ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់


រូបឯកសារ៖ លោក ស៊ុន ចន្ធី​ សហស្ថាបនិក​និង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ចូលរួមក្នុងកម្មវិធីមួយរបស់គណបក្ស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/National Power Party)
រូបឯកសារ៖ លោក ស៊ុន ចន្ធី​ សហស្ថាបនិក​និង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ចូលរួមក្នុងកម្មវិធីមួយរបស់គណបក្ស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/National Power Party)

មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។ នេះ​បើតាម​មេធាវី​ការពារ​ក្តី​លោក ជួង ជូងី។

លោក ជួង ជូងី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សោរ៍​នេះ​ថា​ លោក ស៊ុន ចន្ធី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ចំពោះ​ការ​ថ្លែង​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​ចែក​បណ្ណ​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​បញ្ហា​ផ្សេង​ទៀត ក្នុង​ពេល​លោក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន ទី​ដែល​លោក​បាន​ជួប​ជាមួយ​សកម្ម​ជន​និង​អ្នក​គាំទ្រ​របស់​លោក។ លោកមេធាវីបាន​បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ និងការបញ្ជូន​កូន​ក្តី​របស់​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៃ​ខេត្ត​ពោធិ៍សាត់។

ភរិយា​របស់​ លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន អាយុ​៣៣​ឆ្នាំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍​សាត់​កាល​ពី​យប់​ថ្ងៃ​សុក្រ ក្រោយ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។ អ្នកស្រី​បន្ថែម​ថា​អ្នកស្រី​បាន​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ហើយ​លោក ស៊ុន ចន្ធី បាន​ផ្តាំ​ផ្ញើ​ឱ្យក្រុម​គ្រួសារ​ និង​សមាជិក​សមាជិកា​រក្សា​ភាព​«រឹង​មាំ»និង​បន្ត​ការងារនយោបាយ​ទៅ​មុខ​ទៀត។

អ្នកស្រី​បញ្ជាក់​ថា៖ «ស្មារតី​គាត់ គឺ​គាត់​រឹងមាំ គាត់​មិន​តក់​ស្លុត​ទេ»។

អ្នកស្រីចាត់​ទុក​ការ​ចោទ​ប្រកាន់​ស្វាមីថា«អយុត្តិធម៌» ព្រោះ​ស្វាមី​របស់​អ្នកស្រី​គ្រាន់​តែ​និយាយ​ការ​ពិត​អំពី​បញ្ហា​សង្គម ហើយ​វា​ជា​សេរីភាព​របស់​លោក​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​វា​អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ ដែល​[នគរបាល]ឃាត់​ខ្លួន​គាត់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

ក្នុង​ពេល​ជួប​សកម្មជន​និង​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ឧសភា ​លោក​ ស៊ុន ចន្ធី ​បាន​ថ្លែង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែល​មាន​រយៈ​ពេល​២​ម៉ោង​និង​៤០​នាទី។លោក​បាន​លើក​ឡើង​ថា៖ ​«គេ​ថា​ បើ​អត់​បោះ​ឆ្នោត​ឱ្យ​គេ​ទេ ​គេ​អត់​ឱ្យ​ដើរ​លើ​ផ្លូវ​ហ្នឹង​ទេ។​ គេ​អត់​ឱ្យ​កូន​ទៅ​រៀន​ទេ។​ គេ​អត់​ឱ្យ​បណ្ណ​ក្រីក្រ​ទេ។​ អ្នក​ឯង​ឈឺ​ទៅ​ពេទ្យ គេ​អត់​យក​ចិត្ត​ទុក​ដាក់​ទេ។​ អ្នក​ឯង​ទៅ​សាលា​ឃុំ​ស៊ីញ៉េ​ឯកសារ​ គេ​អត់​ស៊ី​ញ៉េ​ឱ្យ​ទេ​ តែ​គាត់​ថា​ អត់​តក់​ស្លុត ​អ្ហែង​អត់​ឱ្យ​ក៏​ហី​ទៅ!​ អញ​បោះ​ឱ្យ​ភ្លើង​ទៀន​ ពេល​ភ្លើង​ទៀន​ឈ្នះ​ឆ្នោត ​អញ​ចង់​បាន​អី​ក៏​បាន»។

ការ​ថ្លែង​នេះ​ទំនង​ត្រូវ​បាន​នគរ​បាល​និង​តុលាការ​ប្រើប្រាស់​ដើម្បី​ឃាត់​ខ្លួន ​លោក ​ស៊ុន ចន្ធី ​ភ្លាមៗ​ នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ពេល​លោក​ត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។

ក្រោយ​ការ​ចាប់​ខ្លួន ​លោក ​ស៊ុន ចន្ធី ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​លោក ស៊ុន ចន្ធី ​អាយុ​៤៤​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​លោក​ធ្វើ​សកម្មភាព​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​ឧសភា​ ឆ្នាំ​២០២៤ ​ពេល​ចុះ​ជួប​ជាមួយ​សមាជិក ​សមាជិកា ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ប្រទេស​ជប៉ុន​ ហើយ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម។ តុលាការ​បញ្ជាក់​ថា​ព័ត៌មាន​ដែល​បង្ហោះ​នោះ​«បាន​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត ​ចំពោះ​រាជ​រដ្ឋាភិបាល​លើ​ការ​ចែក​បណ្ណ​ក្រីក្រ​ថា​ មាន​ការ​រើស​អើង ​និង​មាន​ភាព​លម្អៀង​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ​ព្រម​ទាំង​បាន​មួល​បង្កាច់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន​ នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​និង​សណ្តាប់​ធ្នាប់​សាធារណៈ»។

គណបក្ស​កម្លាំង​ជាតិ​បាន​ចាត់​ទុក​ថាការ​ចាប់​ខ្លួន​ លោក​ ស៊ុន ចន្ធី ​គឺ​ជា​«ការ​គំរាម​កំហែង ​បំភិត​បំភ័យ​និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ចុះ​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤។​

គណបក្ស​កម្លាំង​ជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ លោក ​ស៊ុន ចន្ធី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ ​ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ ​សម្រាប់​គណបក្ស​កម្លាំង​ជាតិ ​ក្នុង​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​សេរីភាព ​និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

លោក ​ស៊ុន ចន្ធី ​អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់​ធំ​របស់​គណបក្ស​ភ្លើង​ទៀន​បាន​លា​លែង​ពី​សមាជិក​ភាព​ពី​គណបក្ស​ភ្លើងទៀន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ ​២០២៣ ហើយ​លោក​បាន​បង្កើត​គណ​បក្ស​ថ្មី​មួយ​ឈ្មោះ​ថាគណបក្ស​កម្លាំង​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG