ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ដើម្បី​ឲ្យ​បក្ស​នយោបាយ​ដែល​មិន​បាន​អាសនៈ​សភា​ចូលរួម​ជាមួយ​រដ្ឋាភិបាល


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ទី​០៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

បន្ទាប់​ពី​គណបក្សកាន់​កាន់​អំណាច​​របស់​លោក​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹកភ្លូក​ដី​​ ​លោក ហ៊ុន សែន ដែល​ត្រូវ​ចាត់តាំង​ឱ្យ​ដឹកនាំ​រដ្ឋាភិបាល​រយៈពេល​៥ឆ្នាំ​ទៀត​នោះ ​បាន​ជួប​ពិភាក្សា​ជា​មួយ​បក្ស​នយោ​បាយ​​ចំនួន​១៦​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។ ក្រោយ​កិច្ច​ប្រជុំ​ដ៏​កម្រ​នេះ លោក ហ៊ុន សែន គ្រោង​នឹង​បង្កើត​ ​«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ ​និង​ផ្តល់​យោបល់»​ ដោយ​អនុញ្ញាត​ឱ្យ​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​​ចូល​រួម​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ថ្មី​របស់​លោក។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ កាល​ពី​ថ្ងៃអង្គារ​ ​ប្រកាស​ផ្តើម​គំនិត​បង្កើត​«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់»​ ​ដោយ​អនុញ្ញាត​ឲ្យ​គណ​បក្ស​នយោបាយ​ចំនួន១៦​ចូលរួម​ប្រជុំ​ជា​មួយ​លោក​ ​រៀង​រាល់​៦ខែ​ម្តង​ ​ដើម្បី​ផ្តល់​យោបល់​ពី​ភាព​អសកម្ម​របស់​មន្រ្តី​ ​ឬ​នាយក​រដ្ឋ​មន្រ្តី។​ ​នេះ​បើ​តាម​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន។​

ការ​ប្រកាស​ផ្តើម​គំនិតនេះ​ធ្វើ​ឡើងក្នុង​ពិធីជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ ​ទៅ​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋ​មន្រ្តី​ក្នុង​វិមាន​សន្តិភាព​ ​រាជធានី​ភ្នំពេញ។​ ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០​ដែល​បាន​ចូល​រួម​បោះឆ្នោត​ ​គណបក្ស​នយោបាយ​ចំនួន​១៦​ ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ចំណែក​គណបក្ស​នយោបាយ​ចំនួន​៤​ផ្សេង​ទៀត​ប្រកាស​មិន​ចូល​រួម។​ គណ​បក្ស​នយោបាយ​ទាំង​៤​ ​ដែល​មិន​បាន​ចូលរួម​ ​មានគណបក្ស​មាតុភូមិ​យើង​ គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​(LDP)​ ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ​(GDP)​ ​និង​គណបក្ស​ខ្មែរ​ឈប់ក្រ។​

សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​របស់លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ អង្គារ​ បញ្ជាក់​ថា​ ​លោក​នាយករដ្ឋ​មន្រ្តី​ថ្លែងក្នុង​កិច្ច​ពិភាក្សា​នោះ​ថា​ ​មូល​ហេតុ​នៃ​ការ​បង្កើត«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់»​ ​គឺ​ជា​យន្តការ​ចូល​រួម​ឆ្លើយ​តប​នឹង​ផល​ប្រយោជន៍​របស់ប្រជា​ពល​រដ្ឋ។​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​បន្ថែម​ថា​ ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះនិង​ផ្តល់​យោបល់​ ​ព្រម​ទាំង​សមាសភាព​របស់ឧត្តម​ក្រុម​ប្រឹក្សា​នេះ​នឹង​ត្រូវ​បង្កើត​ ​និង​តែង​តាំងដោយ​ព្រះ​រាជ​ក្រឹត្យ។​ ​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​មាន​ភារៈកិច្ច​ផ្តួចផ្តើម​គំនិត​ ​ឬផ្តល់មតិ​លើ​ការ​រៀបចំ​គោល​នយោបាយ​ដល់​រាជ​រដ្ឋា​ភិបាល​ ​ចូលរួម​ផ្តល់​យោបល់​ដល់​សេចក្តី​ព្រាង​ច្បាប់​របស់​រាជរដ្ឋា​ភិបាល​ ​មុន​គណៈរដ្ឋ​មន្រ្តី​អនុម័ត​ ​ធ្វើ​ញត្តិជូនព្រឹទ្ធ​សភា​តតាំង​នឹង​ច្បាប់ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ ​និងចូលរួម​ផ្តល់​យោបល់​ដល់​នាយក​រដ្ឋ​មន្រ្តី​ចំពោះ​ភាព​អសកម្ម ​ឬ​បទ​រំលោភ​ណា​មួយ​របស់​មន្រ្តី​ ​ឬ​នាយករដ្ឋមន្រ្តី។​

