ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្រុង​ភ្នំពេញ​រិះ​គន់​ គ.ជ.ប ​ដែល​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់


ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA
ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA

រហូត​មក​ដល់​ល្ងាច​ថ្ងៃពុធ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​មិន​ទាន់​បាន​ប្រកាស​​លទ្ធ​ផល​បណ្តោះ​អាសន្ន​សរុប​ទូទាំង​ប្រទេស​ ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅឡើយ​ទេ។

ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ​នេះ​ បាន​រិះគន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ថា​ ​មាន​ការ​ធ្វេស​ប្រហែស​ ​និង​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​ ​និង​ផ្សព្វផ្សាយ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់។​

រហូត​មក​ដល់​ល្ងាច​ថ្ងៃពុធ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតមិន​ទាន់​បាន​ប្រកាសលទ្ធ​ផល​បណ្តោះ​អាសន្ន​សរុប​ទូទាំង​ប្រទេស​ ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅឡើយ​ទេ។​

ពលរដ្ឋ​ម្នាក់​វ័យ​ ៦៣ឆ្នាំ​ ​លោក​ ​ព្រំ​ សុធី​ ​ប្រាប់​VOA​ថា​ ​គ.ជ.ប​ ​មាន​ចេតនា​ធ្វើ​ឲ្យ​មានភាព​យឺត​យ៉ាវក្នុងការប្រកាស​លទ្ធផល​ឆ្នោត​។ លោកបន្ថែម​ថា មូលហេតុ​ដែល​ គ.ជ.ប បាន​លើកឡើង ​មិនសម​ហេតុ​ផល​ និង​មិន​អាច​ទទួល​យក​បាន។​

អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ​បញ្ជាក់​ថា៖​

​«បើ​គេ​ចង់​ប្រកាស​រឿង​ហ្នឹង​បើ​និយាយ​ទៅ​គេ​ដឹង​ទាំងអស់។ ​ឧទាហរណ៍​ដូច​ការ​ប្រកាស​អញ្ចឹង​ ​ជួន​កាល​យក​ពី​ខេត្ត​កំពង់​ចាម​ ​កំពង់ចាម​ហើយ​ភ្នំពេញ​ ភ្នំពេញ​ហើយ​ទៅកំពង់​ឆ្នាំង​ ​កំពង់​ឆ្នាំង​ហើយ​ទៅ​ស្ទឹងត្រែង។​ ​ប្រកាស​វា​ដូចជាអត់​សម​ ​ហើយ​ប្រកាស​ហើយ​ឈប់​រយៈពេល​ប្រហែល​ជា​ប៉ុន្មាន​នាទី​ដូច​អង្កាល់​មុន​អញ្ចឹង។​ ​ហេតុ​អី​បាន​ឈប់?​ ​បើ​យើង​យក​ឲ្យ​អស់​សឹម​ប្រកាស​ ​ខេត្ត​ណា​ឲ្យ​ដឹង​ខេត្ត​ណា​តែម្តង​ហ្មង​អាហ្នឹង​វា​ល្អ»។​

ស្រដៀង​គ្នា​នេះ​ដែរ​ ​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​ ​ម៉ែន សាម៉ន​ ​ជា​កម្មករ​សំណង់​និយាយ​ថា​ ​បើ​តាម​ការ​សង្កេត​របស់​លោក​ ​មូលហេតុ​បញ្ហា​អ៊ីនធឺណិត​ដែល គ.ជ.ប ​បាន​លើកឡើង​ គឺជា​ការ​ដោះ​សារដែល​តែង​កើត​មាន​រៀងរាល់​ការ​បោះឆ្នោត។​

បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ​បន្ថែម​ថា៖​

«ឲ្យ​តែ​បោះឆ្នោត​ហើយ​រាប់លទ្ធផល​ ​គឺ​អ៊ីនធឺណិត​ដាច់​ ​បញ្ហា​បច្ចេក​ទេស។​ ​អ៊ីនធឺណិត​ហ្នឹង​វាមាន​ទូរស័ព្ទ​ច្រើន​វា​មិនត្រូវ​ដាច់ ជា​ចម្លើយ​ដោះ​សារ​របស់​មនុស្ស។ ហើយ​ខ្ញុំ​កំពុងឆ្ងល់​ ​គ.ជ.ប​ ​ខ្ញុំ​តាមដាន​ប៉ុន្មាន​អាណត្តិ​ ​ឲ្យ​តែ​ពេល​រាប់​សន្លឹកឆ្នោត ឲ្យ​តែ​តំបន់​ដាច់​ស្រយាល​គឺ​ប្រកាសមុន​ ​ហើយ​ប្រកាស​ហ្នឹង​ចោះៗ។​ ​ហេតុអី​បាន​ធ្វើ​អីចឹង?»។​

