ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ផ្សព្វផ្សាយ​សៀវភៅ​ម្ហូបខ្មែរ​យក​មូលនិធិ​ជួយ​សិស្ស​ខ្មែរ​ក្រីក្រ​មាន​ការ​គាំទ្រ​ច្រើន


អ្នកស្រី​ណារិន​ ជេមសុន​ អ្នក​និពន្ធ​សៀវភៅ​ «Cooking The Cambodian Way» ឆ្លើយ​សំណួរ​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​សៀវភៅ​របស់​អ្នក​ស្រី​នៅ​សមាគម​អាស៊ី (Asia Society) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​៨​ខែ​មិថុនា។

សៀវភៅ​ម្ហូបខ្មែរ​ «Cooking The Cambodian Way» លក់​បាន​ច្រើន​ជាង​ចំនួន​អ្នក​ចូល​រួម​ នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​លើក​ទីមួយ​ដើម្បី​ប្រមូល​ថវិកា​ជួយ​សិស្ស​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា។​ កម្មវិធី​នេះ​ធ្ចើ​នៅ​សមាគម​អាស៊ី ​Asia Society​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី៨​ខែ​មិថុនា។

អ្នកស្រី​ណារិន​ ជេមសុន​ អ្នក​និពន្ធ​សៀវភៅ​នេះ​ ដែល​មាន​ម្ហូប​ខ្មែរ​៨៤​មុខ​ បាន​ប្រាប់​អ្នក​ចូលរួម​ជិត​១០០​នាក់ថា អ្នកស្រី​នឹង​យក​ថវិកា​បាន​ពី​ការ​លក់​សៀវភៅ​១.៥០០​ក្បាលនេះ​ ទៅ​ឧបត្ថម្ភ​អង្គការ​ Caring for Cambodia ​ដែល​បាន​ជួយ​សិស្ស​ក្រីក្រ​នៅ​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា។

ក្រោយ​ពី​អ្នក​ស្រី​បាន​ផ្សព្វផ្សាយ​អំពី​គុណភាព​និង​របៀប​ធ្វើ​ម្ហូប​ខ្មែរ​នោះ​ លោក​ស្រី​បាន​ឆ្លើយ​ប្រាប់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​សំណួរ ​ចម្លើយ​ថា៖

«ហើយ​សំនួរ​ទី២​ថា​ ហេតុអ្វី​មិន​មាន​ភោជនីយដ្ឋាន​ខ្មែរ​ ចម្លើយ​គឺ​មក​ពី​ខ្មែរ​មិន​ពូ​កែ​រកស៊ី»។

ចម្លើយ​នេះ​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​សំណើច​ពី​អ្នក​ចូលរួម​ ហើយ​នឹង​អ្នកស្រី​ផ្ទាល់។ បន្ទាប់​មក​លោកស្រី​ពន្យល់​ថា​ ហេតុផល​មិន​មែន​មក​ពី​ម្ហូប​ខ្មែរ​មិន​ឆ្ងាញ់​ពិសារ​ទេ។

«ក្រោយ​ពី​សង្គ្រាម​ និង​សម័យ​ខ្មែរក្រហម​ ខ្មែរ​ធ្វើ​ម្ហូប​ឲ្យ​តែ​បាន​រស់ ​មិន​គិត​ឆ្ងាញ់​ពិសារ​ទេ​ តែ​ឥឡូវ​ម្ហូប​ខ្មែរ​ឆ្ងាញ់​ពិសារ​ដូច​ពី​ដើម​វិញ​ហើយ»។

អ្នកស្រី​ Jamie​ Amelio​ ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ Caring for Cambodia​ ដែល​ឧបត្ថម្ភ​សាលារៀន​ចំនួន​១៤​ខ្នង​និង​សិស្ស​ជាង​៦.០០០​នាក់​ក្នុង​ខេត្ត​សៀមរាប។ ​អ្នកស្រី​បាន​រំឭក​ពី​ដំណើរ​រឿង​ដែល​នាំ​ឲ្យ​អ្នកស្រី​ណារិន​ ជេមឺសុន​ចាប់​អារម្មណ៍​នឹង​អង្គការ​របស់​អ្នកស្រី​ ហើយ​សម្រេច​លក់​សៀវភៅ​នេះ​យក​ថិវិកា​ជួយ ​Caring for Cambodia។

អ្នកស្រី​រំឭក​យ៉ាង​ដូច្នេះ​ថា៖

«មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ពេល​ខ្ញុំ​ជួប​អ្នកស្រី​ណារិន។​ សំណាង​ល្អ ​ផ្ទះ​របស់​អ្នកស្រី​នៅ​ស្រុក​ខ្មែរ​ឋិត​នៅ​ជិត​សាសា​មួយ​របស់​យើង។​ ពេល​យើង​ពិភាក្សា​គ្នា ​អ្នកស្រី​ចាប់​អារម្មណ៍​នឹង​ការងារ​អប់រំ​របស់​យើង។ ​ខ្ញុំ​និង​អ្នក​ធ្វើ​ការ​ឲ្យ ​Caring for Cambodia​ ស្រឡាញ់​ប្រទេស​គាត់។​ យើង​នឹង​យក​លុយ​របស់​គាត់​ទៅ​ជួយ​កុមារ​កម្ពុជា​មិន​ឲ្យ​បាត់​មួយ​ដុល្លារ​ឡើយ»។

សូម​ជម្រាប​ថា​ អ្នក​ចូលរួម​ខ្លះ​ជាវ​សៀវភៅ​ Cooking The Cambodian Way​ ដល់​ទៅ​៥ ​ឬ​៦​ក្បាល​ឯណោះ​គឺ​ទិញ​ទុក​ជា​អំណោយ​ដល់​មិត្ត​ភក្តិ​ ឬ​សហការី​ដែល​ផ្តាំ​ឲ្យ​ទិញ​ឲ្យ​ ព្រោះ​រវល់​មិន​បាន​មក​ចូល​រួម។

អ្នកស្រី​រស្មី ណូរិន ​បុគ្គលិក​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ប្រាប់​វីអូអេ​ សំឡេង​ស.រ.អា.​ថា៖

«ខ្ញុំ​ទិញ​សៀវភៅ​ច្រើន​ដើម្បី​ធ្វើ​ជា​អំណោយ​សម្រាប់​ពួក​ម៉ាក​ធ្វើ​ការ​ជា​មួយ​ខ្ញុំ។​ ខ្ញុំ​ទិញ​សៀវភៅ​ច្រើន​ដើម្បី​ជួយ​ស្រុក​ខ្មែរ​យើង​ ព្រោះ​អី​លុយ​លក់​សៀវភៅ​នេះ​យក​ទៅ​ជួយ​ស្រុក​ខ្មែរ​យើង​ ជួយ​ធ្វើ​សាលា​នៅ​ស្រុក​ខ្មែរ​យើង។ ​ហើយ​ទី​២​ ខ្ញុំ​ទិញ​ច្រើន​ដើម្បី​ឲ្យ​គេ​ដឹង​ពី​ម្ហូប​ខ្មែរ​ ហើយ​ធ្វើ​យ៉ាង​ម៉េច។​ ម្ហូប​យើង​ឆ្ងាញ់​ ម្ហូប​យើង​ល្អ»។

លោកស្រី​បន្ថែម​ថា៖

«បាន​សៀវភៅ​ហ្នឹង​ទៅ​ ខ្ញុំ​នឹង​ធ្វើ​ម្ហូប​ជប់លៀង​ជា​មួយ​ពួក​ម៉ាក។ ​ខ្ញុំ​ចង់​ធ្វើ​ញាំ​ស្វាយ​ខ្ចី​ សម្ល​ម្ជូរ​គ្រឿង​ សម្ល​ឆា​គ្រឿង»។

ជនជាតិ​អាមេកាំង​ក៏​ជាវ​សៀវភៅ​ច្រើន​ដែរ​ ដូច​ជា​អ្នកស្រី ​Eleny ​Scheidt។​ អ្នក​ស្រី​ឲ្យ​ដឹង​ថា៖

