នៅទីនេះ នៅឯសង្កាត់ដែលត្រូវបានគេហៅថា Grove ក្នុងឧទ្យាន Huntley Meadows អ្នកស្រុកបានប្រមូលផ្តុំគ្នាដើម្បីពិសាការ៉េមនៅខាងមុខផ្ទះដែលមានអាងហែលទឹកមួយ ហើយនិងដើម្បីស្គាល់គ្នាអោយបានច្បាស់និងជួយរក្សាសុវត្ថិភាពនៅក្នុងតំបន់រស់នៅ។
រាត្រីជួបជុំជាតិគឺជា ព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍ទីមួយនៃខែសីហាដើម្បីជួយទប់ស្កាត់ឧក្រិដ្ឋកម្មនានា។
នៅទូទាំងសហរដ្ឋអាមេរិក ប្រជាជនរាប់សែននាក់នៅក្នុងសហគមន៍រាប់ពាន់បានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធពិធីជប់លាងតាមតំបន់រស់នៅ ការចំអិនអាហារទទួលទានជួបជុំក្រៅផ្ទះ និងព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីលើកកម្ពស់ការសហការគ្នារវាងប្រជាជនតាមតំបន់រស់នៅនានា និងនគរបាល។
ប៉ូលិសឈាងចូលជាញឹកញយដើម្បីចូលរួមដូចជា មន្រ្តីប៉ូលិសលោក Anthony Patalena និងលោក Tyler Timberlake ដែលអ្នកទាំងពីរនេះដើរល្បាតសង្កាត់ដោយការជិះកង់។
លោក Timberlake និយាយថា លោកគិតថា រាត្រីជួបជុំជាតិគឺអស្ចារ្យណាស់ដោយសារតែ លោកអាចជួយប្រជាជនដែលមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេហើយវា « ធ្វើឲ្យយើងរៀនពីគ្នាជាមួយនឹងកុមារ»។ លោក Patalena យល់ស្របនៅពេលដែលគាត់ប្រគល់ផ្លាកសម្គាល់ដែលមានបិតក្រដាសពណ៌ប្រាក់នៅលើពាក្យ «មន្ត្រីថ្នាក់ក្រោម» ឲ្យទៅកុមារពាក់។
លោក Kenyatta Williams ដែលកូនប្រុសរបស់គាត់បានផ្លាកនិងមានឱកាសអង្គុយនៅពីក្រោយកង់រថយន្តរបស់ប៉ូលិសបាននិយាយថា នាងចូលចិត្តរាត្រីជួបជុំជាតិត្រង់ថា រាត្រីនេះ «អនុញ្ញាតឲ្យកុមារបាននិយាយជាមួយប៉ូលិសពីព្រោះជាធម្មតាពួកគេមិនអាចធ្វើដូច្នោះបានទេ»។
លោក Matt Peskin ដែលបានផ្តួចផ្តើមរាត្រីជួបជុំជាតិកាលពី៤២ឆ្នាំមុនបាននិយាយថា៖ «ភាគច្រើននៅពេលដែលនរណាម្នាក់ជួបជាមួយមន្រ្តីប៉ូលិស គឺវាស្ថិតនៅក្រោមកាលៈទេសៈអវិជ្ជមានដូចជាចោរលួច អគ្គិភ័យ ឬរឿងចរាចរណ៍។ អ្នកកំពុងជួបប្រជុំមន្រ្តីក្រោមកាលៈទេសៈវិជ្ជមានហើយទំនាក់ទំនងនេះគឺ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់បទល្មើសនិងរក្សាសុវត្ថិភាពក្នុងតំបន់។
លោកPeskin ដែលជាស្ថាបនិកនិងជាប្រធាននៃសមាគមជាតិនៃក្រុមឃ្លាំមើលទីក្រុង (National Association of Town Watch) បាននិយាយថា លោកមានគំនិតនេះនៅពេលដែលលោកសរសេរព្រឹត្តិប័ត្រឃ្លាំមើលសហគមន៍របស់គាត់។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៨០ លោក Peskin ពន្យល់ថា បទល្មើសក្នុងលំនៅដ្ឋានបានកើនឡើង ជាពិសេសការគាស់ផ្ទះដោយសារតែមនុស្សចាកចេញពីផ្ទះទៅធ្វើការ។ លោកបាននិយាយថា ផ្នត់គំនិតនៅពេលនោះ គឺឲ្យមនុស្សចាក់សោនៅក្នុងផ្ទះ ជាជាងរកវិធីដើម្បីទប់ស្កាត់បទល្មើសក្នុងកិច្ចសហការរួមរបស់សហគមន៍» ។
រាត្រីជួបជុំជាតិបានចាប់ផ្តើមដោយអ្នកជិតខាងចេញមកបើកភ្លើងរានហាលរបស់ពួកគេហើយអង្គុយនៅមុខផ្ទះ។
នាង Melissa Allen ដែលបានចូលមកញ៉ាំការ៉េមដើម្បីជួបជុំជាមួយប្តីនិងកូនប្រុសតូចពីរនាក់របស់នាងចូលចិត្តត្រង់ថា «សហគមន៍ជួបជុំគ្នាដើម្បីជួយការពារគ្នាទៅវិញទៅមក» ហើយថា «វាជាវិធីនៃការបង្ហាញដល់កូនរបស់នាងថា ពួកគេមិនចាំបាច់ខ្លាចប៉ូលិសនោះទេ»។
លោក Gary Kosciusko បានបន្ថែមថា វាបានផ្ដល់ឱកាសឲ្យលោកនិយាយជាមួយប៉ូលិសអំពីរូបគំនូរលើជញ្ជាំងផ្ទះរបស់ក្រុមក្មេងទំនើងនៅក្បែរសហគមន៍។ លោកនិយាយថា «សង្ឃឹមថា យើងអាចលុបរូបនោះចេញ ដូច្នេះវានឹងបង្អាក់សកម្មភាពក្រុមក្មេងទំនើងនៅក្នុងតំបន់នេះ»។
ស្ថានីយប៉ូលិសមួយចំនួនបានចាត់វិធានការបន្ថែមដើម្បីការពារមន្ត្រីរបស់ខ្លួនបន្ទាប់ពីមានការបាញ់ប្រហាររបស់ប៉ូលិសនៅរដ្ឋ Louisiana រដ្ឋ Minnesota និងរដ្ឋ Texas ។
លោក Robert Urps មន្រ្តីការពារឧក្រិដ្ឋកម្មនៅស្ថានីយ Mount Vernon ក្នុងក្រុង Fairfax Country បានឲ្យដឹងថា បើទោះបីជាលោកមិនគិតថា នឹងមានអ្វីកើតឡើងទាំងសុវត្ថិភាពឬបទល្មើសក្នុងសហគមន៍ក៏ដោយ មន្ត្រីប៉ូលិសចំនួនពីររូបត្រូវបានគេដាក់នៅក្នុងរថយន្តក្នុងពេលរាត្រីជួបជុំជាតិ «ដើម្បីសុវត្ថិភាពរបស់ពួកគេ»៕
ប្រែសម្រួលដោយ ផន បុប្ផា