ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អង្គការ​អូតង់​ថា លោក Trump ធ្វើឱ្យ​សមាជិក​អូតង់​ប្រឈម​ហានិភ័យ​ដោយ​ការ​និយាយ​ថា​រុស្ស៊ី​អាច​«ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ»


អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump ថ្លែងនៅក្នុងវេទិការបស់សមាគម NRA នៅទីក្រុង Harrisburg រដ្ឋ Pennsylvania កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump ថ្លែងនៅក្នុងវេទិការបស់សមាគម NRA នៅទីក្រុង Harrisburg រដ្ឋ Pennsylvania កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​ព្រមាន​កាលពី​ថ្ងៃ​អាទិត្យ​ថា អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធ្វើ​ឱ្យ​សុវត្ថិភាព​របស់​ទាហាន​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ប្រឈម​នឹង​ហានិភ័យ បន្ទាប់ពី​លោក Trump ដែល​ជា​បេក្ខជន​នាំមុខ​នៅ​ក្នុង​ការ​ប្រជែង​តំណែង​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​នេះ បាន​និយាយ​ថា រុស្ស៊ី​គួរតែ​អាច​ធ្វើ «អ្វី​ដែល​ខ្លួន​ចង់​ធ្វើ» ចំពោះ​ប្រទេស​សមាជិក​អង្គការ​អូតង់​ណា​ដែល​មិន​បាន​បំពេញ​តាម​គោលដៅ​ចំណាយ​ផ្នែក​ការពារ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Stoltenberg បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ស្នើ​ណា​មួយ​ដែល​ថា​សម្ព័ន្ធមិត្ត​នឹង​មិន​ការពារ​គ្នា​ទៅវិញ​ទៅមក​គឺ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ទាំងអស់​របស់​យើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ និង​ធ្វើ​ឱ្យ​ទាហាន​អាមេរិកាំង​និង​ទាហាន​អឺរ៉ុប​កាន់តែ​ប្រឈម​នឹង​ហានិភ័យ»។

នៅ​ក្នុង​ការ​ថ្លែង​ក្នុង​ការ​ជួបជុំ​មួយ​ក្នុង​ទីក្រុង Conway រដ្ឋ South Carolina កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោក Trump បាន​រំឭក​ថា​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធានាធិបតី លោក​បាន​ប្រាប់​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​មួយ​ថា លោក​នឹង «លើកទឹកចិត្ត» ប្រទេស​រុស្ស៊ី​ឱ្យ​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ក្នុង​ករណី​ដែល​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​មិន​បង់​ចំណែក​របស់​ខ្លួន​សម្រាប់​ការ​ចំណាយ​របស់​អង្គការ​នេះ។

ការ​លើកឡើង​របស់​លោក Trump នេះ​បាន​បណ្ដាល​ឱ្យ​មាន​ក្ដី​បារម្ភ​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​កាលពី​អតីតកាល និង​ដែល​កំពុង​មាន​អារម្មណ៍​វិលវល់​ភ័យខ្លាច​ខ្លាំង​ទាក់ទិន​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាប់​ប្រទេស​ប៉ូឡូញ​នា​ពេល​បច្ចុប្បន្ន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG