ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​​គ.ជ.ប​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​ច្រាន​ចោល​ការ​រៀបចំ​កន្លែង​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស


រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​អះអាង​ នាថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​គ.ជ.ប​ ​នឹង​មិន​ស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ដើម្បី​​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​ ​ដែល​​កំពុង​​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ​អាច​ចុះ​ឈ្មោះ​ ​និង​បោះ​ឆ្នោត​នៅ​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​ ​និង​ធ្វើការ​នោះ​ទេ។

បើទោះ​ជា​ ​ក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ ​កំពុងស្នើ​យ៉ាង​ទទូច​ជា​បន្ត​បន្ទាប់​ឲ្យ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​គ.ជ.ប​ ​រៀបចំ​កន្លែង​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​ប្រធាន​ ​គ.ជ.ប​ ​បាន​ប្រកាស​បដិសេធ​ខ្លាំងៗ​ថា​ ​ការ​ស្នើ​វិសោធន​កម្ម​នេះ ​ជា​រឿង​ខុស​ច្បាប់។

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​អះអាង​ នាថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​គ.ជ.ប​ ​នឹង​មិន​ស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ដើម្បីរៀបចំ​ឲ្យ​ពលករ​ខ្មែរ​ ​ដែលកំពុងធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ​អាច​ចុះ​ឈ្មោះ​ ​និង​បោះ​ឆ្នោត​នៅ​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​ ​និង​ធ្វើការ​នោះ​ទេ។​ ​ប្រធាន​ ​គ.ជ.ប​ ​រូប​នេះ​ក៏​អះអាង​ផង​ដែរ​ថា​ ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ ​ច្បាប់​បោះឆ្នោត​ ​គឺ​ជា​រឿង​ខុស​ច្បាប់។​

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​អំពី​សេចក្ដី​ព្រាង​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជីបោះឆ្នោត​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​ ​លោក ស៊ិក ប៊ុនហុក​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​បាន​លើក​ឡើង​ថា​ ​គ.ជ.ប​ ​ធ្វើការ​ទៅ​តាម​តួនាទី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ​មិនមាន​សមត្ថកិច្ច​ស្នើ​ទៅ​រដ្ឋសភា​ ​ដើម្បី​សុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់ស្ដីពី​ការ​បោះឆ្នោត​បាន​ទេ។​ ​លោក​បន្ថែម​ថា​ ​ការ​ទទូច​ឲ្យ​ ​គ.ជ.ប​ ​ស្នើ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​គឺ​ជា​ការ​ជំរុញ​ឲ្យ​ ​គ.ជ.ប​ ​ធ្វើ​ខុសច្បាប់​។ លោកថ្លែង​ថា​ ​អ្នក​ដែល​មាន​សិទ្ធិ​ស្នើ​ទៅ​តាម​ច្បាប់​ ​គឺ​ក្រុម​អ្នក​តំណាង​រាស្រ្ត។​

​លោក​ ​ស៊ិក ប៊ុនហុក​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

«គ.ជ.ប​ ​នេះ​គឺអនុវត្ត​នៅ​ក្នុងក្របខណ្ឌច្បាប់​សុទ្ធ​សាធ​ ​មិន​អាច​លើស​ទេ។​ ​ហើ​យ​ក្មួយ​ទៅ​មើល​សមត្ថ​កិច្ច​សិទ្ធិ​អំណាច​ ​គ.ជ.ប​ ​២៨​ហ្នឹង​អត់មាននិយាយ​រឿង​ហ្នឹង​ទេ​ ​ហើយ​តែ​កាល​ណា​អត់​និយាយ​រឿង​ហ្នឹង​ មិន​អាច​ធ្វើអី​នឹង​លើស​បាន​ទេ​ ​លើស​គឺ​ខុស​ច្បាប់។​ ​ហើយ​បើសិន​ជាអ៊ុំស្នើ​ទៅ​ ​គឺ​ប្រាកដ​ជា​គេ​បដិសេធមកវិញ ហើយ​កេរ្តិ៍​ឈ្មោះ​ ​គ.ជ.ប​ ​យើង​ ​យើង​អ្នកអនុវត្ត​ច្បាប់​ ​យើងធ្វើអញ្ចឹង​ម៉េច​ហ្នឹង​កើត?»។​

​ប្រធាន​គ.ជ.ប ​ដែល​មាន​សមភាព​ពី​គណបក្សកាន់​អំណាច​រូប​នេះ​ ​បន្ថែម​ថា​ ​គ.ជ.ប​ ​មិន​បាន​បិទ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ ​ដូច​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ​ ​តែ​លោក​ថា​ ​វាជា​ការអនុវត្ត​ទៅ​តាម​ច្បាប់​ ​ពិសេស​គឺ​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។​

​ការបដិសេធ​ខ្លាំងៗ​របស់​លោក​ ​ស៊ិក ប៊ុនហុក​ ​កើត​ឡើង​បន្ទាប់ពី​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ ​បាន​ព្យាយាម​ស្នើ​យ៉ាង​ទទូច​ជា​បន្ត​បន្ទាប់​ឲ្យ​ ​គ.ជ.ប​ ​រៀបចំ​កន្លែង​ចុះ​ឈ្មោះ​ ​និង​ការ​បោះឆ្នោត​នៅ​តាម​ស្ថានទូត​ខ្មែរ​ ​និង​ស្ថាន​កុងស៊ុល​នៅ​ក្រៅ​ប្រទេស​ដើម្បីសម្រួលដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ​ ​និង​ធ្វើការ​នៅ​ទីនោះ​ ​ឲ្យ​បាន​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​លើក​ឡើងថា​ ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង​១​លាន​៧សែន​នាក់​ ប្រទេស​ម៉ាឡេស៊ី​មាន​ជាង​១០​ម៉ឺន​នាក់​ ​កូរ៉េ​ខាង​ត្បូង​មាន​ជាង​៥​ម៉ឺន​នាក់​ ​ជប៉ុន​មាន​ប្រមាណ​ជា​៣​ពាន់នាក់​ ​និង មួយ​ចំនួន​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​។​

ក្នុង​ចំណោម​គណបក្ស​មិន​កាន់​អំណាច​មួយ​ចំនួន​ដែល​បានគាំទ្រ​ឲ្យ​មាន​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​ ​តែង​ជំរុញ​ឲ្យមាននីតិវិធី​សម្រួល​ដល់​ពលករនៅ​ក្រៅ​ប្រទេស​ទាំង​នោះបាន​បោះឆ្នោត។​

លោក​ ​សុន ឆ័យ​ ​តំណាង​រាស្រ្តគណបក្ស​ប្រឆាំង​លើកឡើង​ថា​ ​បើ​តាម​ច្បាប់​ ​គ.ជ.ប​ ​គឺ​ជា​ស្ថាប័ន​ដែល​មិនមាន​សមត្ថកិច្ច​ក្នុង​ការ​ស្នើច្បាប់​ ​ប៉ុន្តែ​លោក​ថា​ ​គ.ជ.ប​ ​មាន​តួនាទី​ធ្វើ​របាយការណ៍​ដាក់​ទៅ​រដ្ឋ​សភា​ បង្ហាញ​ពីសំណូមពរ​ ​និង​តម្រូវការ​ផ្សេងៗ​របស់ប្រជាពល​រដ្ឋ។​ ​លោក​បន្ថែម​ថា​ ​តំណាង​រាស្រ្តគណបក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​លិខិត​ជំរុញ​ឲ្យ​លោក​ ​ស៊ិក ប៊ុនហុក​ ​ដាក់​របាយការណ៍​ពាក់ព័ន្ធ​នឹងការ​រៀបចំ​ឲ្យ​មានការ​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេសនេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

«​យើង​នឹង​អនុវត្ត​តាម​មាត្រា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​យើង​ត្រូវ​ការ​ដូចជា​១ភាគ​១០​នៃ​សមាជិក​សភា​ ​ដើម្បី​ចុះ​ហត្ថលេខា​អញ្ជើញ​ឥស្សរជន​នោះ​ ​ដូចជា​ប្រធាន​ ​គ.ជ.ប​ ​ហ្នឹង​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​ហ្នឹង​ ​ឲ្យ​មក​បំភ្លឺ​ ​អាហ្នឹង​គឺថា​នីតិវិធី​មាន​បែប​ហ្នឹង។​ ​ឬ​ក៏​យើង​ធ្វើ​លិខិត​រំឮក​គាត់ ឲ្យ​គាត់​ធ្វើ​របាយ​ការណ៍​ផ្ញើ​មក​រដ្ឋ​សភា​អី​ជាដើម»។​

លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ ​ប្រាប់​ ​VOA​ ​ថា​ ​គ.ជ.ប​ ​មិនអាច​ធ្វើ​សេចក្តី​ស្នើ​វិសោធន​កម្មច្បាប់​ ​ឬ​មិនអាច​ធ្វើ​របាយការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ពី​តម្រូវ​ការរបស់​អ្នក​បោះឆ្នោត​ មក​កាន់​រដ្ឋសភា​បាន​ទេ។

«មិន​មែន​ជា​សមត្ថកិច្ច​របស់​គាត់​ទេ​ ​គាត់​ត្រូវ​តែ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង​ឯង​។​ ​ច្បាប់​ហ្នឹង​គឺ​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​សង្កាត់។​ ​ហើយ​គាត់​ធ្វើ​បទ​បញ្ជា​ ​និង​នីតិវិធី​ទៅ​តាម​ហ្នឹង។​ ​ហើយ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ដែល​ចូល​ប្រជុំ​ ​ត្រូវ​អនុវត្ត​ច្បាប់​ហ្នឹង​ ​តែ​ខ្ញុំ​ ខ្ញុំ​យល់​អញ្ចឹង​ ​គ.ជ.ប​ ​គ្មាន​សមត្ថកិច្ច​សេចក្តី​ស្នើ​ច្បាប់​អី​ទេ»។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​យឿង សុធារ៉ា​ ​មន្រ្តីច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ដែល​ហៅ​កាត់​ថា​ខុមហ្រ្វែល​ ​លើក​ឡើង​ថា​ ​ដើម្បី​បង្ហាញ​ពី​ស្ថាប័ន​ជា​អ្នក​ទទួល​ខុសត្រូវ​ ​និង​រៀបចំ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​គ.ជ.ប​ ​ត្រូវ​ប្រាប់ទៅ​រដ្ឋសភា​ពីតម្រូវការ​ ​និង​បញ្ហា​ផ្សេងៗ​របស់​អ្នកបោះឆ្នោត ក៏​ដូច​ជា​បញ្ហា​ ​និង​តម្រូវ​ការ​របស់​ ​គ.ជ.ប​ ​ផ្ទាល់។

«ស្ថាប័ន​ ​គ.ជ.ប​ ​គឺជា​ស្ថាប័ន​ឯករាជ្យ​ ​ជា​ស្ថាប័ន​ដែល​ប្រជា​ពលរដ្ឋ​ផ្តល់​ទំនុក​ចិត្ត​ ​ហើយ​គាត់​ជាអ្នក​អនុវត្ត​ច្បាប់​ផ្ទាល់​ ​ដូច្នេះ​គាត់​ជា​អ្នក​ដើរ​តួនាទី​សំខាន់​ក្នុងការ​ធ្វើការ​លើ​រឿង​នេះ​ ​តាម​មធ្យោបាយ​ណា​មួយ​ដែល​គាត់​អាចធ្វើបាន»។

​តួលេខ​ផ្លូវការ​ ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ប៉ុន្មាន​ថ្ងៃ​នោះ​ ​បង្ហាញ​ថា​ ​ពលរដ្ឋ​ ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់គឺ​មាន​ចំនួន​ជាង​៧​លាន​នាក់​ ​ស្មើ​នឹង​៩០​ភាគ​រយនៃ​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត​៨​លាន​នាក់។​ ​ក្នុង​នោះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៧​សែន​នាក់​មិន​បាន​ទៅ​បោះឆ្នោត​ទេ។

ប្រទេស​កម្ពុជា​ ​គ្រោង​នឹង​រៀបចំការ​បោះឆ្នោត​សំខាន់​មួយ​ទៀត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​ ​ដើម្បី​ជ្រើសតាំង​តំណាង​រាស្ត្រ​និង​គណបក្ស​គ្រប់​គ្រង​ប្រទេស។

គ.ជ.ប​ ​បាន​ប្រកាស​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត​ ​តែ​មិន​ទាន់​បាន​ ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​កាលពី​ឆ្នាំ​២០១៦​ ​និង​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ​ ​ប៉ុន្តែ​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​ ​ឬ​ទីសំណាក់​ថ្មី ត្រូវ​ត្រៀម​ខ្លួន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ​ជាមួយ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ​ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ​ ​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ ​នីតិកាល​ទី៦​ ​នៃ​រដ្ឋសភា​ ​ឆ្នាំ​២០១៨​ខាងមុខ៕

XS
SM
MD
LG