ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​អាទិត្យទី២៩​​ខែ​កក្កដា​ឆ្នាំ២០១៨​ជា​ថ្ងៃ​បោះឆ្នោត​ជាតិ


ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ចំពេល​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​គេ​មើល​ឃើញថា​ កំពុង​ស្ថិត​ក្នុង​ច្រក​ចង្អៀត​​នៃ​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​ខ្លួន​តា​មការ​ធ្វើ​វិសោធនកម្ម​លើក​ទីពីរ​នៃ​ច្បាប់​ស្តី​គណបក្ស​នយោបាយ​ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​កំណត់​យក​ថ្ងៃ​អាទិត្យ​ចុង​ក្រោយ​នៃ​ខែ​កក្កដា​ ឆ្នាំ២០១៨​ខាងមុន​ជា​ថ្ងៃ​បោះឆ្នោត​ជាតិ។

រដ្ឋាភិបាល​កម្ពុជា​ ​បាន​សម្រេច​យកថ្ងៃ​អាទិត្យ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ ជ្រើស​តាំង​តំណាងរាស្រ្ត សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ ស្រប​តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​បោះ​ឆ្នោត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប)។​

ការ​សម្រេច​យក​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ខាងមុខ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​កើត​មាន​ឡើង​នៅ​គ្រា​ដែល​បរិយាកាស​នយោបាយ​ក្នុង​ប្រទេស​ត្រូវ​ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​ មើល​ឃើញ​ថា​កំពុង​ស្ថិតក្នុង​ភាពអាប់​អួរ​ ដោយ​សារ​ការ​ធ្វើ​វិសោធនកម្ម​លើក​ទីពីរនៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។​

លោក​ ហង្ស​ ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប​ ​បាន​ប្រាប់​ VOA នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​គឺ​ស្រប​តាមច្បាប់​ស្តីពីការ​បោះឆ្នោត​ ដែល​កំណត់​ថា​ រដ្ឋាភិបាល​ត្រូវកំណត់​កាល​បរិច្ឆេទនៃ​ការ​បោះ​ឆ្នោត​ យ៉ាង​ហោច​ណាស់​ ៩​ខែ​មុន​ថ្ងៃ​បោះ​ឆ្នោត។​

«ច្បាប់​ចែងថា​ យ៉ាងហោច​៩ខែ​ហ្នឹង​ រដ្ឋាភិបាល​ ត្រូវ​ប្រកាសនូវ កាលបរិច្ឆេទ​នៃ​ថ្ងៃ​បោះឆ្នោត​បាទ»។

​អ្នក​នាំ​ពាក្យ ​គ.ជ.ប​. បាន​ឲ្យ​ដឹង​បន្តថា​ កាល​បរិច្ឆេទកំណត់​ដោយ​រដ្ឋាភិបាល​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ ​ការ​លុបចោលឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​បាត់​បង់​ជីវិត​ ការ​ចុះ​ឈ្មោះ​អ្នក​ដែល​មាន​វ័យ​១៨ឆ្នាំ​ និង​រៀបចំ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ផ្លាស់ប្តូរ​ទីលំ​នៅ។​

​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​ ត្រូវបាន​រៀបចំ​ឡើង​នៅថ្ងៃ​អាទិត្យ​ទី​ ២៨​ ខែកក្កដា​។ បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​គ្រា​នោះ​ត្រូវ​អ្នក​សង្កេត​ការណ៍​ការបោះឆ្នោត​និង​នយោបាយ​ក្នុង​ស្រុក​មើល​ឃើញ​ថា​ មាន​ភាព​តានតឹង​ ដោយ​ហេតុ​អតីតមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ ត្រូវ​បាន​រដ្ឋាភិបាល​ព្យា​យាម​បង្ខាំង​មិន​ឲ្យ​ចូល​ប្រទេស​ គ្រា​ដែល​អ្នក​នយោបាយ​រូប​នេះ​ ប្រឈមនឹង​ការ​ចាប់​ដាក់​ក្នុង​ពន្ធ​នាគារ ទាន់​ទិន​សំណុំរឿង​ដក​បង្គោល​ព្រំដែនកម្ពុជា​វៀតណាម។​ កំដៅ​នយោបាយ​បាន​កើន​ឡើងកាន់​តែខ្លាំង​ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ ឈ្នះ​អាសនៈជិត​ពាក់​កណ្តាល​ នៅ​រដ្ឋសភា​ដែល​មាន​អាសនៈ​ចំនួន​ ១២៣។ គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​បាន​ធ្វើ​ដំណើរ​ការ​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ​ជាប់​គាំង​ជិត​មួយ​ឆ្នាំ។ តែ​ក្រោយ​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ដែល​មាន​ការ​ផ្តល់​តំណែង​កំពូល​ក្នុងសភា​និង​បែង​ចែក​គណៈកម្មការ​ជំនាញក្នុង​សភា​ ការជាប់​គាំង​នយោបាយ​នោះ​ក៏​បាន​បញ្ចប់​ទៅ។​