ចំណែក​និស្សិត​ឆ្នាំ​ទី​៤​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​កញ្ញា​ ​ឱ សុវណ្ណគង្គា​ ​លើក​ឡើង​ថា គ.ជ.ប​ ​ជា​ស្ថាប័ន​តែមួយ​គត់​ ​ដែល​កញ្ញា​អាច​ជឿ​ទុក​ចិត្ត​ចំពោះលទ្ធផល​បោះឆ្នោត​ពិត​ប្រាកដ។​ យុវតី​វ័យ​២៦​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ ​គ.ជ.ប​ ​គួរ​តែ​ត្រៀម​ខ្លួន​ឲ្យបាន​គ្រប់​គ្រាន់​សម្រាប់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត ​និង​រាប់​សន្លឹក​ឆ្នោត ​មិន​គួរ​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ដូច្នេះ​នោះ​ទេ។​

និស្សិត​ ​ឱ សុវណ្ណគង្គា ​វ័យ២៦ឆ្នាំ​ ​បាន​បញ្ជាក់ថា៖​

«ការ​បោះឆ្នោត​មួយ​អាណត្តិ​វាមាន​ប្រាំឆ្នាំ​ ​អញ្ចឹង​យើង​ដឹង​ហើយថា ​ប្រាំឆ្នាំ​ហ្នឹង​គាត់​អាច​កំណត់​បាន​ថា​ ថ្ងៃ​ណា​នឹង​ចេញ​លទ្ធផល​ ​ថ្ងៃ​ណា​នឹង​បោះឆ្នោត។​ ​អញ្ចឹង​គាត់​មិន​អាច​ ​ថា​មិន​បាន​ត្រៀម​ ​ធ្វេស​ប្រហែស​អី​ ​មិន​អាច​ប្រើ​ពាក្យ​ហ្នឹង​បានទេ»។​

គ.ជ.ប​ កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយស្តី​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​រអាក់រអួល​ ​និង​យឺតយ៉ាវ​ក្នុង​ការ​ផ្សាយ​លទ្ធផល​បឋម​គឺ ​ដោយសារ​ការ​បញ្ជូន​ទិន្នន័យ​ពី​ឃុំ-សង្កាត់​មក គ.ជ.ប​ ​តាម​អ៊ីនធឺណិត​មាន​ភាព​រអាក់រអួល​ ​និង​យឺត​យ៉ាវ​ ​រូបថត​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត (ទ.១១០២)​ ​ដែល​ផ្ញើ​មក​ពី​ ​គណៈកម្មការ​ជាតិ​ឃុំ-សង្កាត់​បណ្តោះ​អាសន្ន​ ​(គឃ.សប)​ ​មាន​ភាព​មិនច្បាស់​លាស់​ ​និង​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ ​(ទ.១១០២)​ ​នៅ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​បំពេញ​ពេញ​លេញ។

ទោះជា​ពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​លើ​ភាព​យឺតយ៉ាវ​នៃ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​របស់​ ​គ.ជ.ប​ ​ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​ ​ភាព​យឺតយ៉ាវ​នេះអាច​បណ្តាល​មក​ពីការ​ផ្ចិតផ្ចង់​ប្រមូល​ទិន្នន័យដើម្បី​ផ្សព្វផ្សាយ​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ច្បាស់លាស់​ ​ចៀសវាង​កំហុសជាយថាហេតុ​ណាមួយ។​

លោក​ ​អ៊ុំ រ៉ាម៉ន​ ​និវត្តជន​វ័យ​៧៧​ឆ្នាំ​ ​ប្រាប់​ ​VOA​នា​ថ្ងៃពុធ​ថា​ ​ការ​ប្រើ​ពេល​វេលាយូរ​សម្រាប់​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត ​នឹង​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​លទ្ធផលមាន​ភាព​ល្អិតល្អន់។​

លោក​បញ្ជាក់​ថា៖ ​

«កាល​ជាន់មុន​ ​កំពុង​ប្រកាសៗ​តាម​វិទ្យុ​ស្រាប់​តែ​ប្រកាស​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ ​ដូច្នេះ​ជា​ការ​មិន​ប្រសើរ​ទេ​។​ ស្រាប់តែ​ ​ខៀវ កាញារីទ្ធ​ ​ឡើង​ប្រកាស​មក​ថាប៉ុណ្ណេះ​ប៉ុណ្ណោះ​ ​ចប់។​ ​ដូច្នេះ​មិន​ល្អ​ទេ។​ ​ដូច្នេះ គជ.ប​ ​នេះ​គេ​យក​ឯកសារ​ទាំង​អស់មក​វិភាគ​ ​ការ​តវ៉ា​ប៉ុន្មាន​ដោះស្រាយ​ចប់​ហើយ​ ​បានគេ​ប្រកាស​ទៅ​ សុក្រិត​តែម្តង»។​

