេះ​គឺ​ទិសដៅ​ខ្ពស់​ណាស់»។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​ ​មាស នី​ ​អ្នកសិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ លោក​តែងតែ​បាន​ឃើញ​ការ​តែង​តាំង​មន្ត្រី​ក្នុង​តួនាទី​ជា​ទីប្រឹក្សា​ជាច្រើន​លើក​ច្រើនសារ​ តែ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​វិស័យ​ដែល​មន្ត្រី​ទាំង​នោះ​ទទួល​ខុសត្រូវ​នោះ​ឡើយ។​ ​លោក​យល់​ថា​ ការ​តែង​តាំង​ដែល​ចេះតែ​បន្ត​កើត​មាន​នេះ​ នឹង​ដាក់​សម្ពាធ​លើ​ការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​ ដែល​លោក​អះអាង​ថា​ ធំតែ​ក្បាល​ ​ហើយក៏គ្មានការ​ធ្វើ​កំណែទម្រង់​ជា​ដុំ​កំភួន​ណា​មួយនោះ​ដែរ។​

«យើងតែងតែ​បាន​គិត​តាំងពីមុន​មក​ហើយ​ថា​ រដ្ឋាភិបាល​នេះ​ជារដ្ឋាភិបាល​ក្បាល​ធំ​ ខ្លួនតូច​បាទ។ បាន​ន័យ​ថា​ ចំណាយ​ច្រើនមែនទែន​ទៅលើ​ រដ្ឋបាល​សម្រាប់​ចិញ្ចឹម​បុគ្គលិក​ ហើយ​និង​មន្ត្រី។ ហើយ​កាលពី​មុន​អាណត្តិបោះឆ្នោត​ ឬ​ក្រោយ​អាណត្តិ​បោះឆ្នោត​បន្តិច​ ២០១៨នេះ​ យើង​ហាក់​ដូចជា​មាន​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​ធ្វើការ​កំណែ​ទម្រង់​ កាត់​បន្ថយ​មន្ត្រី​នៅថ្នាក់​ក្រសួង​ ថ្នាក់​ជាតិ​អ៊ីចឹង​ ក៏​ប៉ុន្តែ​ ឥឡូវនេះ​ គឺ​ចុង​បំផុត​ ហាក់​ដូច​ជា​កំពុង​តែបញ្ចូល​មកវិញ​ហើយ​ កាន់​តែ​ច្រើន​ឡើង​ ច្រើន​ឡើង​ណាស់។ បាទ​ អីចឹងអាហ្នឹង​ ​វាមើលទៅ​ ទំនង​ដូច​ជា​ មិនមាន​ការ​កំណែទម្រង់​អី​ ជា​ធំ​ដុំ​ទេ»។​

រូបេកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)
រូបេកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)

លោក​ ​ផៃ ស៊ីផាន​ ​បាន​ប្រតិកម្មតប​វិញ​ថា​ ​ក្រុម​អ្នកវិភាគ​មិនយល់​ពីការ​ចង់​បាន​របស់​រដ្ឋាភិបាល​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​វិភាគ​រិះគន់​ ពួកអាហ្នឹង​ ​មិន​ដែល​ធ្វើនាយករដ្ឋមន្ត្រីផងហ្នឹង​ អា​ខ្លះ​ស៊ីលុយ​គេ​ហ្នឹង​ ដូច្នេះ​ មិន​មែន​ពួក​វិភាគ​ហ្នឹង​ ​មានឥទ្ធិពល​មកលើ​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ជូនសម្តេចតេជោ​ទេ នែ៎!។ អ្នក​វិភាគ​ហ្នឹង​ ​ខ្លះហ្នឹង​គ្រាន់តែ​ចាត់​ចែង​គ្រួសារ​ខ្លួនឯង​មួយ​ មិនទាំង​បាន​ជោគជ័យ​ផងហ្នឹង​ ចេះតែ​និយាយ​ហ្នឹង»។​

គិត​ចាប់​តាំង​ពី​ក្រោយ​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ ឆ្នាំ​២០១៨ដែលរងការ​រិះគន់​ជា​លក្ខណៈ​អន្តរជាតិ​ដោយ​សារ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​នោះ​ មាន​ការ​ធ្វើ​សេចក្តី​រាយការណ៍​មួយ​ចំនួន​ អំពី​ការ​តែង​តាំង​ទីប្រឹក្សា​ដល់ប្រធាន​រដ្ឋសភានិង​អនុប្រធាន​រដ្ឋសភា​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ កំពុង​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​

កាល​ពី​ខែ​កញ្ញា លោក​ សាយ ឈុំ​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ទីប្រឹក្សា​ និង​ជំនួយការ​ចំនួន​៤៦រូបដល់​លោក​ ​ហេង សំរិន​ ​ប្រធាន​រដ្ឋសភាជាតិ។​ ​នៅ​ក្នុង​ខែ​ដដែល​នោះ​ព្រះ​រាជក្រឹត្យ​ផ្សេង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ​ដែល​ចេញ​ ដោយ​លោក​ ​សាយ ឈុំ​ ​ក៏​បាន​បាន​តែងតាំង​ទីប្រឹក្សា​និង​ជំនួយ​ការ​ចំនួន​១០១រូប​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ​ហើយ​កាល​ពី​ដើម​ខែតុលា​នេះ​ ​លោក​ ​សាយ ឈុំ​ ​បានចេញ​ព្រះ​រាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា​ចំនួន​២៧​រូប​ ​ដល់​អ្នកស្រី​ ​ឃួន សុដារី​ ​អនុប្រធាន​ទីពីរ​នៃ​រដ្ឋសភា៕

XS
SM
MD
LG