ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​ភរិយា​លោក ​កែម ឡី ​លើក​ទី២ដើម្បី​សាកសួរ​អំពី​រឿង​ឃាតកម្ម​លើ​ស្វាមី


រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​ (ឡេង ឡែន/VOA)

បើ​តាម​ព័ត៌មាន​ក្នុង​ស្រុក​​ អ្នកស្រី ប៊ូ រចនា​ នៅ​ពេល​នេះ​កំពុង​សម្រាក​សម្រាល​កូន​ប្រុស​ទី​៥​នៅ​ក្រៅ​ប្រទេស​បន្ទាប់ពី​អ្នកស្រី​បាន​ផ្តល់​កំណើត​កាលពី​​ថ្ងៃទី​២ ខែ​តុលានេះ​ និង​កំពុង​រៀប​ចំ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី៣។

សាលា​ដំបូង​រាជធានី​ភ្នំពេញកោះ​ហៅ​ភរិយា លោក កែម ឡី គឺអ្នកស្រី​ ប៊ូ រចនា ឲ្យ​ចូល​តុលាការ​ដើម្បី​សាកសួរ​នៅ​ថ្ងៃទី​១៧ ខែ​តុលា​ ឆ្នាំ​២០១៦ ក្នុង​នាម​ជា​ដើម​បណ្តឹង​ ស្រប​ពេល​អ្នកស្រី​លាក់​ខ្លួនសម្រាល​កូននៅ​ប្រទេស​ទី២។

បើ​តាម​ដីកា​កោះ​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ សេង លាង ​បាន​កោះ​ហៅ​អ្នកស្រី ប៊ូ​ រចនា ជា​លើក​ទី​២ ឲ្យ​ចូល​តុលាការ​នៅ​វេលាម៉ោង​២ និង ៣០នាទី​រសៀល​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ឃាត​កម្ម​គិត​ទុក​ជាមុន​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ​ក្នុង​ករណី​ឃាត​កម្ម​លើ​លោក ​កែម ឡី។ ​

បើ​តាម​ព័ត៌មាន​ក្នុង​ស្រុក អ្នកស្រី ប៊ូ រចនា​ នៅ​ពេល​នេះ​កំពុង​សម្រាក​សម្រាល​កូន​ប្រុស​ទី​៥​នៅ​ក្រៅ​ប្រទេស​បន្ទាប់ពី​អ្នកស្រី​បាន​ផ្តល់​កំណើត​កាលពីថ្ងៃទី​២ ខែ​តុលានេះ​ និង​កំពុង​រៀប​ចំ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី៣។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយពី​អ្នកស្រី​ ប៊ូ រចនា​ បាន​ទេ។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​លី សុផាណា​ ប្រាប់ ​VOA​ តាម​រយៈ​សារ​អេឡិច​ត្រូនិចតេឡេក្រាម​ថា ​ចៅក្រម​ស៊ើបសួរ​នឹង​ពិនិត្យ​សម្រេច​អំពីការ​ស្តាប់​ចម្លើយ​របស់​ដើម​បណ្តឹង​នៅថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ជា​មុន​ដើម្បី​បន្តអនុវត្ត​នីតិវិធី​បន្ទាប់​ទៀត​។

លោក​បន្ថែម​តាមសម្រង់​សម្តី​ដើម​ថា​៖ «យើង​ត្រូវ​រង់ចាំ​ដល់​កាល​បរិច្ឆេទ​នៃ​ការ​ស្តាប់​ចម្លើយ​សិន ទើប​ដឹង​ថា​ចៅ​ក្រម​ស៊ើប​សួរ​នឹង​មាន​ចំណាត់ការ​អ្វី​ទៀត​ចំពោះ​ករណី​នេះ​»។

ពាក់ព័ន្ធ​នឹង​ការ​កោះ​ហៅ​អ្នកស្រី​ ប៊ូ រចនា ​ឲ្យ​ចូល​បំភ្លឺនេះ​ លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​ VOA ថា ចំណាត់​ការ​របស់​តុលា​ការ​ហាក់​មានភាព​យឺតយ៉ាវ​ខ្លាំង​ពេកក្នុងការ​កោះហៅ​ដើម​បណ្តឹង​មក​សាក​សួរ​ក្នុង​ពេល​នេះ។

លោក​បញ្ជាក់ថា៖ «​គឺគ្រាន់តែជាការ​បង្រ្គប់​នីតិវិធីនូវ​ដំណើរ​ការ​នៃ​ចៅ​ក្រម​ស៊ើប​សួរ​នៅ​ក្នុង​តុលាការ ដើម្បី​ឈានទៅដល់​ការ​បិទ​ការ​ស៊ើប​សួរ ហើយ​បញ្ជូនទៅធ្វើ​ការ​ជំនុំជម្រះតែប៉ុណ្ណឹងទេ។​ វាមានរយៈ​ពេលថា​ក្បែរ​នឹង​បី​ខែទៅហើយ​ វាជា​រឿង​យឺតពេល​បន្តិច​ ពីព្រោះតាម​ពិត​ទៅដើម​បណ្តឹង​រដ្ឋប្បវេណីគួរ​តែកោះ​ហៅ​ភ្លាមៗដែរ​ បន្ទាប់ពី​កើត​ហេតុ​រឿង​ដែលបាន​កើត​ឡើង​នោះ​បាទ»។

លោក​បន្ថែម​ថា តុលាការ​នៅ​តែ​ត្រូវ​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ បើ​ទោះជា​អ្នកស្រី ​ប៊ូ រចនា​ ដែល​ជាដើមបណ្តឹងមិនបាន​ចូល​បំភ្លឺតាម​ការ​កោះ​ហៅ​ក៏​ដោយ។ ​

អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​លោក​បណ្ឌិត ​កែម ឡី ត្រូវ​បាន​ខ្មាន់កំាភ្លើង​បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ​ជា​៩ព្រឹក ​ក្នុងហាងស្តារម៉ាតលក់ទំនិញ​មួយ​កន្លែង​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានីភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​កន្លង​ទៅ។​ ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នកសារ​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់អង្គការ​ Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ។​ ​

រយៈ​ពេល​ជិត​៣ខែ​ក្រោយ​ការ​បាញ់​សម្លាប់​រហូត​មកដល់​ពេល​នេះ​ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ពីតម្រុយ​អ្វីថ្មី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​នៅឡើយ​ទេ​។ តែគេ​ឃើញ​ពី​ភស្តុតាង​ដាក់​បន្ទុក​បុរសម្នាក់​ដែល​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ ​ជួប សំលាប់ ​និង​បាន​បញ្ជាក់​ថា​ការ​សម្លាប់​នេះ​ដោយសារ​លោក​ កែម ឡី ជំពាក់​លុយខ្លួន​ចំនួន៣​ពាន់​ដុល្លារ​អាមេរិក។ ​ភរិយា​របស់​លោក​ កែម ឡី ​បាន​ច្រាន​ចោល​រឿង​ជំពាក់​លុយ ​និង​ចាត់​ទុក​ករណី​នេះ​ថា​ជា​រឿង​នយោបាយ​។

ចំណែក​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​ស្តារម៉ាត ដែល​អាជ្ញាធរ​បាន​ដក​យក​ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នោះ​ នៅ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជូន​សាធារណជន​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG