ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​បដិសេធ​មិន​បញ្ជូន​​លិខិត​កោះ​ហៅ​លោក ស ខេង មក​សាកសួរ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី


រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ ។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ ។ ​(ឡេង ឡែន/VOA)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សភា​ជាតិ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ច្រាន​ចោល​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​បាន​ស្នើ​ឲ្យ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ទៅ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក​ កែម​ ឡី។

មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ដាក់​លិខិត​របស់​អ្នក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដើម្បី​កោះ​ហៅ​លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៅ​បំភ្លឺ​នៅ​សភា​ ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​ លោក​ កែម ឡី​ ប្រធាន​សភា​ លោក​ ហេង​ សំរិន​ បាន​បដិសេធ​មិន​បញ្ជូន​លិខិត​នេះ​ ទៅ​លោក​ ស​ ខេង​ ដោយ​បាន​អះអាង​ពី​ការ​មិន​ជ្រៀត​ជ្រែក​ក្នុង​ស្ថាប័ន​តុលាការ។

ប៉ុន្តែ អ្នកវិភាគ​យល់​ថា​ អាច​នឹង​មាន​រឿង​ជាច្រើន​នៅ​ពីក្រោយ​ ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ទើប​សភា​រារាំង​មិន​ឲ្យ​មានការ​សួរ​នាំ​អំពី​ឃាតកម្ម​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សភា​ជាតិ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ច្រាន​ចោល​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​បាន​ស្នើ​ឲ្យ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ទៅ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក​ កែម​ ឡី។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋ​សភា​ និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​ច្រាន​ចោល​សំណើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដើម្បី​សួរ​ដេញ​ដោល​ លោក​ ស​ ខេង​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​នោះ​ កើតមាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ លោក​ អេង ឆៃអ៊ាង​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៅ​រដ្ឋសភា​បាន​ដាក់​លិខិត​កោះ​អញ្ជើញ​លោក​ ស ខេង​ តាម​រយៈ​លោក​ ហេង​ សំរិន​ ប្រធាន​សភា​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

លោក​ ឡេង​ ប៉េងឡុង​ អ្នក​នាំ​ពាក្យ​សភាជាតិ​ ប្រាប់​ VOAថា​ សភា​មិន​អាច​ធ្វើ​ការ​កោះ​អញ្ជើញ​ លោក ស ខេង​ មក​សួរ​នាំ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​ កែម​ ឡី នេះ​ទេ។

លោក​ថ្លែង​ថា​ ដោយ​ឈរ​លើ​គោលការណ៍​មិន​ជ្រៀត​ជ្រែក​ក្នុង​អំណាច​ទាំង​បី​របស់​រដ្ឋាភិបាល​ សភា​មិន​មាន​សិទ្ធិ​កោះ​ហៅ​ លោក ស ខេង​ បាន​នោះ​ឡើយ។

«នីតិ​ទាំង​បី​ហ្នឹង​គឺថា​ មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​របស់​សភា​ របស់​តុលាការ​បាន​ទេ។​ សភា​ក៏​ដោយ​ រដ្ឋាភិបាល​ក៏ដោយ​ មិន​អាច​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​បាន​ទេ។​ ដូច្នេះ​ហើយ​ បើ​សិន​ជា​សភា​បញ្ជូន​ទៅ​ គឺ​ថា​ អាច​បកស្រាយ​ថា​ ជា​ការ​ជ្រៀតជ្រែក​ដែរ»។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

​កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា លោក​ កែម​ ឡី​ អ្នកវិភាគ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ពីរ​គ្រាប់​ដោយ​បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​ទាំង​កណ្ដាល​ថ្ងៃ នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល​តិច (Caltex)​ នៅ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ក្រោយ​ការ​បាញ់​ប្រហារ​នោះ​ អាជ្ញាធរ​បាន​ចាប់​ជន​សង្ស័យ​ជា​ឃាតករ​ម្នាក់​ដែល​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់។

​លោក​ អេង​ ឆៃ​អ៊ាង​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ទី១​រដ្ឋ​សភា​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ប្រាប់​ VOA​ ថា​ រដ្ឋសភា​បាន​ធ្វើ​ខុស​ពី​នីតិវិធី​ក្នុង​ការ​ចេញ​មុខ​ រា​រាំង​ការ​ហៅ​លោក​ ស ខេង ​មក​បំភ្លឺ​នៅ​នីតិ​បញ្ញត្តិ​នេះ។

«រឿង​ហ្នឹង​វា​អត់​ត្រូវ​រដ្ឋសភា​ឆ្លើយ​ជំនួស​ទេ ត្រូវ​តែ​តំណាង​រដ្ឋាភិបាល​ហ្នឹង​ មក​ឆ្លើយ​ជំនួស​បាទ​រឿង​ហ្នឹង។​ បើ​ថា​ ផុត​សមត្ថកិច្ច​ អា​ហ្នឹង​ត្រូវ​មក​ឆ្លើយ​ប្រាប់​គណៈកម្មការ​ថា​ផុត​សមត្ថកិច្ច​ជា​ផ្លូវ​ការ​តាម​នីតិ​វិធី​ ដើម្បី​គណៈកម្មការ​ហ្នឹង​ នឹង​បន្ត​ការងារ​របស់​ខ្លួន​តទៅ​ទៀត​បាទ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ ហេង​ សំរិន​ បាន​សម្រេច​មិន​បញ្ជូន​លិខិត​របស់​លោក​ អេង​ ឆៃ​អ៊ាង​ ចុះ​ថ្ងៃ​ទី​ ២១​ ខែ​ធ្នូ​នេះ​ ដើម្បី​អញ្ជើញ​លោក​ ស ខេង​ មក​បំភ្លឺ​ករណី​ឃាតកម្ម​លើ​លោក​ កែម ឡី។

