ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប⁣នឹង​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ក្នុង​ការិយាល័យ​បោះឆ្នោត⁣​ចំនួន២៣ នៅ​ឃុំដូង⁣ ខេត្ត​ស្វាយ​រៀង


លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

គ.ជ.ប​ បាន​សម្រេច​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​​ក្នុង​ឃុំ​មួយ​នៅ​ខេត្ត​ស្វាយ​រៀង បន្ទាប់ពី​ទទួល​បណ្តឹង​ពី​គណបក្ស​ធំៗ​ចំនួន​ពីរ ​គឺ​គណបក្ស​កាន់​អំណាច​របស់​លោក ⁣ហ៊ុន សែន⁣ និង គណបក្ស​ជំទាស់​។⁣ គណបក្ស​ទំាងពីរ​អះអាង​ថា​ ការិយាល័យ​ទាំង​នោះ​មាន​ចំនួន​​​សន្លឹក​ឆ្នោត​អត់​បាន​ការ​ច្រើន​ពេក⁣​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹងរាប់​សន្លឹក​ឆ្នោត​ឡើង​វិញតាម​ការិយា​ល័យចំនួន​២៣ ស្ថិត​ក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង នៅ​ថ្ងៃចន្ទនេះ​ ទៅ​តាម​បណ្ដឹង​របស់​គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។⁣ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប.⁣⁣ ​កាល​ពី​ថ្ងៃ​សៅរ៍​។

លោក ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ គ.ជ.ប. ​បាន​ប្រាប់ VOA ​នាថ្ងៃ​អា​ទិត្យ​នេះ​ថា ​ឃុំដូង ដែល​នឹង​ត្រូវ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​២៣​ការិយាល័យ។ លោកបន្ថែមថា គណ​បក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្តឹងសុំ​រាប់​សន្លឹក​ឆ្នោតឡើង​វិញ ​ដោយ​ពួកគេអះអាង​ថា សន្លឹក​ឆ្នោត​អត់បាន​ការ​ មាន​ចំនួន​ច្រើន​ពេក។

«បណ្តឹងនេះ​ចេញ​ពី​គណបក្ស​ប្រជាជន​ផង ចេញ​ពីគណបក្ស​សង្គ្រោះជាតិ​ផង។ គាត់​មាន​ការ​សង្ស័យ​ថាសន្លឹក​ឆ្នោត​ដែល​រាប់​ទៅ​ហ្នឹង សន្លឹកឆ្នោត​កំណត់​បាន​ការ និង​មិន​បាន​ការ​គឺមាន​ភាព​អត់ច្បាស់លាស់​។ គាត់​មាន​សង្ស័យ​ថាអាអត់​បាន​ការ​ហ្នឹង​ច្រើន»។​

ទោះជា​យ៉ាងណា​ លោក ហង្ស ពុទ្ធា មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​និង​ប្រភេទ​សន្លឹក​ឆ្នោត​អត់​បាន​ការ​ក្នុង​ឃុំ​ដូង​នោះ​ទេ ដោយ​លោក​ប្រាប់​ថា ត្រូវ​រងចាំ​រហូត​ដល់​លទ្ធ​ផល​បោះឆ្នោត​ចេញ​ជាផ្លូវ​ការ គ.ជ.ប នឹង​ប្រកាសលម្អិត​ពី​សន្លឹក​ឆ្នោត​អត់​បាន​ការ​សរុប​ទូទាំង​ប្រទេស។​

លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​ដែល​ផ្សាយ​ដោយ គ.ជ.ប. ​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​គណបក្ស​កាន់​អំណាច​ក្នុង​ឃុំដូង ខេត្ត​ស្វាយរៀង តែ៣​សំឡេង​ប៉ុណ្ណោះ។ ក្នុង​នោះ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​ ២,៥៩៩ សំឡេង រីឯ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន ២,៥៩៦​សំឡេង។

បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) គិត​ត្រឹម​ថ្ងៃទី៦ ខែ​មិថុនា​នេះ ​គ.ជ.ប ទទួល​បានបណ្ដឹង​ចំនួន​៧១ ក្នុងនោះ​២៨​បណ្ដឹង ប្ដឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ចំណែក​៤៣បណ្ដឹង​ទៀត ប្ដឹង​សុំ​ដាក់​ពិន័យ​លើ​អ្នកប្រព្រឹត្ដ​បទល្មើស​ព្រហ្មទណ្ឌ ដែល​ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត​ឃុំ-សង្កាត់។ ក្នុងចំណោម​បណ្ដឹង​ប្តឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទាំង​២៨ មាន​១៨បណ្ដឹង ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្ដឹង​សុំ​រាប់​សន្លឹកឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន ដូចជា​ក្នុង​ខេត្ត​បាត់ដំបង ភ្នំពេញ និង​កំពង់ធំ។ ចំណែក​គណបក្ស​សង្គ្រោះជាតិ ក៏​បាន​ប្ដឹងសុំ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន​ ដូចជា​ក្នុង​ខេត្ត​ស្ទឹងត្រែង កោះកុង សៀមរាប តាកែវ និង​ភ្នំពេញ។

លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើលការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល ប្រាប់ VOA ថា​ បើតាម​ការ​អង្កេត​របស់​លោក សន្លឹកឆ្នោត​ដែល​កំណត់​ថា​បាន​ការ និង​មិន​បាន​ការ ហាក់​មាន​ភាព​មិនប្រក្រតី​ច្រើន។ លោក​បន្ថែម​ថា គ.ជ.ប គួរ​បណ្តុះ​បណ្តាល​មន្រ្តី​របស់​ខ្លួន​ឲ្យ​យល់​ច្បាស់​ពី​ប្រភេទ​នៃ​សន្លឹក​ឆ្នោត​ដែល​បាន​ការ និង​មិនបាន​ការ​ទាំង​នោះ ជៀសវាង​ការ​កំណត់​ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា។

«ត្រឹម​តែ​លេខ​សូន្យ រង្វង់​លេខ​សូន្យ អាហ្នឹង​វា​មាន​បញ្ហា​អី? ឧទាហរណ៍​គ្រីស​វា​ស្នឹមៗ ជា​ស្នាម​ប៊ិច​ទៅ​ហើយ មន្រ្តី​ការិយាល័យ​ខ្លះ​ក៏​អត់​រាប់​ចូល​ដែរ។ គួរ​តែ​រាប់​ចូល។ រឿង​គំនូស​សន្លឹក​ឆ្នោត​នេះ គឺ​មាន​បញ្ហា​មែនទែន​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នេះ គឺថាមាន​ការ​តវ៉ា ពី​ព្រោះ​វា អាច​ក្លាយជាសន្លឹក​ឆ្នោត​មាន​ប្រយោជន៍​ នៅ​ពេល​ដែល​រាប់ នៅ​ពេល​ដែល​កំណត់​ឲ្យបាន​ត្រឹមត្រូវ​មួយ​»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទៀត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប)​ ចេញនៅ​ថ្ងៃ​អាទិត្យ​នេះ គ.ជ.ប នឹង​ត្រួត​ពិនិត្យផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​តាម​ឃុំ-សង្កាត់​ទាំងអស់​ឡើង​វិញ ចាប់​ពី​ថ្ងៃទី១៣ ខែមិថុនា នៅ​ទីស្តីការ​ គ.ជ.ប ផ្ទាល់៕

XS
SM
MD
LG