ពិតមែនតែស្ថិតនៅឆ្ងាយពីប្រទេសជាតិយ៉ាងណាក៏ដោយតែគំនិតនិងមនោសញ្ចេតនានៅតែនឹកអាឡោះអាល័យស្រុកកំណើតរបស់ខ្លួនជានិច្ច។អ្នកស្រី ណារីន សេង ចេមសុន (Narin Seng Jameson) ជនជាតិខ្មែរ-អាមេរិកាំងបានសរសេរសៀវភៅម្ហូបខ្មែរមានឈ្មោះថា«របៀបធ្វើម្ហូបខ្មែរ» (Cooking the Cambodian Way) គោលបំណងគឺដើម្បីផ្សព្វផ្សាយពីការធ្វើម្ហូបខ្មែរនិងយកប្រាក់ដើម្បីជួយអង្គការ Caring for Cambodia ជួយកសាងសាលារៀនសម្រាប់សិស្សខ្មែរនៅខេត្តសៀមរាប។
ការផ្សព្វផ្សាយសៀវភៅនេះបានធ្វើឡើងកាលពីថ្ងៃពុធទី៨ខែមិថុនាដើមខែនេះ នៅសមាគម Asia Society ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រីណារីន សេង ចេមសុន (Narin Seng Jameson) ជាអ្នកនិពន្ធសៀវភៅបានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា អ្នកស្រីបានចំណាយពេលរាប់សិបឆ្នាំដើម្បីកត់ត្រានិងសរសេរសៀវភៅនេះ។ អ្នកស្រីមានប្រសាសន៍ថា ទោះបីអ្នកស្រីមានស្វាមីជាអ្នកការទូតជាតិអាមេរិកាំងហើយអ្នកស្រីនិងស្វាមីបានរស់នៅប្រទេសជាច្រើនក៏ដោយ អ្នកស្រី តែងតែធ្វើម្ហូបខ្មែរទទួលភ្ញៀវដែលជាមិត្តភក្តិរបស់គ្រួសារអ្នកស្រីជានិច្ច។
អ្នកស្រីមានប្រសាសន៍បន្តទៀតថាក្នុងសៀវភៅម្ហូបខ្មែររបស់អ្នកស្រីនោះ មានមុខម្ហូបចំនួន៨៤មុខហើយមុខម្ហូបនិមួយៗមានរូបថតដែលសរសេររៀបរាប់ពីគ្រឿងផ្សំនិងពីវិធីធ្វើម្ហូបហើយក៏មាននិយាយពីវប្បធម៌ខ្មែរនិងទេសចរណ៍ខ្មែរនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជាផងដែរ។
«ខ្ញុំចូលចិត្តម្ហូបណាតាំងបាយក្តាំង នាងឡាវ ណែម ចៀនចួន ប្រហុកគ្រឿង សុទ្ធតែគ្រឿងខ្មែរសុទ្ធសាធ។ ហើយនៅក្នុងសៀវភៅនោះក៏មានម្ហូបបារាំងខ្លះដែរពីព្រោះខ្មែរយើងក៏ចូលចិត្តម្ហូបបារាំងដែរ»។
លោក អាឌ្រាន ស្តូវឺ (Adrian Stover) ជាអតីតអ្នកធ្វើការស្ម័គ្រចិត្តរបស់អង្គការ Peace Corps ក្នុងប្រទេសកម្ពុជាពីឆ្នាំ២០០៨ដល់ឆ្នាំ២០១០ ដែលជាទីកន្លែងដែលលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងខេត្តសៀមរាប។
«ខ្ញុំចូលចិត្តម្ហូបខ្មែរ។ ម្ហូបដែលខ្ញុំចូលចិត្តគឺឡុកឡាក់ជាមួយបាយនិងពងមាន់។ម្ហូបនេះឆ្ងាញ់ណាស់»។
ប្រាក់ដែលបានមកពីការលក់សៀវភៅនេះគឺផ្តល់ទៅឲ្យអង្គការ Caring for Cambodia ដែលជាអង្គការមួយជួយសិស្សក្រីក្រនៅក្នុងខេត្តសៀមរាប។
លោកស្រី ជេមមី អាមេលីអូ (Jamie Amelio) ប្រធានអង្គការ Caring for Cambodia បានប្រាប់អ្នកចូលរួមក្នុងការផ្សព្វផ្សាយសៀវភៅថា លោកស្រីបានជួបនឹងក្មេងស្រីតូចម្នាក់នៅខេត្តសៀមរាបមកសុំប្រាក់លោកស្រីមួយដុល្លារ។
«ខ្ញុំមើលក្មេងស្រីតូចនោះ នាងមិនមែនសុំប្រាក់ខ្ញុំមួយដុល្លារទេ តាមពិតនាងសុំខ្ញុំឲ្យជួយនាង។ សម្លៀកបំពាក់របស់នាងរហែករយ៉េរយ៉ៃ មុខក្រៀមក្រំហើយសក់កន្ទ្រើង»។
លោកស្រីមានប្រសាសន៍បន្តទៀតថាលោកស្រីបានទៅមើលថ្នាក់រៀនរបស់នាង ថ្នាក់រៀននោះមានស្ថានភាពរញ៉េរញ៉ៃ សិស្ស៤ ទៅ៥នាក់អង្គុយលើកៅអីមួយ។ ហើយជួនកាលគ្រូមកបង្រៀនហើយជួនកាលមិនមកបង្រៀនទេ។
«ក្មេងស្រីនោះបានប្រាប់ខ្ញុំថា យើងមានខ្មៅដៃមួយ យើងត្រូវកាច់ចែកគ្នាសរសេរ។ ខ្ញុំក៏បានឲ្យលុយទៅនាង»។
លោកស្រីបានវិលត្រឡប់មកកាន់ប្រទេសសឹង្ហបូរីវិញហើយបាននិយាយប្រាប់មិត្តភក្តិរបស់លោកស្រីពីផែនការជួយក្មេងក្រីក្រឲ្យបានចូលរៀន។ បី បួនខែក្រោយមក មិត្តភក្តិបានផ្តល់ជាខោអាវ ម៉ាស៊ីនកំព្យូទ័រនិងប្រាក់សម្រាប់អង្គការរបស់លោកស្រី។
សៀវភៅ «Cooking the Cambodia Way» លក់បានច្រើនជាងចំនួនអ្នកចូលរួម។
លោកស្រីរស្មី ណូរីន ជនជាតិអាមេរិកាំងដើមកំណើតខ្មែរ រស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សព្វថ្ងៃនេះលោកស្រីជាមន្រ្តីនៅក្រសួងការបរទេសសហរដ្ឋអាមេរិកមានប្រសាសន៍ថាលោកស្រីបានទិញសៀវភៅនេះជាច្រើនក្បាលគោលបំណងគឺដើម្បីរៀនពីវិធីធ្វើម្ហូបខ្មែរហើយម៉្យាងទៀតគឺដើម្បីផ្តល់ប្រាក់ជួយកសាងសាលារៀនផង។
«ខ្ញុំធ្វើម្ហូបខ្មែរបង្ហាញពួកម៉ាក ពីព្រោះអត់មានភោជនីយដ្ឋានលក់ម្ហូបខ្មែរនៅវ៉ាស៊ីនតោនទេ ដូច្នេះ ខ្ញុំចង់ឲ្យគេស្គាល់ម្ហូបខ្មែរ ពីព្រោះមានតែម្ហូបថៃ។ ថៃមានភោជនីយដ្ឋានច្រើនណាស់ អត់មានភោជនីយដ្ឋានខ្មែរសោះ ដូច្នេះចង់ធ្វើខ្មែរឲ្យគេស្គាល់។ ហើយម្ហូបដែលខ្ញុំធ្វើគឺស្រួលៗដូចជាឆាខ្ញី ជាដើម»។
អ្នកស្រីណារីនមានប្រសាសន៍ថា សៀវភៅ «Cooking the Cambodian Way» មានគ្រប់នៅទីកន្លែងទាំងក្នុងប្រទេសកម្ពុជាហើយឥឡូវនេះក៏មានលក់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ អ្នកស្រីមានប្រសាសន៍បន្តទៀតថាសៀវភៅ
នេះបានបោះពុម្ភចំនួន១.៥០០ក្បាល។ នៅក្នុងប្រទេសកម្ពុជាមានសៀវភៅនេះលក់នៅបណ្ណាគារ និងអាកាសយានដ្ឋានជាដើម៕