គ.ជ.ប​ ​បាន​ផ្សព្វផ្សាយ​ពី​គម្រោង​នៃ​ការ​ប្រកាសលទ្ធផល​បោះឆ្នោតបណ្តោះ​អាសន្ន​នៅ​ល្ងាច​ថ្ងៃទី​៤ នៃ​ថ្ងៃបោះឆ្នោត​ ​លទ្ធផល​ឆ្នោត​សរុប​ទូទាំង​ប្រទេស​បណ្តោះ​អាសន្ន នៅ​ថ្ងៃទី៧ និង​ប្រកាសលទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែ​មិថុនា​ ​ខាង​មុខ។​

VOA ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត​ (គ.ជ.ប) បាន​ទេ។​ ​

យ៉ាងណា​ក៏​ដោយ​ ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ​ ​VOA​ ​កាលពី​ថ្ងៃ​អង្គារ​ ​និង​បន្ត​ផ្ទាល់​តាម Facebook​ ​លោក​ ​ហង្ស ពុទ្ធា​ បាន​ប្រកាស​សុំទោស​ប្រជាពល​រដ្ឋ​កម្ពុជា​ចំពោះ​ការ​យឺតយ៉ាវ​នេះ។ អ្នកនាំពាក្យ​ ​គ.ជ.ប​ រូប​នេះ​ ​ក៏​បាន​ព្រមាន​ប្រើ​វិធាន​ការ​ផ្លូវច្បាប់​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ចេញ​ ​លទ្ធផល​បឋម​មិន​ផ្លូវការ​ជា​សាធារណៈ។​

លោក​ ​យឿង សុធារ៉ា ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា ខុមហ្វ្រែល​ ​ប្រាប់​ ​VOA​ ​ថា​ ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​លទ្ធ​ផល​ការ​បោះឆ្នោត​ ​អាច​បណ្តាល​មកពី គ.ជ.ប​ ​ប្រើប្រាស់​នូវ​វិធី​សាស្រ្ត​ថ្មី​ក្នុង​ការបញ្ជូន​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ពី​តាម​បណ្តា​ខេត្ត។ លោកបន្ថែម​ថា​ ​បើ​ទោះ​បីជា​ការ​ប្រកាស​លទ្ធផល​មាន​ភាព​យឺតយ៉ាវ​ ​តែ​លោក​មិនបារម្ភ​ពី​ភាព​មិន​ប្រក្រតី​ដែល​អាច​បាត់​បង់​លទ្ធផល​ណាមួយ​នោះទេ។​

លោក​ យឿង សុធារ៉ា ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជាបញ្ជាក់​ថា៖​

«ដោយសារ​តែ​បញ្ហា​ ​Technology​ ​(បច្ចេកវិទ្យា)​ ​ជំនាញ​ទៅ​លើ​ ​Technology​ ​របស់​មន្រ្តី​ថ្នាក់​ក្រោម​របស់​គាត់​ ​(មន្រ្តី​របស់​ គ.ជ.ប) ​ហ្នឹង​ មិន​សូវ​បាន​បណ្តុះ​បណ្តាល​ឲ្យ​បានគត់ហ្មត់​ ឬ​ក៏​រយៈពេល​នៃ​ការ​បណ្តុះ​បណ្តាល​ហ្នឹង​វា​តក់​ក្រហល់​ពេក​ ​វា​ខ្លី​ពេក​ ​ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ហ្នឹង​វា​ស្ទើរ​ ​ផ្គួបគ្នា​ជាមួយ​រយៈពេល​ខ្លី​នៃ​ការ​បណ្តុះ​បណ្តាល​ពួក​គាត់»។​

បើទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​មិន​ទាន់​បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​សរុប​ ​ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​កាលពីថ្ងៃ​ច័ន្ទ​ ​មាន​ភាព​ស្រដៀង​គ្នា។​ ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប​ចំនួន​១.៦៤៦​ ​ទូទាំង​ប្រទេស​ ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​ឃុំ-សង្កាត់​ចំនួន​១.១៥៨​ ​ដែល​ថយ​ចុះ​ពី​ ​១.៥៩០​ឃុំ-សង្កាត់​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១២។​ ​រីឯ​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ខ្លួន​ទទួល​បាន​ឃុំ​សង្កាត់​ជិត​៥០០​ ​បើ​ធៀប​នឹង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ​គណបក្ស​ជំទាស់​ ​បាន​ត្រឹម​តែ​ចំនួន​៤០​ឃុំ-សង្កាត់​ប៉ុណ្ណោះ៕

XS
SM
MD
LG