អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សម្ព័ន្ធមិត្តមានទំនាក់ទំនងដ៏លំបាកជាមួយរដ្ឋបាលរបស់លោក Trump ហើយថា លោកមានការសន្ទនាដ៏លំបាកជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
ក្នុងអំឡុងពេលនៃសន្និសីទកាសែតរួមគ្នាមួយ ជាមួយលោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្ស៊ិក នៅឯទីស្នាក់ការធំរបស់អង្គការអូតង់ ក្នុងទីក្រុង Brussels លោក Stoltenberg ត្រូវបានគេសួរអំពីទំនាក់ទំនងរបស់លោកជាមួយរដ្ឋបាលរបស់លោក Trump និងថាតើលោកគិតថាសម្ព័ន្ធមិត្តនេះនឹងនៅរស់រានមានជីវិតដែរឬទេ។
លោក Stoltenberg បាននិយាយថា ថ្វីបើមានការខ្វែងគំនិតគ្នាជាមួយលោកនិងអង្គការអូតង់ ដែលអាចមានជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ បញ្ហាប្រឈមទាំងអស់នោះជាអ្វីដែលធ្វើឲ្យ «អង្គការអូតង់កាន់តែខ្លាំង»។ លោកបាននិយាយទៀតថា សម្ព័ន្ធមិត្តជានិច្ចកាលបានទទួលការគាំទ្រពីគណបក្សទាំង ២ នៅក្នុងសហរដ្ឋអាមេរិក ហើយនៅតែបន្ត។
ប្រធានអង្គការអូតង់បានបន្ថែមទៀតថា អង្គការអូតង់និងសហរដ្ឋអាមេរិកកំពុងធ្វើកិច្ចការជាមួយគ្នាយ៉ាងច្រើននៅពេលឥឡូវនេះ ជាងពួកគេធ្វើកាលពីប៉ុន្មានឆ្នាំមុនទៀត។
លោក Stoltenberg បាននិយាយបន្តទៀតថា៖ «យើងមានសមយុទ្ធកាន់តែច្រើនឡើង កងទ័ពសហរដ្ឋអាមេរិកកាន់តែច្រើនឡើងសកម្មភាពកើនឡើង សម្ព័ន្ធភាពអឺរ៉ុបនិងអាមេរិកខាងជើងរួមគ្នានៅតំបន់អឺរ៉ុប។ ដូច្នេះ ខ្ញុំគិតថា កម្លាំងនៃចំណងទាក់ទងឆ្លងកាត់មហាសមុទ្រ Atlantic ត្រូវបានបង្ហាញ តាមរយៈអ្វីដែលយើងបានធ្វើ»៕