សេចក្ដី​ប្រកាស​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ការ​មិន​អាច​ហៅ​លោក​ ស ខេង​ បាន​នោះ​ គឺ​ដោយ​ហេតុ​ថា​ ករណី​លោក​ កែម​ ឡី​ នេះ​ បាន​ធ្លាក់​ទៅ​ក្នុង​សមត្ថកិច្ច​តុលាការ​តាំង​ពី​ដំណាក់កាល​ដំបូង​ និង​តាំង​ពី​យូរ​មក​ហើយ​ ហើយ​រដ្ឋសភា​ និង​រាជរដ្ឋាភិបាលពុំ​មាន​សិទ្ធិ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​តុលាការ​បាន​ទេ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ថ្លែង​ថា​ គណបក្ស​ប្រឆាំង​ នៅតែ​អាច​កោះ​ហោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ ដែល​អាច​បំភ្លឺ​អំពី​ការ​សម្លាប់​លោក​ កែម ឡី ​បាន​ដដែល។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

លោក​បញ្ជាក់​ថា​ គណបក្ស​ប្រឆាំង​អាច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ដែល​លោក​ជឿ​ថា​ នឹង​មាន​ការ​ផ្ដល់​ព័ត៌មាន​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​បំភ្លឺ​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ។

​«ខ្ញុំ​ជឿ​ថា​ បើ​សិន​ជា​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មក​ នឹង​មាន​ការ​ជជែក​គ្នា​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ហើយ​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាមួយ​គ្នា បើ​រឿង​ដែល​ត្រូវ​មក​បំភ្លឺ​ វា​អាច​ពាក់​ព័ន្ធ​គ្នា​ទាំង​សង​ខាង។​ ក៏​ប៉ុន្តែ​ ប្រសិន​បើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ មិន​ហ៊ាន​ឆ្លើយ​ មិន​ចូល​មក​ទៀត​ទេ​ សភា​នឹង​ការ​ពារ​ម្ដង​ទៀត។ អា​ហ្នឹង​ វា​កាន់​តែ​បង្ហាញ​ថា​ ករណី​ឃាតកម្ម​លើ​លោក​ កែម​ ឡី ​នេះ​ គឺ​ពិត​ជា​មាន​រឿង​ធំៗ​ ដែល​នៅ​ពីក្រោយ​ហ្នឹង​ទៀត​ មិន​មែន​រឿង​តូចតាច​ទេ។​ បើ​រឿង​តូច​តាច​ខ្ញុំ​គិត​ថា​ មិន​មាន​អី​ដែល​ត្រូវ​រុញ​គ្នា​ចុះឡើង​បែប​ហ្នឹង​បាទ»។

ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ផ្ដល់​ការ​អធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មាន​អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​ និង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​២០០​លាន​ដុល្លារ។

ឃាត​កម្ម​លើ​លោក​ កែម ឡី​ ត្រូវ​អ្នកវិភាគ​និយាយ​ថា​ ជា​ការ​ដាក់​សម្ពាធ​ធ្ងន់​មួយ​ទៀត​ទៅ​លើ​ក្រុម​ដែល​មិន​ពេញ​ចិត្ត​របៀប​របប​គ្រប់គ្រង​ប្រទេស​សព្វ​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​កាន់​តែ​មាន​ទៅ​ រីឯ​អ្នក​ក្រ ​កាន់​តែ​ក្រ​ខ្លាំង​ ដូច​ការ​លើកឡើង​របស់​លោក​ កែម​ ឡី​ កាល​គ្រា​លោក​នៅ​មាន​ជីវិត​ផង​ដែរ។

​រហូត​មកទល់​នឹង​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បង្ហាញ​ភស្តុតាង​ផ្សេង​ទៀត​ ក្រៅ​ពី​ការ​ចាប់​បាន​ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ​ ជួប​ សម្លាប់​ និង​អាវុធ​ប្រើ​ប្រាស់​សម្រាប់​ផ្ដាច់​ជីវិត​លោក​កែម ឡី​ នោះ​នៅ​ឡើយ​ទេ។

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ ឃាត​ករ​នេះ​បាន​សារភាព​ថា ខ្លួន​បាញ់​លោក​ កែម​ ឡី​ ដោយ​សារ​អ្នកវិភាគ​រូប​នេះ​ ជំពាក់​លុយ​ខ្លួន​ចំនួន​ ៣០០០​ដុល្លារ និង​មិន​ព្រម​សង។

ក៏​ប៉ុន្តែ​ ក្រុម​អ្នកវិភាគ និង​អ្នក​ធ្វើ​ការ​ក្នុង​កិច្ចការ​សង្គម មិន​បាន​ផ្ដល់​ជំនឿ​ចិត្ត​លើ​ការ​សារភាព​របស់​ជន​នេះ​ទេ​ ហើយ​ថា​ ក្រុម​គ្រួសារ​លោ​ក​ កែម​ ឡី​ នឹង​មិន​ទទួល​បាន​យុត្តិធម៌​ដូច​នឹង​ការ​ស្លាប់​របស់​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​លោក ជា​ វិជ្ជា​ និង​អ្នក​ការពារ​បរិស្ថាន​លោក ឈុត​ វុទ្ធី​ ដែរ៕

XS
SM
MD
LG