ទំព័រ​ហ្វេសប៊ុករបស់​លោក​នាយករដ្ឋ​មន្រ្តីបញ្ជាក់​ពី​សមាសភាព​ ​និង​យន្តការ​នៃ​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ ​និង​ផ្តល់​យោបល់​ចំនួន​៥​ចំណុច​ក្នុងន័យ​ដើម​ថា៖​

«សមាសភាព​ដោយ​ស្ម័គ្រចិត្ត​មក​លើ​គណបក្ស​ដែល​បាន​ចូល​រួមបោះឆ្នោត​ ​អាណត្តិទី៦​ ​ជា​មួយ​នឹង​ការ​ឯកភាព​ពី​នាយករដ្ឋមន្រ្តី​ ​គណបក្ស​នីមួយៗ​មាន​តំណាង​២​រូប​ដែល​ជា​ប្រតិភូ​ ​និង​តែងតាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ​ស្នើ​ដោយ​នាយក​រដ្ឋ​មន្រ្តី។​ ​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​គឺ​អនុវត្ត​បាន​គោល​ការណ៍​បន្ត​វេន​មួយ​ខែ​ម្តង​តាម​លេខ​រៀង​បញ្ជី​បោះឆ្នោត។​ ​ត្រូវ​មាន​លេខា​ធិការដ្ឋាន​មួយ​ ​ទទួល​ខុសត្រូវ​ដោយ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ​និង​មន្រ្តីម្នាក់​មក​ពី​គណបក្ស​នីមួយៗ។​ ​លេខាធិការ​ដ្ឋាន​ ​និង​កន្លែង​ប្រជុំ​ស្ថិត​នៅ​ក្នុង​វិមាន​សន្តិភាព»។

នេះ​ជា​លើកទី​មួយ​ហើយ​ដែលគណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ជា​គណ​បក្ស​ដឹក​នាំ​ប្រទេស​អស់​រយៈ​បេល​ជាង​៤០ឆ្នាំ​មក​ហើយ​នោះ​ ​ប្រកាស​ឲ្យ​គណ​បក្ស​នយោបាយ​ដែល​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ក្នុង​រដ្ឋសភា​ ​ចូលរួមគំនិតក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល។

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃអង្គារ​ថា ​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​ដែល​មកពី​តំណាង​គណបក្ស​នយោបាយ​ទាំងនោះ​ ​នឹងត្រូវ​ធ្វើ​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ​ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្រ្តី​ ​និង​រដ្ឋមន្រ្តី។​ ​លោក​បន្ថែម​ថា​ ​ឧត្តម​ក្រុម​ប្រឹក្សា​នោះ​នឹង​ត្រូវបង្កើត​ក្រោយ​រដ្ឋាភិបាល​ថ្មី​បង្កើត​នា​ដើម​ខែ​កញ្ញា​នេះ។

លោក​បញ្ជាក់​ថា៖​

«ស្ថាប័ន​នេះ​បង្កើត​ឡើង​ដោយ​ព្រះ​រាជក្រឹត្យ ​ដូច្នេះ​ការងារ​ហ្នឹង​គឺ​ទទួល​បានប្រាក់​បំណាច់ មិនមែន​ប្រាក់​បៀវត្សរ៍​ទេ ​គឺ​ប្រាក់​បំណាច់ ដែល​ត្រូវ​ការ​ប្រើប្រាស់​ដូច​ជា​ថ្លៃសាំង​ ថ្លៃ​ហូប​ចុក​អី​ហ្នឹង​ ដើម្បី​ចូល​ធ្វើការក្នុង​មួយ​ខែ​គេ​ត្រូវ​ប្រជុំ​គ្នា​ម្តង ​ហើយ​ក្នុង​៦​ខែ​គាត់​ត្រូវ​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​ម្តង​ ឬ​ក្នុង​ចន្លោះ​៦​ខែ​ពេល​ចាំ​បាច់​ នាយក​រដ្ឋមន្រ្តី​អាច​ហៅ​មក​ប្រជុំ​ជជែក​គ្នា​ផ្ទាល់​រវាង​គ្នា ​និង​គ្នា​ហ្នឹង ​ពេល​ណាក៏​បាន ​ក្នុង​ចន្លោះ​៦ខែ​ហ្នឹង​ឯង។ ដូច្នេះ​គឺជា​កាតព្វកិច្ច​ និង​ជាការងារ​មួយ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់»។​

