អង្គការអូតង់ (NATO) នឹងបើកធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងពេលជាច្រើនទសវត្សរ៍កន្លងទៅនៅសប្តាហ៍ក្រោយ ដោយមានកងកម្លាំងចូលរួមសរុបប្រមាណ ៩ម៉ឺននាក់ ដោយសមយុទ្ធយោធានេះនឹងមានរយៈពេលជាច្រើនខែ ក្នុងបំណងបង្ហាញថា កម្លាំងសម្ព័ន្ធមិត្តអាចការពារបូរណភាពទឹកដីរបស់ខ្លួនរហូតដល់ព្រំដែនជាមួយប្រទេសរុស្ស៊ី។ នេះបើតាមក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
សមយុទ្ធនេះកើតមានឡើងខណៈពេលដែលសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកំពុងជាប់គាំងមិនទៅមុខ។ អង្គការអូតង់មិនពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះនេះឡើយ ដោយជួយរដ្ឋាភិបាលក្រុងកៀវមិនមែនជាអាវុធប្រល័យជីវិត បើទោះបីរដ្ឋជាសមាជិករបស់ខ្លួនជាច្រើន បានផ្តល់អាវុធយុទ្ធភណ្ឌនិងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែនតាមក្របខណ្ឌផ្ទាល់ខ្លួនឬជាក្រុម ឬផ្តល់ការហ្វឹកហាត់យោធាដល់អ៊ុយក្រែនក៏ដោយ។
អស់ពេលជាច្រើនខែមុនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឱ្យកងទ័ពរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ អង្គការអូតង់បានចាប់ផ្តើមបង្កើនសន្តិសុខនៅតំបន់ភាគខាងកើតជាប់រុស្ស៊ីនិងអ៊ុយក្រែនរួចទៅហើយ។ នេះជាការបង្កើនកម្លាំងដ៏ធំបំផុតរបស់ក្រុមសម្ព័ន្ធមិត្តក្រោយសង្គ្រាមត្រជាក់មក។ សមយុទ្ធយោធានេះ គឺក្នុងបំណងទប់ស្កាត់ជាមុនមិនឱ្យរុស្ស៊ីយកប្រទេសណាមួយដែលជាសមាជិករបស់ខ្លួនធ្វើជាគោលដៅវាយប្រហារនោះឡើយ។
សមយុទ្ធយោធានេះមានឈ្មោះថា «អ្នកការពារដ៏ស្មោះស្ម័គ្រឆ្នាំ ២០២៤ ឬ Steadfast Defender 24 នឹងបង្ហាញថា អង្គការអូតង់អាចធ្វើប្រតិបត្តិការដ៏ស្មុគ្រស្មាញចម្រុះក្នុងរយៈពេលជាច្រើនខែ ដោយឆ្លងកាត់ផ្ទៃដីរាប់ម៉ឺនគីឡូម៉ែត្រពីជ្រុងភាគខាងជើង ដល់ភាគកណ្តាល និងផ្នែកខាងកើតទ្វីបអឺរ៉ុប ទោះស្ថិតក្នុងលក្ខខណ្ឌបែបណាមួយក្តី។ នេះបើតាមការបញ្ជាក់របស់អង្គការសម្ព័ន្ធភាពយោធាមួយនេះ ដែលមានរដ្ឋជាសមាជិកចំនួន ៣១ប្រទេស។
កងកម្លាំងដែលចូលរួមក្នុងសមយុទ្ធយោធានេះ នឹងបម្លាស់ទីចុះឡើងនៅទូទាំងទ្វីបអឺរ៉ុបរហូតដល់ចុងខែឧសភា ក្នុងអ្វីដែលអង្គការអូតង់ពណ៌នាថា ជាសេណារីយ៉ូដែលរៀបចំដូចជាព្រឹត្តិការណ៍ជម្លោះកើតឡើងមែនទែន ជាមួយគូសត្រូវនៅក្បែរខាងខ្លួន។ នៅក្រោមច្បាប់ផែនការការពារជាតិថ្មីរបស់អង្គការអូតង់ គូសត្រូវដ៏ធំបំផុតរបស់ខ្លួននាពេលនេះគឺប្រទេសរុស្ស៊ីនិងក្រុមអង្គការភេរវម្មនានា៕
វេទិកាបញ្ចេញមតិ