គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃពុធនេះ បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹងប្រឆាំងអតីតសមាជិកគណបក្សប្រឆាំងចំនួន៥នាក់ ក្នុងការថតនិងបង្ហោះរូបភាពម្រាមដៃស្អាតដោយពហិការមិនចូលរួមការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។
អតីតសមាជិកគណបក្សប្រឆាំងទាំង៥រូប ប្រចាំខេត្តបាត់ដំបង រួមមាន លោក ជា ជីវ លោក ថោង សារឿន លោក ម៉ាង ឈុន លោក ពៅ តាំង និងលោក គ្រុយ គឹមសាំង ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង សម្រេចពិន័យជាទឹកប្រាក់ចំនួន១០លានរៀលក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបងកាលពីចុងខែកក្កដា។
ក្រោយសវនាការជំនុំជម្រះជាសាធារណៈ ដែលមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្ដាប់ក្នុងបន្ទប់សវនាការ នៅថ្ងៃពុធនេះ គ.ជ.ប បានកែសម្រួលការផាកពិន័យខ្លះ សម្រាប់អតីតសមាជិកគណបក្សសង្គ្រោះជាតិ៤រូប។ ចំណែកឈ្មោះ ជា ជាវ អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង និងជាមនុស្សម្នាក់ក្នុងចំណោម ១១៧នាក់ផ្សេងទៀត ដែលត្រូវបានតុលាការកំពូលព្យួរសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ត្រូវរងការផាកពិន័យ១០លានរៀលដដែល។
សេចក្ដីសម្រេចរបស់ គ.ជ.ប ត្រូវបានសរសេរក្នុងន័យដើមថា៖
«ផាកពិន័យជាប្រាក់ចំនួន៥,០០០,០០០ (ប្រាំលាន) រៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង។ លើកលែងការផាកពិន័យចំពោះឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប ប្រាប់ VOA ក្រោយបញ្ចប់សវនាការថា ក្រោយការសម្រេចរបស់ គ.ជ.ប អ្នករងពិន័យដែលមិនសុខចិត្តនឹងការសម្រេច អាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជាបន្ត។
លោកបន្ថែមថា សម្រាប់លោក ជា ជីវ ដែលជាបុគ្គលស្ថិតក្នុងការព្យួរសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ អាចត្រូវប្រឈមនឹងនីតិវិធីផ្សេងបន្ថែមទៀតពីស្ថាប័នមិនមែន គ.ជ.ប។
លោកបញ្ជាក់ថា៖
«ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះពិនិត្យឃើញថា យុទ្ធនាការម្រាមដៃស្អាតនេះ វាជាចលនានយោបាយ គឺជាសកម្មភាពនយោបាយ នោះលោក ជា ជីវ នឹងស្ថិតនៅក្នុងចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធផ្សេងទៀតក្រៅពីគ.ជ.ប។ អញ្ចឹង គ.ជ.ប ដោះស្រាយតែបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតទេ ប៉ុន្តែបណ្ដឹងដែលពាក់ព័ន្ធនឹងការល្មើសនឹងសាលដីការបស់តុលាការកំពូល ជាការសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ច»។
ក្រៅពីអតីតសមាជិកគណបក្សប្រឆាំងក្នុងខេត្តបាត់ដំបងទាំង៥នាក់ ក៏នៅមានអតីតសមាជិកគណបក្សប្រឆាំង៥នាក់ផ្សេងទៀតក្នុងខេត្តកំពត កំពុងត្រូវបានបញ្ជូនសំណុំរឿងទៅ គ.ជ.ប ដើម្បីជំនុំជម្រះ ពាក់ព័ន្ធនឹងការចោទថាពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតនេះផងដែរ។
ក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់លើក្រុមពហិការមិនចូលរួមការបោះឆ្នោត ដែលលោកហៅថាជាក្រុម«ចលនានំបញ្ចុក»។
លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមពីររូបដែលការពារក្តីឲ្យអ្នកទាំង៥ បញ្ជាក់ថា លោកដែលជាមេធាវីតំណាងឲ្យអតីតសមាជិកគណបក្សប្រឆាំងដែលនៅជាប់ការផាកពិន័យ នឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជាបន្តដើម្បីពិនិត្យលើការសម្រេចរបស់ គ.ជ.ប។
លោកបញ្ជាក់ថា៖
«បើសិនជាមិនមានការដកក្នុងការផាកពិន័យ ឬក៏មិនមានការច្រានចោលនូវសេចក្ដីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តបាត់ដំបងទេ គឺកូនក្តីរបស់ខ្ញុំបាទទាំង៥នាក់នេះ ជាពិសេសអ្នកដែលនៅជាប់ពិន័យនេះ ប្រគល់សិទ្ធិឲ្យមេធាវី ដើម្បីធ្វើបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនូវសេចក្ដីសម្រេចរបស់ គ.ជ.ប ហើយឲ្យពិនិត្យ សេចក្ដីសម្រេចរបស់ គ.ជ.ប ឡើងវិញទាំងអស់តែម្ដង»។
មាត្រា១៤២នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលានរៀល) ទៅ ២០,០០០,០០០ (ម្ភៃលានរៀល) ដោយ គ.ជ.ប. ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិតដូចជា រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោតនិងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។
ក្រុមអ្នកឃ្លាំមើលសង្គម និងអ្នកច្បាប់សុទ្ធតែបានលើកឡើងថា ការថតម្រាមដៃបង្ហោះដោយខ្លួនឯង មិនមែនជាបទល្មើសដែលមានចែងក្នុងច្បាប់នោះទេ។ ក្រុមអ្នកឃ្លាំមើលសង្គមទាំងនោះ ក៏បានលើកឡើងថា ការអំពាវនាវ និងការបង្ហោះជាសារទាំងនោះ គ្រាន់តែជាការបញ្ចេញមតិ មិនមែនជាការគំរាមកំហែង និងមិនមែនជាការបង្ខិតបង្ខំណាមួយឡើយ៕