«ថ្ងៃ​នេះ​ខ្ញុំ​ទិញ​សៀវភៅ​នេះ​ពីរ​ក្បាល​ មួយ​ក្បាល​សម្រាប់​ខ្លួន​ខ្ញុំ​ ​មួយ​ក្បាល​ទៀត​សម្រាប់​កូន​ស្រី​ខ្ញុំ។​ ខ្ញុំ​បាន​ដឹង​ថា​ អ្នកស្រី​ Jamie Amelio​ ចាប់​ផ្តើម​បើក​អង្គការ​Caring​ for Cambodia​ ដូច្នេះ​យើង​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សាលា​របស់​គាត់​នៅ​សៀមរាប​ ហើយ​យើង​ក៏​ចាប់​ផ្តើម​ចូល​ចិត្ត​ម្ហូប​ខ្មែរ»។

លោក​កឹម សុស​ ទីប្រឹក្សា​នៃ​វិទ្យុ​អាស៊ី​សេរី​ ពន្យល់​ថា​ បច្ចុប្បន្ន​ អ្នក​បរិភោគ​ចូល​ចិត្ត​ម្ហូប​វៀតណាម​ និង​ម្ហូប​ថៃ​ជាង​ម្ហូប​ខ្មែរ​គឺ​ដោយសារ​គេ​ស្គាល់​ មិន​មែន​ដោយសារ​រស​ជាតិ​ទេ។

លោក​បកស្រាយ​ថា៖

«ឥឡូវ​ខ្មែរ​យើង​គេ​កាន់តែ​ស្គាល់​ច្រើន​ឡើងៗ​ ហើយ​ម្នាក់ៗ​ចង់​ភ្លក្ស​ម្ហូប​ខ្មែរ។​ កាល​ណា​មាន​សៀវភៅ​អញ្ចឹង​ គេ​ចេះតែ​ចាប់​អារម្មណ៍​ហើយ។ ​ ដូច្នេះ​គេ​ចាប់

អារម្មណ៍​ច្រើន​ឡើងៗ។ ​ដូច​ឥឡូវ​នេះ​ ឃើញ​មនុស្ស​មក​ច្រើន​ណាស់។ ​ខ្ញុំ​ភ្ញាក់។​ មនុស្ស​ឥឡូវ​គេ​ចាប់​អារម្មណ៍​ពី​សុខភាព​ណាស់។​ យើង​ឃើញ​ហើយ​ថា​ ម្ហូប​ខ្មែរ​យើង​មាន​បន្លែ​ច្រើន​ណាស់​ ដូច្នេះ​វា​ជួយ​សុខភាព​ច្រើន​ណាស់»។

លោក​ Matthew ​King ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ចូល​ចិត្ត​ម្ហូប​ខ្មែរ។​ លោក​បាន​រៀន​ធ្វើ​នំ​បញ្ចុក​សម្លខ្មែរ​ជា​លើក​ទី១​ តែ​ដោយ​គ្មាន​បទ​ពិសោធន៍​ លោក​ធ្វើ​មិន​បាន​ឆ្ញាញ់​ដូច​នំ​បញ្ចុក​ដែល​លោក​ធ្លាប់​ពិសារ​នៅ​ស្រុក​ខ្មែរ​ទេ។

លោក​និយាយ​ថា៖

«ខ្ញុំ​រៀន​ធ្វើ​នំ​បញ្ចុក​តាម​សៀវ​ភៅ​ តែ​ខ្ញុំ​ធ្វើ​មិន​ល្អ​ ហើយ​កូនៗ​សើច។​ ដូច្នេះ​ខ្ញុំ​ត្រូវ​សូម​ឲ្យ​អ្នកស្រី​ណារិន​មក​បង្រៀន​ខ្ញុំ»។

ក្នុង​ពេល​ឆ្លើយ​សំនួរ​ អ្នកស្រី​ណារិន​ជេមឺសុន​ ប្រាប់​អ្នក​ចូលរួម​ថា​ អ្នកស្រី​អាច​បើក​វគ្គ​បង្រៀន​របៀប​ធ្វើ​ម្ហូប​ខ្មែរ​នៅ​វត្ត​ខ្មែរ​គឺ​វត្ត​ពុទ្ធិការ៉ាម​ នៅ​ក្រុង​ Silver Spring​ រដ្ឋ​ម៉ារីឡេន៕

XS
SM
MD
LG