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ​ប្រកាស​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទី​៦​ ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ឈ្នះ​ដាច់​ ​និង​ទទួលបានអាសនៈ​ក្នុង​រដ្ឋសភា​ទាំង​១២៥​ ​ដោយឈាន​ទៅ​ដឹកនាំ​ប្រទេស​ និង​រដ្ឋសភា​ដោយ​ឯកបក្ស។

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នាពេល​ថ្មីៗ​នេះ​ បានប្រកាស​ថា​ ​រដ្ឋសភា​អាណត្តិ​ទី៦​នឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៥​ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​ចំណែក​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​នោះ។​ លោក​ក៏​បាន​អះអាង​ថា​ រាជ​រដ្ឋាភិបាល​ថ្មី​ ​និង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ ​ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។​

លោក ​មាស នី ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍសង្គម ​និង​ជាអ្នក​វិភាគនយោបាយ​ឯករាជ្យ ​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​អង្គារ​ ថា ​ការចែក​រំលែក​ការងារ​រដ្ឋាភិបាល​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​គឺ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុងការ​ដឹកនាំ​តាម​បែបប្រជា​ធិបតេយ្យ ​ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ឆន្ទៈពិត​ប្រាកដ។​ ប៉ុន្តែ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ចែក​រំលែក​ការងារ​ដល់​គណបក្ស​ដទៃ ​ដើម្បី​បញ្ជៀស​រូបភាព​នៃ​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​ ក្រោយ​ជ័យ​ជំនះ​លើ​ការ​បោះឆ្នោតដែល​មិនមាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖​

«បើសិនជា​ការ​ធ្វើ​នេះ​គ្រាន់តែ​ជា​ការ​ធ្វើ​ដើម្បី​បង្គ្រប់​កិច្ច ​ឬ​ក៏​គ្រាន់តែ​ធ្វើ​ដើម្បី​បន្លំភ្នែក​ពី​សាធារណៈជន​ ​ដោយ​ឲ្យ​មើល​ឃើញ​គណបក្ស​នយោបាយច្រើន​បាន​ចូលរួម​ ក៏​ប៉ុន្តែ​ដល់​ពេល​បំពេញ​ការងារ​នោះ​នៅ​តែបំពេញ​ការងារ​មិន​បានដដែល គ្រាន់​តែ​យក​ទៅ​ដាក់​ក្នុង​ទ្រុង​មួយ​ដើម្បី​កំណត់​ដែន​កំណត់​ ដើម្បី​កុំឲ្យ​ស្រែក​នោះ​ទេ អាហ្នឹង​វានឹង​មិន​បាន​ផល​អីទេ»។

ក្រោយ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ស្ថាប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯក​រាជ្យ​ក្នុង​ប្រទេស​ផង​នោះ​ ​សហ​គមន៍​អន្តរ​ជាតិ​មួយ​ចំនួន​ដែលកាន់​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ​ជា​បន្ត​បន្ទាប់។​

សហ​រដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​កាណាដា​ ​និង​សហភាព​អឺរ៉ុប​ជាដើម​ ​បាន​ចោទ​សួរ​អំពី​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ ​ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​ ​ព្រម​ទាំង​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នា​នា​ ​នៅ​មុន​ការ​បោះ​ឆ្នោត។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ ​គ.ជ.ប.​បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរ​ជាតិ​ដោយ​និយាយ​ថា​ ​ការ​រិះគន់​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ និង​ថា​ រដ្ឋាភិបាល​កម្ពុជា​ ​និង​ ​គ.ជ.ប​ ​បាន​អនុ​វត្ត​ទៅ​តាម​ច្បាប់ ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG