ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក​អនុម័ត​សេចក្ដី​សម្រេច​​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា


អនុ​គណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក កំពុងប្រជុំកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុម័តសេចក្តីសម្រេចចំនួន៤ រួមទាំងសេចក្តីសម្រេចលេខ ៧២៨ និង លេខ២១០។ (រូបថតដោយ ពិន ស៊ីសុវណ្ណ)
អនុ​គណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក កំពុងប្រជុំកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុម័តសេចក្តីសម្រេចចំនួន៤ រួមទាំងសេចក្តីសម្រេចលេខ ៧២៨ និង លេខ២១០។ (រូបថតដោយ ពិន ស៊ីសុវណ្ណ)

សេចក្ដី​សម្រេច​ចិត្ត​នេះ​ក៏​ថ្កោលទោស​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជំរុញ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

អនុ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​លេខ​៧២៨ ​ដែល​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចប់​រាល់​ការ​យាយី​និង​ការ​គំរាម​កំហែង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។​

លោក​ Matt Salmon​ ប្រធាន​អនុ​គណៈកម្មការ​នេះ​ បាន​ដឹកនាំ​សវនាការ​មួយ​ក្នុង​រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក ​កាល​ពី​រសៀល​ថ្ងៃ​ពុធ ​ទី៦​ ខែ​កក្កដា​នេះ​ ដើម្បី​បោះឆ្នោត​អនុម័ត​លើ​សេចក្ដី​សម្រេច​នេះ។​

ក្រុម​សមាជិក​សភា​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ​Alan Lowenthal ​បាន​ដាក់​សេចក្ដី​សម្រេច​លេខ​៧២៨​នេះជូន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ដើម្បី​បោះឆ្នោត​សម្រេច។​

ក្រៅ​ពី​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ឈប់​ការ​យាយី​និង​ការ​គំរាម​កំហែង​បក្ស​ប្រឆាំង​ហើយ​នោះ ​សេចក្ដី​សម្រេច​ចិត្ត​លេខ​៧២៨​នេះ​ក៏​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន​ទម្លាក់​បទ​ចោទប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ព្រមទាំង​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូល​រួម​ក្នុង​ដំណើរ​ការ​នយោបាយ ​ដោយ​សេរី​ឡើង​វិញ។​

សេចក្ដី​សម្រេច​ចិត្ត​នេះ​ក៏​ថ្កោលទោស​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជំរុញ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុងកើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។​

លោក Dana Rohrabacher ​ សមាជិក​សភា​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​ថ្លែង​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ត​នេះ ​ហើយ​បាន​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង ​ដូច​ដែល​លោក​ធ្លាប់​បាន​អំពាវនាវ​កន្លង​មក​ដែរ។​

«យើង​គួរ​ហៅ​សេចក្ដី​សម្រេចចិត្ត​ថា៖​ លោក​ហ៊ុន សែនដល់​ពេល​ចុះចេញ​ពី​តំណែង​ហើយ!​ ខណៈ​ពេល​ដែល​យើង​អនុម័ត​សេចក្តី​សម្រេច​នេះ ​ខ្ញុំ​សង្ឃឹម​ថា​ សារ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ដល់​លោក​ហ៊ុន សែន​ឲ្យ​ដឹង​ថា ​ដល់​ពេល​លោក​ត្រូវ​ចុះចេញ​ពី​តំណែង​ ហើយ​ដល់ពេល​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​មាន​សេរីភាព​ហើយ​ ដល់ពេល​ដែល​ត្រូវ​ប្តូរ​របប​ពុករលួយ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​របស់​លោក​ហ៊ុន សែន​មាន​បាននោះ​ហើយ»។​

អនុ​គណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក កំពុងប្រជុំកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុម័តសេចក្តីសម្រេចចំនួន៤ រួមទាំងសេចក្តីសម្រេចលេខ ៧២៨ និង លេខ២១០។ (រូបថតដោយ សាយ មុន្នី)
អនុ​គណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក កំពុងប្រជុំកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុម័តសេចក្តីសម្រេចចំនួន៤ រួមទាំងសេចក្តីសម្រេចលេខ ៧២៨ និង លេខ២១០។ (រូបថតដោយ សាយ មុន្នី)

សេចក្ដី​សម្រេច​ចិត្ត​លេខ​៧២៨ ​ដែល​ត្រូវ​បាន​អនុ​គណៈកម្មាធិការ​កិច្ចការ​បរទេស​អនុម័ត​នេះ ​ក៏​គាំទ្រ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

​ក្រោយ​ពី​ការ​អនុម័ត​សេចក្តី​សម្រេច​នេះ​ សមាជិក​សភាប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ពី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​គឺ​លោក​ Alan Lowenthal ​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​យ៉ាង​ដូច្នេះ​ថា៖​

«ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​យើង​ស្ថិត​នៅ​លើ​គន្លង​មួយ​ដែល​ផ្ញើ​សារ​មួយ​ថា​ យើង​ចង់​ឲ្យ​កម្ពុជា​ដក​ចេញ​ច្បាប់​បរិហារកេរ្តិ៍ ​ដែល​ដាក់​ទោស​ព្រហ្ម​ទណ្ឌ​លើ​គណបក្ស​ប្រឆាំង ​ហើយ​និង​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​សម្រេច​ចិត្ត​ថា​តើ​ពួកគេ​ចង់​បាន​នរណា​ជា​អ្នក​ដឹកនាំ»។​

សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​បន្ត​ទៀត ​មុន​នឹង​ត្រូវ​ដាក់​ជូន​អង្គ​សភា​ទាំងមូលពិនិត្យ​និង​សម្រេច​ក្នុង​ដំណាក់​កាល​បន្ទាប់​ទៀត។​

ក្រៅ​ពី​សេចក្ដី​សម្រេច​លេខ​៧២៨​នេះ​ អនុ​គណៈកម្មាធិការ​បរទេស​នៃ​សភា​អាមេរិក ​កាល​ពី​ថ្ងៃ​ពុធ ​ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច​ចំនួន​បី​ទៀត​ រួម​ទាំង​សេចក្ដី​សម្រេច​លេខ​២១០ ​ដែល​ទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ ​ឡាវ ​ម៉ុង ​និង​ម៉ុងតាញ៉ា ដែល​ប្រយុទ្ធ​ដើម្បី​សេរីភាព​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​បាន​ជួយ​គាំពារ ​និង​ការពារ​កងទ័ព​អាមេរិក​ ដែល​បាន​ប្រយុទ្ធ​ក្នុង​សម័យ​សង្គ្រាម​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ក្នុង​តំបន់​នោះ​ផង​ដែរ៕

XS
SM
MD
LG