ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ស្នើ​ក្រសួង​សុខាភិបាល​​ធ្វើ​តេស្ត​ក្រុមអ្នក​​តំណាងរាស្ត្រ​​រក​​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋសភា​ឯកបក្ស​របស់​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្នើ​សុំ​ក្រសួង​សុខាភិបាល​ ធ្វើ​តេស្តរក​មើល​វីរុសកូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩ ក្នុង​ចំណោម​សមាជិក​សភា​ជាង​១០០​នាក់​រួម​ទាំង​លោក​ ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​ទី៧​នៃ រដ្ឋសភា​ផង​ដែរ។​ នេះ​បើ​យោង​តាម​លិខិត​របស់​អគ្គលេខាធិការ​នៃ​រដ្ឋ​សភាផ្ញើ​ជូន​លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។

លិខិត​របស់​លោក ឡេង ប៉េងឡុង​ចុះ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​បាន​បញ្ជាក់​ថា៖ «យោង​តាម​សំណូម​ពរ​តំណាងរាស្ត្រ​ទាំង​អស់ សំណូម​ពរ​ក្រសួង​សុខាភិបាល​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ​១៩​នៅ​វិមាន​រដ្ឋសភា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ»។

ការស្នើ​របស់​រដ្ឋ​សភា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ្នកតំណាងរាស្ត្រ​ម្នាក់​គឺ​លោក ឡូយ សូផាត អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ធនាគារ ​និង​សវនកម្ម​ នៃ​រដ្ឋសភា បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​វិជ្ជមាន​កូវីដ​១៩។

នៅ​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា លោក ឡូយ សូផាត បាន​ចូលរួម​សម័យ​ប្រជុំ​ពេញ​អង្គ​ដែល​មាន​អ្នក​ចូលរួម​ចំនួន​១១៦​នាក់ ព្រម​ទាំង​មន្ត្រី​រដ្ឋសភា​និង​តំណាង​រដ្ឋាភិបាល​មួយ​ចំនួន​ផងដែរ។

បញ្ជី​ឈ្មោះ​ឥស្សរជន​និង​មន្ត្រី​ដែល​រដ្ឋសភា​ចាត់ទុក​ថា​មាន​ហានិភ័យ​មធ្យម​ក្នុងការ​ឆ្លង​កូវីដ​១៩​នេះ​រួម​មាន​ប្រធាន​រដ្ឋសភា​លោក ហេង​ សំរិន លោក ជាម យៀប លោក ឈាង វុន និង​លោក ហ៊ុន ណេង​ ដែល​ជា​បងប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ។

ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​១៧​នាក់​ក្នុង​នោះ​មាន​ទារក​អាយុ​៧ខែ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការឆ្លង​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​កាលពី​ថ្ងៃទី​២៨ ​ខែវិច្ឆិកា​នេះ៕

XS
SM
MD
LG