ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាលោក Patrick Murphy កំពុងចង់ភ្លក្សម្ហូបខ្មែរបន្ថែមទៀត ក្រោយពីលោកបានពិសាម្ហូបខ្មែរមួយមុខនៅថ្ងៃច័ន្ទនេះ។
លោកមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកថា «ខ្ញុំកំពុងចាប់ផ្តើមរកនិងសាកមើលម្ហូបខ្មែរដែលឆ្ងាញ់ៗ!»
លោកឯកអគ្គរដ្ឋទូតអាមេរិកបន្ថែមថា លោកបានពិសាម្ហូបខ្មែរសម្រាប់អាហារពេលថ្ងៃត្រង់នៅថ្ងៃនេះ។ នោះគឺ «គុយទាវឆាមួយចាន»។ ដូច្នេះហើយ លោកបានសួរជាយោបល់ថា តើលោកគួរតែសាកពិសាម្ហូបខ្មែរអ្វីទៀតនៅពេលខាងមុខនោះ។
លោក Patrick Murphy ហាក់ដូចជាកំពុងព្យាយាមផ្សារភ្ជាប់ទៅនឹងសង្គមខ្មែរ ខណៈដែលមានភាពតានតឹងដោយពាក្យសំដីមួយរយៈ រវាងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញជាមួយនឹងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា កាលពីកៅអីរបស់ឯកអគ្គរដ្ឋទូតថ្មីនេះស្ថិតនៅទំនេរមួយរយៈ៕