ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​មេបញ្ជាការ​កងទ័ព​បញ្ជា​ឲ្យ​ចល័ត​រថក្រោះ​២២​គ្រឿង​ចូល​បន្ទាយ​ភ្នំពេញ​វិញ​ ក្រោយចប់សមយុទ្ធ


រូបឯកសារ៖ ទាហានចិនអង្គុយលើរថក្រោះ ខណៈពួកគេចូលរួមសមយុទ្ធ «នាគមាសឆ្នាំ ២០១៨» នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ទាហានចិនអង្គុយលើរថក្រោះ ខណៈពួកគេចូលរួមសមយុទ្ធ «នាគមាសឆ្នាំ ២០១៨» នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

អគ្គមេ​បញ្ជាការ​កងទ័ព​កម្ពុជា​នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន​ បាន​បញ្ជា​ឲ្យ​មាន​ការ​ចល័ត​រថក្រោះ​និង​រថពាស​ដែក ​ចំនួន​២២​គ្រឿង ​ពីខេត្ត​កំពត​ចូល​មក​កាន់​បន្ទាយ​នៅជាយ​ក្រុង​ភ្នំពេញវិញ​ ចាប់​ផ្តើម​ពី​ថ្ងៃសុក្រ​នេះ។ ​នេះបើ​តាម​បទបញ្ជា​មួយ​ដែល ​VOA ​ទទួល​បាន​ចុះ​ថ្ងៃទី​៩ ខែ​មេសា ​ឆ្នាំ​២០២០។

នៅ​ក្នុង​បទបញ្ជា​ដែល​ចុះហត្ថ​លេខា ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍​ វង្ស ពិសេន​ ដដែល​បានបញ្ជាក់​ឲ្យ​ដឹង‌​ថា៖

«យោង​តាម​សេចក្តី​ត្រូវការ​ចាំបាច់​ចំពោះមុខ​ «បញ្ជា» ​មេ​បញ្ជាការ​កងទ័ព​ជើងគោក​ត្រូវ​ធ្វើការចល័ត​រថក្រោះ​ប្រភេទ ​T 55 ​ចំនួន​១០គ្រឿង ​និង​រថពាស​ដែក​ប្រភេទ ​BMP-1​ ចំនួន ​១២​គ្រឿង ពី​សាលា​ហ្វឹកហ្វឺន​តេជោសែន​ជុំគីរី​ ស្ថិត​នៅភូមិ​ត្រពាំងវែង​ ឃុំ​ត្រពាំងរាំង​ ស្រុក​ជុំគីរី​ ខេត្ត​កំពត មក​ទី​បញ្ជាការ​កង​ពលតូច​លេខ​ ៧០​ ស្ថិត​នៅភូមិ​ព្រៃព្រីង​ខាងត្បូង២ ​សង្កាត់​ចោមចៅ៣​ ខណ្ឌ ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​វិលចូល​អង្គភាព​ដើម​វិញ»។

ការ​បរិច្ឆេទ​នៃការ​ចល័ត​រថក្រោះ​នេះ ​គឺចាប់​ពីថ្ងៃ​ទី១០​ ដល់​ ថ្ងៃទី១១ ​ខែមេសា។ ​ការ​ចល័តរថក្រោះ​ចូល​បន្ទាយ​វិញ​នេះ​ គឺក្រោយ​ពេល​ដែល​សមយុទ្ធ​យោធា​នាគមាស​ ឬ ​Golden Dragon ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ចំនួន​ ២សប្តាហ៍ ​រវាង​កងទ័ព​ចិន​និង​កម្ពុជា​បាន​បញ្ចប់​ កាលពីថ្ងៃទី​៣០ ​ខែ​មីនា ​ក្នុងពេល​វីរុស​កូរ៉ូណា​កំពុង​ឆ្លង​រាលដាល​ពាសពេញ​ពិភព​លោក។

បទបញ្ជា​នៃការ​ចល័ត​រថក្រោះ​នេះ​ដែរ​ក៏​កើត​ឡើង​ដំណាល​គ្នា ​ដែលមាន​បទបញ្ជា​របស់​លោក នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែលមាន​ការដាក់​កំហិត​នៃការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ និង​កម្មករនៅក្នុង​ប្រទេស​ពីខេត្ត​មួយ​ទៅមួយ ​ចាប់ពី​ម៉ោង​១២យប់ ​ថ្ងៃទី​៩ ​ខែមេសា​ ដល់​ពាក់​កណ្តាល​យប់ ថ្ងៃទី​១៦ ​ខែ​មេសា​ ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល ដោយសារ​ការ​ទប់ស្កាត់​ការបង្ការ​មិនឲ្យ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ ដល់​ពលរដ្ឋ​និង​សហគមន៍៕

XS
SM
MD
LG