ក្រុមហ៊ុនជីវៈបច្ចេកវិទ្យា Novavax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ការសាកល្បងដំណាក់កាលទី ៣ នៃវ៉ាក់សាំងកូវីដ១៩ របស់ខ្លួន បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០% នៅក្នុងការបង្ការជំងឺកូវីដ១៩ និងផ្ដល់ការការពារបានល្អប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងថ្មី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ការសាកល្បងនេះមានអ្នកចូលរួមចំនួន ២៩.៩៦០ នាក់ នៅទីតាំងចំនួន ១១៩ កន្លែងនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក ដោយមានការផ្ដោតលើការជ្រើសរើសអ្នកចូលរួមពីសហគមន៍និងក្រុមប្រជាសាស្ត្រនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺនេះ។
ស្របពេលដែលតម្រូវការវ៉ាក់សាំងកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង តម្រូវការវ៉ាក់សាំងនេះនៅជុំវិញពិភពលោកនៅតែចាំបាច់ ដោយសារតែប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទើបតែចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំង ឬក៏មិនទាន់បានចាប់ផ្តើមនៅឡើយ។
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Novavax ដែលងាយស្រួលរក្សាទុកនិងដឹកជញ្ជូននេះ ត្រូវគេរំពឹងថា នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន The Associated Press លោក Stanley Erck នាយកប្រតិបត្តិក្រុមហ៊ុន Novavax បាននិយាយថា៖ «វ៉ាក់សាំងកូវីដ១៩ ដំបូងៗរបស់យើងជាច្រើនដូសនឹងត្រូវបញ្ជូនទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ នេះគឺជាគោលដៅដែលត្រូវចាប់ផ្តើម»។
លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាកំពូលផ្នែកជំងឺកូវីដ១៩ នៃសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់កាសែត The Washington Post ថា វ៉ាក់សាំងនេះ «ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត»។ លោកបាននិយាយថា វាជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពដូចទៅនឹងវ៉ាក់សាំងកូវីដ១៩ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតនានាដែលផលិតឡើងកន្លងមក។
លោក Fauci បញ្ជាក់ដូច្នេះថា៖ «វាជាការសំខាន់ខ្លាំងណាស់ដែលប្រជាពលរដ្ឋនៅលើពិភពលោកមានវ៉ាក់សាំងកូវីដ១៩ ដែលមានប្រសិទ្ធភាពខ្ពស់មួយទៀត ដែលការសាកល្បងកន្លងមករបស់វ៉ាក់សាំងនេះបានបង្ហាញថា វាមានសុវត្ថិភាពល្អ»។
ក្រុមហ៊ុន Novavax មានបំណងដាក់ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ នៅក្រោយការបញ្ចប់ដំណើរការត្រួតពិនិត្យគុណភាពវ៉ាក់សាំងនេះដំណាក់កាលចុងក្រោយដែលចាំបាច់ត្រូវធ្វើដើម្បីបំពេញទៅតាមលក្ខខណ្ឌតម្រូវផ្នែកគីមី ផលិតកម្ម និងការត្រួតពិនិត្យ៕