​លោក យឿង​ សុធារ៉ា មន្ត្រី​ផ្នែកច្បាប់​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អាទិត្យ​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​លើក​ទី​ពីរ​នេះ​ជា​ការ​រឹតដ្បិត​ផ្លូវ​ដើរ​របស់​ក្រុម​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌។​

«វិសោធនកម្ម​ទៅ​លើ​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ហ្នឹង​ ហាក់​ដូច​ជា​ កំណត់​ផ្លូវ​តូច​ចង្អៀត​និង​មាន​បញ្ហា​ប្រឈម​ ហើយ​ពួក​គាត់​ខ្វះ​សេរីភាព​ ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​គាត់​ ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​គាត់​ ហើយ​សកម្មភាព​របស់​គាត់​ក៏ត្រូវ​តែ​ធ្វើក្នុង​ប្រយ័ត្ន​ប្រយែង​ ឬ​ក៏​ធ្វើ​ស្ថិតនៅក្នុង​គំនាប​ គិត​គ្រប់​ជំហាន​ ហើយ​ការ​ធ្វើ​បែប​នេះ​ គឺ​ថា​ជា​ ការ​ធ្វើ​ឲ្យ​គាត់​រួញ​តូច​ទៅ​នូវសិទ្ធិ​សេរីភាព​ ក្នុង​ការ​ចូលរួម​របស់​គាត់​ សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ ​ឬ​ក៏​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ស្មើភាព​គ្នា​រវាង​គណបក្ស​ទាំងឡាយ​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​សង្វៀន​ប្រជាធិបតេយ្យ»។​

ស្រប​គ្នា​នោះ​ដែរ​លោក​សំ គន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ (និច​ហ្វិច) លើក​ឡើង​ថា​ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មិនទាន់បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​បរិយាកាស​នយោបាយ​ក្នុងប្រទេស​នោះ​ទេ​ តែ​វា​ក៏​ជា​សញ្ញា​អវិជ្ជមាន​នៃ​ការ​ធ្លាក់​ចុះ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ។​

«វាៗ​ វាប៉ះពាល់​ អាចប៉ះពាល់​ តែគណបក្ស​នយោបាយ​ណ៎ា​បាទ​ ប៉ុន្តែ​មិន​ទាន់​មាន​អីធ្ងន់​ធ្ងរ​នៅ​ឡើយ​ទេ​ គឺគ្រាន់​តែថា​ គឺផ្នែក​អវិជ្ជមានមួយ​ដែល​ទាក់​ទិន​នឹង​សេរីភាព​ក្នុង​ការចូលរួមក្នុង​វិស័យ​នយោបាយ»។

លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​មាន​ប្រសាស​ន៍បន្ថែមថា​ បរិយាកាសន​យោបាយ​ល្អ​ ​ឬ​អាក្រក់​ មិន​អាច​បង្អាក់​ដំណើរ​ការ​ រៀបចំ​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​បានទេ។

«ការ​ឆ្លើយឆ្លង​ ឬ​ក៏​វោហាសាស្ត្រ​ នោះ​គឺ​ជា​ រឿង​របស់​អ្នក​នយោបាយ​ ដែល​ជាទូទៅ​ អ្នក​នយោបាយតែង​តែ​ឌឺដង​ដាក់​ឲ្យ​គ្នា​ មិន​ថា​ នៅប្រទេស​ទេ​ នៅប្រទេស​ផ្សេងៗ​ក៏​មានដូចគ្នា​ដែរ​បាទ។ ​អញ្ចឹង​សម្រាប់​ គ.ជ.​ប​ គឺ​ជា​ស្ថាប័ន​មួយ​ អនុវត្តន៍​ការងារ​បច្ចេក​ទេស​ ហើយ​ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ជា​កណ្តាល​រវាង​គណបក្ស​នយោបាយ​បាទ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ទាមទារ​ឲ្យគ.ជ.ប​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​តាម​ប្រទេស​នានា​ដែល​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ តែ​គ.ជ.ប​ជា​រឿយៗ​បាន​ប្រកែក​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ក្នុងការបង្កើត​ការិយាល័យ​យ៉ាង​ដូច្នោះ​ទេ​ហើយ​បាន​ពន្យល់​ថា ការ​បើក​ការិយាល័យ​នេះ​ អាច​ធ្វើ​ទៅបាន​ដរាប​ណា​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​រៀបចំ​បោះឆ្នោត​ជាតិ៕

XS
SM
MD
LG