មន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិចដែលបានឈ្នះអាសនៈរដ្ឋសភាចំនួន ៥ បានឱ្យដឹងថា គណបក្សត្រៀមខ្លួនរួចរាល់ ដើម្បីឈានទៅផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឱ្យស្របតាមការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា គឺជាអ្នកចូលរួមបង្កើតក្បាលម៉ាស៊ីនដឹកនាំស្ថាប័នរៀបចំការបោះឆ្នោត ដែលមាន ៩ រូប។ ច្បាប់នេះត្រូវបានកំណត់ កាលពីប្រមាណ ១០ ឆ្នាំមុន តាមការឯកភាពរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺត្រូវកំណត់ដោយគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា។ គណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា ត្រូវសម្របសម្រួលជាមួយគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីពិនិត្យជ្រើសរើសបេក្ខជនសមាជិក គ.ជ.ប ពីក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យស្នើសុំ។ នីតិវិធីបន្ទាប់គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវរៀបចំបញ្ជីសមាសភាព គ.ជ.ប ដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ចំពោះសមាសភាព ៩ រូបនៃ គ.ជ.ប គឺ ៤ រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ដែលបច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ ១២០ អាសនៈ និង ៤ រូបត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមជាមួយរដ្ឋាភិបាល គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលឈ្នះ ៥ អាសនៈ និង ១ រូបទៀត ត្រូវជ្រើសរើសដោយការព្រមព្រៀងរវាងគណបក្សទាំងពីរ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ចាម ប្រាប់វីអូអេថា គណបក្សរបស់លោកដែលដឹកនាំដោយព្រះអង្គម្ចាស់ ចក្រាវុធ ជាព្រះប្រធាន បានត្រៀមសមាសភាពរួចរាល់ ដើម្បីដាក់ទៅបម្រើការក្នុងស្ថាប័នរៀបចំការបោះឆ្នោត ដែលគណបក្សមានសិទ្ធិជ្រើសរើសសមាសភាព គ.ជ.ប ចំនួន ៤ រូប។ លោកបន្តថា នេះជាការឆ្លើយតបនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើឱ្យស្ថាប័ន គ.ជ.ប អាចទុកចិត្តបានពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «សមស្របទៅនឹងច្បាប់ដែរ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចាត់ឥស្សរជន ដែលជាតំណាងគណបក្សហ៊្វុនស៊ិនប៉ិច នឹងទៅចូលរួមនៅគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប។ ហើយក្នុងនោះដែរ គណបក្សហ៊្វុនស៊ិនប៉ិចយើង នឹងមានមន្ត្រីជាន់ខ្ពស់មួយចំនួន ដើម្បីធ្វើយ៉ាងណាប្រើប្រាស់ស្ថាប័ននេះ ឱ្យទៅមុខទៀត [គឺ]ជាពិសេសការបោះឆ្នោតខាងមុខហ្នឹង ប្រព្រឹត្តទៅដោយតម្លាភាព សេរីភាព និងអាចទទួលយកបាន»។
លោកយល់ថា ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប គឺជាការស្ថាប័នមួយកំណត់ជោគវាសនាការបោះឆ្នោត និងជោគវាសនាប្រទេសជាតិ។ ក្រៅពីនេះ លោក ញឿន រ៉ាដែន បញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិចមិនចូលរួមជាមួយរដ្ឋាភិបាលនោះទេ គឺមានន័យថាតំណាងរាស្ត្រទាំង ៥ រូប មិនទទួលយកតួនាទីណាមួយក្នុងស្ថាប័នរដ្ឋ និងក្រសួងឡើយ លើកលែងតែតួនាទីជាគណៈកម្មការរដ្ឋសភា តាមផ្នែកមួយចំនួន ដើម្បីចូលរួមពិនិត្យ និងដោះស្រាយការងារទាំងនោះ។
លោកបន្ថែមថា៖ «តំណាងរាស្ត្រ ៥ រូប អង្គនាក់នេះ គឺ ៤ រូបបានជាប់ជាសមាជិក[គណៈកម្មការរដ្ឋសភា] ជាការសម្រេចព្រះទ័យរបស់ព្រះអង្គ។ ហើយព្រះអង្គ លោកមិនបានចូលរួមក្នុងគណៈកម្មការណាមួយទេ ដោយសារតែព្រះអង្គសម្រេចព្រះទ័យធ្វើយ៉ាងម៉េចមានពេលវេលាគ្រប់គ្រាន់ ជាពិសេសដឹងហើយថា លោកជាព្រះប្រធានដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ហើយជាពិសេសលោកមានបេសកកម្មច្រើន ដើម្បីចុះជួបប្រជារាស្ត្រ»។
លោក សុខ ឥសាន អ្នកនាំពាក្យម្នាក់នៃគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា ការរៀបចំសមាសភាពទាំង ៩ រូប ដើម្បីដឹកនាំស្ថាប័ន គ.ជ.ប គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចជជែកពិភាក្សាគ្នា។
លោកថ្លែងថា៖ «ឥឡូវមានសមាសភាពនៅក្នុងសភាពីរគណបក្សហើយ។ អ៊ីចឹងខ្ញុំយល់ថា អាស្រ័យលើការពិភាក្សាគ្នា ស្រុះស្រួលគ្នារវាងគណបក្សទាំងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ក៏ប៉ុន្តែចំពោះកូតា ខ្ញុំយល់ថា មិនទាន់ដឹង បញ្ហាយ៉ាងណាទេ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ប្រាប់វីអូអេថាស្ថាប័នរដ្ឋសភា គឺជាអ្នកជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័ន គ.ជ.ប ទាំង ៩ រូបនេះ ដោយយោងតាមការជជែកគ្នារវាងគណបក្សមានសំឡេងក្នុងរដ្ឋសភា។
លោកបញ្ជាក់ថា៖ «យោងទៅតាមច្បាប់ [គឺ]សភាមានតួនាទីក្នុងការរៀបចំចាត់ចែងសមាសភាពក្បាលម៉ាស៊ីន គ.ជ.ប។ ហើយច្បាប់ចែងថា ៦ខែ ក្រោយសភាកកើតឡើង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបាននៅឡើយទេ។
កាលពីដើមឆ្នាំ ២០២៣ ពោលគឺនៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ ២០២៣ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានស្នើឱ្យមានការជ្រើសរើសសមាជិក គ.ជ.ប ថ្មី ដោយជ្រើសរើសអ្នកឯករាជ្យ ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងគោលដៅធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងពីម្ចាស់ឆ្នោត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លើកឡើងថា ការរៀបចំក្បាលម៉ាស៊ីនស្ថាប័ន គ.ជ.ប ត្រូវតែអនុលោមឱ្យស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែង។
លោកថ្លែងថា៖ «ប្រសិនបើគាត់មិនបានចូលរួមជាមួយរដ្ឋាភិបាលទេ គាត់នៅខាងក្រៅរដ្ឋាភិបាល មានន័យថា គាត់ត្រូវមានសមាសភាពចាំបាច់ណាស់ គាត់ត្រូវទទួលបាន ៤ [រូបជាក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប] នេះនៅក្នុងផ្លូវច្បាប់។ ប៉ុន្តែការជជែកគ្នាយ៉ាងម៉េច ខ្ញុំមិនដឹងទេ ប៉ុន្តែគ្រាន់ថា ទោះបីជជែកគ្នាប៉ុណ្ណាក៏ដោយ គេមិនអាចដើរខុសអំពីគោលការណ៍រដ្ឋធម្មនុញ្ញ ឬច្បាប់ដែលបានចែងទេ។ អ៊ីចឹងចាំបាច់ណាស់ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវទទួលបានសមាជិក ៤ រូប»។
លោកបន្ថែមថា សមាសភាពថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ត្រូវធ្វើឱ្យពលរដ្ឋមើលឃើញថា ឯករាជ្យ និងអព្យាក្រឹតដូចទៅនឹងគោលការណ៍ច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីបង្កើនការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សមាសភាពក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប ទាំង ៩ រូប មានអាណត្តិបំពេញការងាររយៈពេល ៥ ឆ្នាំ ប៉ុន្តែក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺសមាសភាពមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន។ នេះបើយោងតាមច្បាប់ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ឆ្នាំ ២០១៥។
ចំណែកនៅក្នុងអាណត្តិទី ៦ ដែលរដ្ឋសភាដឹកនាំដោយឯកបក្ស មិនមានការរៀបចំក្បាលម៉ាស៊ីន គ.ជ.ប ទាំង ៩ រូបថ្មីនោះទេ ដោយគ្រាន់តែផ្លាស់ប្តូរសមាសភាពដែលត្រូវចូលនិវត្តន៍។ បច្ចុប្បន្ននេះ លោក ប្រាជ្ញ ចន្ទ អតីតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រធានស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប៕