នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានពិភាក្សាពីចំណងទាក់ទងប្រក្រតីឡើងវិញជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអ៊ីស្រអែលនោះ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Netanyahu ដែលបានវិលមកកាន់អំណាចជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មីឡើងវិញ កាលពីខែមុន ជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មីមួយនោះក៏បានស្ថិតក្នុងតួនាទីជានាយករដ្ឋមន្ត្រីផងដែរកាលពីឆ្នាំ២០២០ នៅពេលដែលប្រទេសអ៊ីស្រាអែល បានបង្កើតទំនាក់ទំនងជាមួយនឹងប្រទេសអេមីរ៉ាត់អារ៉ាបរួម ប្រទេសបារ៉ែននិងប្រទេសម៉ារ៉ុកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង Abraham នោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ធ្លាប់បង្ហាញបំណងរបស់លោកជាច្រើនលើកច្រើនសារ ក្នុងការចង់ឃើញប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាទឹកដីកំណើតនៃសាសនាអ៊ីស្លាមនោះ មានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែលផងដែរ។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Netanyahu និងលោក Sullivan បានពិភាក្សាគ្នាពីវិធានការនានា ក្នុងការពង្រឹងកិច្ចព្រមព្រៀង Abraham និងពង្រីកទំហំសន្តិភាព ដោយផ្តោតទៅលើការដោះស្រាយភាពជាប់គាំងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពីកិច្ចប្រឹងប្រែងរួម ក្នុងការទប់ទល់ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងសកម្មភាពក្នុងតំបន់របស់ប្រទេសនេះ ដោយលោក Netanyahu បានថ្លែងអំណរគុណដល់ការសន្យារបស់ប្រធានាធិតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងការរាំងខ្ទប់អ៊ីរ៉ង់មិនឱ្យសម្រេចបាននូវការផលិតអាវុធនុយក្លេអ៊ែរ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍ដដែលខាងលើនេះ៕