ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​អំពី​កំណែ​ទម្រង់​គ.ជ.ប.


មន្ត្រី​បោះឆ្នោត​ម្នាក់​បង្ហាញ​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
មន្ត្រី​បោះឆ្នោត​ម្នាក់​បង្ហាញ​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​សារ​ជាថ្មី​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ជជែក​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ហៅ​កាត់​ថា​ គ.ជ.ប.។

ចំណុច​ទាមទារ​នេះ​ស្ថិត​ក្នុង​ចំណោម​ចំណុច​ចំនួន​១៤​ដែល​គណបក្ស​គូ​ជម្លោះ​នយោបាយ​ទាំង​ពីរ​បាន​ព្រម​ព្រាង​គ្នា​ថា នឹង​យក​ទៅ​ជជែក​ពិភាក្សា​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ជា​ប្រចាំ​នោះ។

លោក គួយ ប៊ុនរឿន តំណាង​រាស្ដ្រ​និង​ជា​សមាជិក​ក្រុម​ចរចា​បច្ចេក​ទេស​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា កំណែ​ទម្រង់​គ.ជ.ប.​គឺ​ជា​ចំណុច​អាទិភាព​សម្រាប់​ការ​ចរចា។

«យើង​ចង់​ជជែក​ចំណុច​ទី​១ នៅ​ក្នុង​ចំណោម​ចំណុច​ទាំង​១៤​នោះ​គឺ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​មុន​គេសិន»។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​បាន​បញ្ចប់​ការ​សិក្សា​អំពី​លទ្ធភាព​ជួយ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា។

ក្រោយ​ពី​ការ​សិក្សា​នោះ តំណាង​គណបក្ស​គូ​ជម្លោះ​បាន​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ​ម្តង​រួច​ហើយ​កាល​ពី​សប្តាហ៍​មុន។ ក៏​ប៉ុន្តែ​ជំនួប​នោះ​មិន​ទាន់​បាន​ឈាន​ដល់​ការ​សម្រេច​កំណត់​ជួប​ចរចា​គ្នា​ជា​ផ្លូវ​ការ​ណា​មួយ​ឡើង​វិញនោះ​ទេ។ ក្រុម​មន្ត្រី​ចរចា​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានកំណត់​ថា គ.ជ.ប.​គឺ​ជា​ស្ថាបន​ឯករាជ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ឬ​មាន​ន័យ​ថា ស្ថាបន​នេះ​ជា​ស្ថាបន​ធម្មនុញ្ញ ប៉ុន្តែ​វា​ហាក់​ដូចជា​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ត្រង់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យការ​បង្កើត​គ.ជ.ប. ដោយ​ការ​ឯកភាព​ស្រុះ​ស្រួល​គ្នា​ជា​កុង​សង់​ស៊ុស ​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា រីឯ​គណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​ការ​ជ្រើស​តាំង​អង្គការ​បោះឆ្នោត​មួយ​នេះ​ដោយ​សំឡេ​ពីរ​ភាគបី​នៃ​សមាជិក​សភា​សរុប។

លោក​ព្រំ សុខា រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​អ្នក​ចរចា​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​នឹង​ជួប​ជាមួយ​សមភាគី​ខាង​គណបក្ស​ជំទាស់​កាល​ពី​សប្តាហ៍​មុន​បាន​ឆ្លើយ​តប​ថា ការ​ចរចា​បន្ទាប់​នឹង​ត្រូវ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ចរចា​គ្នា​ដោយ​ផ្ទាល់​តាម​ទូរសព្ទ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៩ ខែ មេសា។

«ខ្ញុំ​បាន​ជម្រាប​គាត់​មុន​ហើយ​ថា ត្រូវ​ផ្អែក​លើ​ឯកសារ​នៃ​អ្នក​ដឹក​នាំ​ទាំង​ពីរ​ជួប​គ្នា​ក្នុង​រយៈ​ពេល​៤០​នាទី​កាល​ពី​ថ្ងៃ​ទី ៩។ ​ហើយ​ទី​២ ចំណុច​ណា​ដែល​ព្រម​ព្រាង​គ្នា​ហើយ ត្រូវ​តែ​បន្ត ហើយ​កុំ​និយាយ​ឡើងវិញ»។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា​រក្សា​ជំហរ​ដាច់​ខាត​ក្នុង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះឆ្នោតមុន​អាណត្តិ និង​ទាមទារ​សេរីភាព​នៃ​ការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​វិទ្យុ​និង​ទូរទស្សន៍​ផង​ដែរ៕
XS
SM
MD
LG