ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប.​ចាប់​ផ្តើម​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត


មន្ត្រីជាន់​ខ្ពស់​គ.ជ.ប.​ធ្វើសន្និសីទ​​ផ្តល់​ព័ត៌មាន​អំពី​ការបោះឆ្នោត​។
គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ឬ​គ.ជ.ប.​នឹង​ចាប់ផ្តើម​យុទ្ធនា​ការចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះឆ្នោត​រយៈ​ពេល​២៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី១​ ខែមិថុនា​ខាង​មុខ​នេះ​តទៅ។​ ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​ពី​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ មណ្ឌល​បោះឆ្នោត ​និង​ពេល​វេលា​នៃ​ការ​បោះឆ្នោត។​

លោកទេព នីថា ​អគ្គលេខាធិការ​គ.ជ.ប.​បាន​ប្រាប់​ថា ​ប័ណ្ណ​ព័ត៌មាន​ជាង​៩​លាន​សន្លឹក​នឹង​ត្រូវ​ចែកជូន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ​នៅតាម​ភូមិ​ ឃុំ​របស់​ពួកគេ។​
«គឺ​យើង​ចង់​ជូន​ព័ត៌មាន​បន្ថែម​ទៀត​ដល់​អ្នក​បោះឆ្នោត។ ​ជា​ធម្មតា​ យើង​តែង​តែ​ធ្វើការ​ផ្សព្វផ្សាយ​ អប់រំ​ដល់​អ្នក​បោះឆ្នោត​ ជាពិសេស​មុន​ពេល​បោះឆ្នោត​តែម្តង»។​

យ៉ាងណាមិញ ​លោក​ហូ វ៉ាន់​ ​តំណាង​រាស្ត្រ​មកពី​គណបក្ស​សម រង្ស៊ី​ ប្រាប់​ឲ្យដឹង​ដែរ​ថា​ សម្រាប់​អាណត្តិ​មុនៗ​ ការចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​នេះ​មាន​ភាព​មិន​ប្រក្រតី ​និង​មាន​ភាព​លម្អៀង​ ដោយ​ហេតុ​ថា ​ការចែក​នោះ​ភាគច្រើន​ត្រូវ​ផ្តល់​ជូន​ដល់​អ្នក​បោះឆ្នោត​ដែល​ត្រូវ​គេ​សម្គាល់​ថា ​មាន​សមាណ​ចិត្ត​ទៅ​រក​គណបក្ស​កាន់​អំណាច។​
តំណាង​រាស្ត្រ​ដដែល​ស្នើ​សុំឲ្យ​ធ្វើ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ដោយ​គ្មាន​លម្អៀង​និង​ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង។​
«ឲ្យ​មាន​ការ​ចែក​ហ្នឹង​ កុំ​ឲ្យ​មាន​ការ​រើស​អើង​ឲ្យសោះ។​ កុំ​ថា ​អ្នកនេះ ​បក្ស​នេះ​ អ្នក​នោះ​បក្ស​នោះ។​ ហើយ​យើង​ត្រូវ​ចេះ​ហៅ​គ្នា​ធ្វើការ​រួមគ្នា​រវាង​គណ​បក្ស​ដទៃ​ទៀត»។​

លោក​ទេព នីថា​បញ្ជាក់​ថា​ ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​នឹងធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ដទៃ ​និង​សង្គម​ស៊ីវិល​ ដើម្បី​ធានា​ថា​ មាន​ភាព​សុក្រិត។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​ ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ពិត​ជា​មាន​សារៈ​សំខាន់ ​ដោយ​ហេតុថា វា​នឹង​ផ្តល់​ព័ត៌មាន​ចាំបាច់​ដល់​អ្នក​បោះឆ្នោត។​
លោក​គល់ បញ្ញា​លើក​ឡើង​ថា​ បញ្ហា​ដែល​បាន​កើត​មាន​នា​ពេល​កន្លងមក​នោះ​គឺ​ការ​ចែក​ប័ណ្ណ​នេះ​មិន​បាន​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​នោះ​ទេ។​
លោក​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ដែល​ចែក​មាន​ប្រសិទ្ធិភាព​បំផុត​នោះ​គឺ​មេភូមិ​ ក៏​ប៉ុន្តែ​មេភូមិ​ខ្លះ​ហាក់​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ។ ​ដូច្នោះ​គប្បី​មាន​ការ​ចូល​រួម​ពី​គណបក្ស​ផ្សេង​ទៀត ​ជាពិសេស​គណបក្ស​ប្រឆាំង​ដើម្បី​ធានា​ថា​ ប្រជាជន​ទាំង​អស់​ទទួល​បាន​ប័ណ្ណ​ទាំងនោះ។​

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិកាល​ទី៥ ​នៅ​ថ្ងៃទី​២៨ ​ខែ​កក្កដា​ខាង​មុខ​នេះ​ ដោយ​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​៨​នឹង​ចូលរួម​ប្រកួត​ប្រជែង។ ​ដោយ​ឡែក ​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៧​ ខែ​មិថុនាដល់​ថ្ងៃទី​២៦​ខែ​កក្កដា៕​
XS
SM
MD
LG